ទូរសព្ទតម្លៃជិត ២ពាន់ដុល្លារ ប្រើបានប៉ុន្មានថ្ងៃខូចអេក្រង់ ឥឡូវក្រុមហ៊ុនចេញបកស្រាយភ្លាមៗ!

  • 2020-02-19 07:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Motorola Razr គឺ​ជា​ទូរសព្ទ​មួយ​ដែល​​មនុស្ស​ជា​ច្រើន​​ទន្ទឹង​រង់ចាំ​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ ប៉ុន្តែ​វា​បាន​ត្រឹម​ឲ្យ​គេ​ខក​ចិត្ត​ដោយ​សារ​មាន​លក្ខណៈ​សម្បត្តិ​មិន​លេច​ធ្លោ, មាន​តម្លៃ​​ថ្លៃ និង​មិន​មាន​ភាព​ធន់​ដែល​អាច​​ឲ្យ​គេ​ទទួល​យក​បាន​នោះ​ទេ។

ពេល​នេះ​​ស្រាប់​តែ​មាន​ការ​រាយ​ការណ៍​​មួយ​នូវ​បញ្ហា​ទាក់ទង​នឹង​អេក្រង់​របស់ Motorola Razr ក្រោយ​ទើប​ប្រើ​ប្រាស់​បាន​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ដែល​​បន្ទះ​ប្លាស្ទិក​ដែល​បិទ​ជាប់​នឹង​អេក្រង់​គឺ​ហើប​ចេញ​ពី​ផ្ទាំង​អេក្រង់​តែ​ម្ដង ហើយ​វា​ស្ថិត​នៅ​ចំ​ផ្នែក​កណ្ដាល​ទៀត។

បើ​តាម​អត្ថបទ​មួយ​ចេញ​ផ្សាយ​ដោយ​ Raymond Wong នៃ​វិបសាយ Input កាល​ពី​ម្សិល​​ម្ង៉ៃ​អំពី​បញ្ហា​នេះ។ បញ្ហា​ដែល​កើត​មាន​មិន​ត្រឹម​តែ​ផ្ដល់​ការ​រំខាន​នោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​មុខងារ​​នៃ​អេក្រង់​ដែរ។ មូលហេតុ​នាំ​ឲ្យ​កើត​មាន​បញ្ហា​នេះ​គេ​មិន​ច្បាស់​នោះ​ឡើយ ដោយ Wong និយាយ​ប្រាប់​ថា​​ទូរសព្ទ​គឺ​មិន​ដែល​ត្រូវ​ទឹក ត្រូវ​សំណើម ឬ​ស្ថិត​ក្បែរ​វត្ថុ​រាវ​នោះ​ទេ។ រូប​គេ​សង្ស័យ​ថា​អាច​មក​ពី​ការ​ផ្លាស់​ប្ដូរ​នៃ​សីតុណ្ហភាព​ ពេល​ប្ដូរ​ពី​ប្រើ​ក្នុង​សីតុណ្ហភាព​ត្រជាក់ មក​សីតុណ្ហភាព​ក្ដៅ​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ Motorola បាន​​បញ្ចេញ​សេចក្ដី​​ថ្លែងការណ៍​មួយ​ដល់ Wong ដោយ​បាន​និយាយ​ដូច​នេះ ៖ "យើង​មាន​ភាព​ជឿជាក់​ពេញ​ទី​លល​អេក្រង់​របស់ Razr ហើយ​មិន​រំពឹង​ថា​អតិថិជន​អាច​ជួប​បញ្ហា​​ជា​មួយ​អេក្រង់ ពេល​ប្រើ​ទូទៅ​នោះ​ទេ។ ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ Razr បាន​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​សីតុណ្ហភាព​កម្រិត​ធ្ងន់។ ដូច​ជា​ទូរសព្ទ​​ដទៃ​ទៀត Motorola សុំ​ណែនាំ​មិន​ឲ្យ​រក្សា​ទុក​ទូរសព្ទ នៅ​ក្នុង​សីតុណ្ហភាព​ក្រោម​ -២០ អង្សា​សេ និង​លើស​ពី​ ៦០ អង្សា​សេ​នោះ​ទេ។ ប្រសិន​បើ​អតិថិជន​ជួប​បញ្ហា​​ទាក់ទង​នឹង​ការ​ប្រើ​ប្រាស់​ក្នុង​សីតុណ្ហភាព​ធម្មតា ​មិន​មែន​ដោយ​សារ​ការ​ប្រើ​ខុស​បច្ចេកទេស ទូរសព្ទ​នឹង​​ត្រូវ​ជួសជុល​ក្រោម​ការ​ធានា​ស្តង់ដារ​របស់​យើង។”

Motorola បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា បាន​សុំ​ឲ្យ Input ផ្ញើ​ទូរសព្ទ Razr ដែល​ខូច​ឲ្យ​ទៅ​ក្រុមហ៊ុន ដើម្បី​ក្រុមហ៊ុន​អាច​ធ្វើ​ការ​ស៊ើបអង្កេត​បន្ថែម និង​ស្វែង​រក​​មូលហេតុ​នាំ​ឲ្យ​កើត​មាន​បញ្ហា​នេះ៕​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង