មនោរម្យ​ណាស់ តន់ ច័ន្ទសីម៉ា ស្លៀក​ពាក់​សាមញ្ញ ដើរ​ពេញ​ចម្ការ​បន្លែ​ខៀវ​ស្រងាត់

  • 2020-02-20 04:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ផលិតកម្ម Navatra Galaxy កញ្ញា តន់ ច័ន្ទ​សីម៉ា នៅថ្ងៃ​​ម្សិលមិញ​នេះ បាន​ទៅ​ដល់​កសិដ្ឋាន​ដាំ​បន្លែ​មួយ​កន្លែង ដែល​គេ​សង្ស័យ​ថា អាច​ជា​កន្លែង​ផ្គត់ផ្គង់​បន្លែ​ទៅ​ផ្សារ​កសិផល​ធម្មជាតិ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ត្រៀម​ដាក់​ដំណើរ​ការ​ឆាប់​ៗ​នេះ។

នេះ​គឺ​ជា​ដំណើរ​លើក​ទី​មួយ​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​តាកែវ​ទៅ​ចំការ​បន្លែ ដែល​ត្រូវ​បាន​គេ​ឃើញ ចាប់​តាំង​ពី​នាង​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​មក។ តាម​ព័ត៌មាន ចំការ​បន្លែ​នេះ គឺ​ស្ថិត​នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង។ សីម៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​មាន​ត្រេកត្រអាល និង​មាន​ភាព​រីករាយ​ជាមួយ​នឹង​បន្លែ​ធម្មជាតិ​មាន​ពណ៌​ខៀវ​ខ្ចី​មាន​ក្នុង​ចំការ។

ចំណុច​គួរ​កត់​សម្គាល់ ដំណើរ​របស់​ម្ចាស់​បទ "គេ​នោះ​ជា​ស្រី​កាប់​ដាវ" គឺ​ស្រប​នឹង​ព័ត៌មាន​ថា ផ្សារ​កសិផល​ធម្មជាតិ​ផ្ដួច​ផ្ដើម​ដោយ​ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រៀម​ដំណើរ​ការ ក្នុង​នោះ​បើ​តាម​ការ​បង្ហើប​របស់​ឧកញ៉ា វ័យ​ក្មេង គឺ​គ្រោង​នឹង​ដាក់​ដំណើរ​ការ​នៅ​​ថ្ងៃ​១៥ ខែ មីនា​នេះ​ហើយ។

កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ប្រកាស​ថា គ្រោង​នឹង​បើក​ទំនើប​​លក់​តែ​កសិផល​ធម្មជាតិ របស់​​កសិករ​ខ្មែរ បន្ថែម​លើ​ទំនួញ​ដី​ធ្លី ផ្ទះ​ល្វែង​ក៏​ដូច​ជា​ផលិតកម្ម ដែល​លោក​កំពុង​មាន​រាល់​ថ្ងៃ គ្រោង​បើក​ផ្សារ​ដែល​ប្រមូល​ទិញ តែ​ផលិតផល​​ធម្មជាតិ របស់​កសិករ​ខ្មែរ​នេះ ត្រូវ​បាន​មហាជន​គាំទ្រ​ជា​ខ្លាំង ព្រោះ​វា​ចំណែក​​ធំ​មួយ​ជួយ​ដល់​​កសិករ​ខ្មែរ ឲ្យ​មាន​ទីផ្សារ។

ឥឡូវ កាល​បរិច្ឆេទ​បាន​ចេញ​មកច្បាស់​ហើយ គឺ​នៅ​ថ្ងៃ​ទី​១៥ ខែ មិនា ឆ្នាំ ២០២០ ផ្សារ​កសិផល​ខាង​លើ នឹង​បើក​ដំណើរ​ការ​សាក​ល្បង​ហើយ ដែល​ទីតាំង​​ផ្សារ​គឺ​នៅ​កណ្ដាល​នៅ Olympia តែ​ម្ដង។ ផ្សារ​នេះ​នឹង​ផ្គត់ផ្គង់​បន្លែ ត្រីសាច់ ធម្មជាតិ​មាន​គុណភាព​ខ្ពស់ និង​ឆ្លង​កាត់​ក្រុម​ត្រួត​ពិនិត្យ​បច្ចេកទេស​ត្រឹមត្រូវ ដែល​កសិផល​ទាំង​នោះ បាន​មក​ពី​បង​ប្អូន​កសិករ​នៅ​គ្រប់​ខេត្ត​ក្រុង។

មក​ដល់​បច្ចុប្បន្ន ក្រុម​ការងារ​របស់​លោក​ឧកញ៉ា ​បាន​ចង​ក្រង​ជា ភ្នាក់ងារ​ដាំ​បន្លែ​ផ្លែ​ឈើ​ធម្មជាតិ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ សម្រាប់​ផ្គត់ផ្គង់​មក​ផ្សារ​ "កសិផល​ធម្មជាតិ" រួច​រាល់​អស់​ហើយ។

តោះ...ទៅ​លេង​ចម្ការ​បន្លែ​ខៀវ​ស្រងាត់​គួរ​ឲ្យ​មនោរម្យ​ជាមួយ សីម៉ា ទាំង​អស់​គ្នា

អត្ថបទ៖ ទារិកា