«Crash Landing On You» ល្បីសុខៗ ស្រាប់តែ​មាន​ពាក្យរិះគន់ថា លើកកូរ៉េខាងជើង​ខ្លាំងទៅវិញ

  • 2020-01-23 03:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​កូរ៉េ​ថ្មី​មាន​ចំណងជើង​ថា​ «Crash Landing On You» កំពុង​វាយលុក​ពេញ​ទ្វីបអាស៊ី អង្រួន​ចិត្ត​មនុស្ស​ជា​ច្រើន​តាមដាន​ទស្សនា​ជា​បន្តបន្ទាប់ ប៉ុន្តែ​ស្រាប់​តែ​ពេល​នេះ​ លេច​ឮ​ដំណឹង​ថា​ រឿង​នេះ​កំពុង​ត្រូវ​បាន​គេ​រិះគន់ទៅវិញ។

នៅ​ថ្ងៃ​ទី ២២ ខែមករា​នេះ​ ខាង​ក្រុម​ភ្នាក់ងារប៉ូលីស Seoul Metropolitan Police Agency បាន​ប្រកាស​ជា​សាធារណៈ​ថា​ គណបក្ស​ Christian Liberal Party របស់​កូរ៉េ​ខាងត្បូង​ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ទូរទស្សន៍ tvN ដែល​បាន​លើក​ពីភាព​ល្អ​របស់​ប្រទេស​កូរ៉េ​ខាងជើង​ជ្រុល​ពេក និង​អួត​កងទ័ព​របស់​ប្រទេស​នេះ​សុទ្ធ​តែ​ជា​ឥស្សរជន​ជាន់ខ្ពស់។

រឿង​ភាគ​ដែល​សម្ដែង​ដោយ​ Hyun Bin និង​ Son Ye Jin នេះ​ គឺ​ជា​ខ្សែភាពយន្ត​ដែល​បង្កប់​នូវ​រឿង​រ៉ាវ​ស្នេហា រវាង​នារី​អ្នក​ស្នងមរតក​ម្នាក់​ ដែល​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​កូរ៉េ​ខាងជើង​ ដោយសារ​តែ​គ្រោះ​ថ្នាក់​ចៃដន្យពីការ​លោតឆ័ត្រយោង​មួយ ជាមួយ​នឹង​មន្ត្រី​ម្នាក់​ដែល​ចាំជួយ​ការពារ​នាង។ មួយ​វិញ​ទៀត​ «Crash Landing On You» ក៏បាន​បង្ហាញ​ពីជីវិត​រស់នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​ដែរ។

ចំពោះ​កង្វល់​ទាក់ទង​នឹង​បញ្ហា​ខាង​លើ​វិញ​ វា​បាន​កើត​ឡើង​តាំង​ពី​មុន​រឿង​ចាក់​ផ្សាយ​ម្ល៉េះ​ ប៉ុន្តែ​ផលិតករ​ Lee Jung Hyo បាន​បញ្ជាក់​ថា​ លោក​ចង់​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រឿង​ភាគ​មួយ​ដែល​បង្ហាញ​ពី ទំហំ​ស្នេហា​របស់​គូស្នេហ៍​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ គណបក្ស​ដដែល​ខាង​លើ នៅ​តែ​ចោទ​ថា​រឿង​នេះ​ ពិត​ជា​រំលោភ​លើច្បាប់​សន្តិសុខ​ជាតិ​ទៅវិញ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម