ក្រុមហ៊ុនទូរសព្ទជាច្រើននឹងរងទុក្ខ​ទោម្នេញខ្លាំង ខុសគេតែ Samsung ប៉ុណ្ណោះ!

  • 2020-02-19 01:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វិភាគ​របស់​ក្រុមហ៊ុន​វិភាគ​ទីផ្សារ Trendforce បាន​និយាយ​ថា​ការ​ផ្ទុះ​នៃ​វីរុស​កូរ៉ូណា​ អាច​ធ្វើ​ឲ្យ​ចំនួន​លក់​ស្មាតហ្វូន​នៅ​ត្រីមាស​នេះ ទំនង​ជា​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ ៥ ឆ្នាំ​មក​នេះ។

ក្រុមហ៊ុន​ខាង​លើ​និយាយ​ថា​ ៖ "ការ​ផ្ទុះ​នៃ​វីរុស​ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្ពស់​លើ​ឧស្សាហកម្ម​ស្មាតហ្វូន ព្រោះ​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់​គឺ​ត្រូវ​ការ​កម្លាំង​ពលកម្ម​ច្រើន។ ត្រីមាស​ទី ១ ឆ្នាំ ២០២០ ​ផលិតកម្ម​នៃ​ស្មាតហ្វូន​ ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ​ ១២% ធៀប​នឹង​ឆ្នាំ​មុន ធ្វើ​ឲ្យ​ត្រីមាស​នេះ​មាន​ទិន្នផល​ទាប​ជាង​គេ​បំផុត​​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ។"

Trendforce បាន​សន្និដ្ឋាន​ដែរ​ថា​ចំនួន​លក់ iPhone នឹង​ធ្លាក់​ចុះ ១០% នៅ​ត្រីមាស​នេះ ខណៈ​ដែល Samsung នឹង​មាន​ការ​ធ្លាក់​ចុះ​តិច​តួច​ត្រឹម​​ប្រមាណ ៣%។

របាយការណ៍​ដាច់​ដោយ​ឡែក​​មួយ​ទៀត​របស់ Reuters បាន​និយាយ​ដែរ​ថា Samsung ប្រហែល​ជា​ស្ថិត​នៅ​ដំណាក់​កាល​មួយ​ដែល​ទទួល​បាន​ផល​ចំណេញ​ពី​ការ​ថយ​ចុះ​ចំនួន​លក់ iPhone។

Reuters បាន​សរសេរ​ដូច​នេះ ៖ "Samsung Electronics អាច​ជា​អ្នក​បាន​ផល​ចំណេញ​ច្រើន​​ពី​បញ្ហា​ផលិតកម្ម​ក្នុង​ប្រទេស​ចិន​ដែល Apple បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​។ ពាក់​កណ្ដាល​នៃ​ស្មាតហ្វូន Samsung នា​ពេល​នេះ​គឺ​ផលិត​នៅ​វៀតណាម ដូច​នេះ​បញ្ហា​ប្រតិបត្តិការ​ដែល Apple និង​ក្រុមហ៊ុន​ទូរសព្ទ​ដទៃ​ទៀត​ជួប​ប្រទះ​នៅ​ចិន អាច​ប៉ះពាល់​ដល់​ Samsung តិច​តួច​បំផុត។”

ចំនួន​លក់​ស្មាតហ្វូន​របស់ Samsung នៅ​ចិន ដែល​មាន​តិច​តួច​ស្រាប់​នោះ ក៏​មាន​ន័យ​ថា​ក្រុមហ៊ុន​នេះ​នឹង​មិន​រង​ការ​ប៉ះពាល់​ខ្លាំង ដូច​ជា​ Apple និង​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​មាន​ចំណែក​ទីផ្សារ​ធំ​នៅ​ចិន​នោះ​ឡើយ។

​ដូច​នេះ​ខណៈ​ពេល​នេះ Samsung អាច​មិន​មាន​ផល​ប៉ះពាល់​ខ្លាំង ​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅ​ពឹង​ផ្អែក​លើ​គ្រឿង​បន្លាស់​មួយ​ចំនួន​ដែល​ផលិត​នៅ​ប្រទេស​ចិន ដូច​នេះ​ផលិតកម្ម​ស្មាតហ្វូន​អាច​នឹង​មាន​ការ​ប៉ះពាល់​ខ្លាំង​ប្រសិន​បើ​ការ​ផ្ទុះ​នៃ​វីរុស​កូរ៉ូណា​បន្ត​អូស​បន្លាយ​រយៈពេល​វែង៕​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម