អង្គការ WWF ប្រកាសគាំទ្ររដ្ឋាភិបាលចិនចំពោះការហាមឃាត់ជាបណ្ដោះអាសន្នលើការជួញដូរសត្វព្រៃ ក្រោយផ្ទុះខ្លាំងនៃការឆ្លងវីរុសកូរ៉ូណា

  • 2020-01-29 02:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ប្រចាំនៅកម្ពុជាបានប្រកាសគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលចិន ដែលបានដាក់ចេញវិធានការបណ្ដោះអាសន្ននូវការហាមឃាត់លើការជួញដូរសត្វព្រៃ ក្រោយសង្ស័យជាមូលហេតុនាំឲ្យកើតមាន នៃការឆ្លងវីរុសកូរ៉ូណា។ សេចក្ដីសម្រេចគាំទ្រនេះ ធ្វើឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានមួយរបស់ អង្គការ WWF ប្រចាំនៅកម្ពុជា ដែលបានផ្ញើមកកាន់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ។

សូមចុចអាន៖* ចិនចាប់ផ្ដើមចេញយុទ្ធនាការបង្ក្រាបការជួញដូរសត្វព្រៃ ក្រោយផ្ទុះជំងឺឆ្លងកាចសាហាវ

រូបភាព៖ CNN

នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានរៀបរាប់ថា “យើងខ្ញុំពិតជាមានសេចក្តីក្រៀមក្រំណាស់ចំពោះការបាត់បង់ជីវិតមនុស្សដោយសារការផ្ទុះឡើងនូវ វីរុសកូរ៉ូណា ហើយយើងខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលបានបាត់បង់សមាជិកជាទីស្រលាញ់ និងជនរងគ្រោះដោយការឆ្លងជំងឺនេះ”។

ប្រភពដដែលបានសរសេរទៀតថា ក្នុងពេលថ្មីៗនេះ រដ្ឋបាលជាតិព្រៃឈើ នៃប្រទេសចិន (NFGA) បានអនុវត្តវិធានការមួយចំនួនក្នុងការគ្រប់គ្រង និងបង្ការការឆ្លងរាលដាលនៃវីរុសនេះ។ “យើងខ្ញុំសូមស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ NFGA និងនាយកដ្ឋានរដ្ឋាភិបាលពាក់ព័ន្ធនានាក្នុងប្រទេសចិន ក្នុងការដាក់ចេញនូវការហាមឃាត់យ៉ាងតឹងរឹងចំពោះការជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងធ្វើការត្រួតពិនិត្យលិខិតអនុញ្ញាតផ្សេងៗតាមទីកន្លែងប្រើប្រាស់ ចិញ្ចឹម និងបង្កាត់ពូជសត្វព្រៃនានា”។

ខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានបានរៀបរាប់ទៀតថា សេចក្តីសម្រេចរបស់ប្រទេសចិនក្នុងការហាមឃាត់ជាបណ្តោះអាសន្នលើការជួញដូរសត្វព្រៃនេះ បញ្ជាក់យ៉ាងច្បាស់ពីតម្រូវការលើកកម្ពស់ចំណេះដឹងសាធារណៈជនឱ្យបានល្អប្រសើរជាងមុនស្តីអំពីហានិភ័យនានាចំពោះសុខភាពមនុស្សដែលបណ្តាលមកពីការជួញដូរសត្វព្រៃគ្មានការត្រួតពិនិត្យ និងខុសច្បាប់ ព្រមទាំងលើកកម្ពស់ការយល់ដឹងពីហេតុប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការជួញដូរទៅលើចំនួនសត្វព្រៃ និងជីវៈចម្រុះជាសកលលោក។

“យើងខ្ញុំសូមកោតសរសើរចំពោះចំណាត់ការយ៉ាងរហ័សរបស់ភ្នាក់ងារពង្រឹងច្បាប់គ្រប់ជាន់ថ្នាក់របស់ប្រទេសចិនក្នុងការបិទទីផ្សារលក់សត្វព្រៃ ភ្លាមក្រោយពេលការផ្ទុះឡើងនូវ វីរុសកូរ៉ូណា ថ្មីនេះ ដែលត្រូវបានសង្ស័យថាមានប្រភពពីក្រុង វូហាន (Wuhan) ក៏ដូចជាកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ”។

រូបភាព៖ CNN

យ៉ាងណាមិញ អង្គការ WWF បានលើកឡើងថា ការបិទទីផ្សារលក់សត្វព្រៃជាវិធានការមួយប្រសើរ ការដាក់ចេញនូវបម្រាមតែមួយមុខនោះមិនអាចបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់បានទេ ដរាបណាតម្រូវការសត្វព្រៃនៅតែមាន។ ករណីហានិភ័យលើសុខភាពមនុស្សដែលកំពុងកើតឡើងនេះ ជាការពញាក់ស្មារតីក្នុងការទាមទារឲ្យមានការបញ្ឈប់ការប្រើប្រាស់ដោយគ្មាននិរន្តរភាពនូវសត្វព្រៃ និងផលិតផលសត្វព្រៃដែលកំពុងទទួលរងគ្រោះ ដោយការយកសត្វព្រៃមកធ្វើជាសត្វចិញ្ចឹម យកមកធ្វើជាអាហារទទួលទាន និងយកមកធ្វើជាឱសថនានា។

អង្គការ WWF សូមជម្រុញរដ្ឋាភិបាលចិន ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់បន្ថយតម្រូវការនៃសត្វព្រៃ បន្តលើកកម្ពស់ការផ្សព្វផ្សាយជាសាធារណៈ និងសហការជាមួយរដ្ឋាភិបាល ស្ថាប័នអភិរក្សអន្តរជាតិ វិស័យឯកជន និងបណ្តាសហគមន៍មូលដ្ឋាន ក្នុងការបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់។ អង្គការ WWF ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការតាមដានការជួញដូរសត្វព្រៃខុសច្បាប់ និងជួយគាំទ្រការកសាងសមត្ថភាពសម្រាប់ការងារពង្រឹងច្បាប់ ដើម្បីជួយដល់វិធានការនៃការបិទទីផ្សារសត្វព្រៃប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម