ប្រើពេល ១ឆ្នាំ ទើបអាចបោកប្រាស់ Google Maps បាន!

  • 2020-02-24 03:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​បុរស​ម្នាក់​ប្រើ​ស្មាតហ្វូន​ចំនួន ៩៩ គ្រឿង បោក​បញ្ឆោត​សេវាកម្ម Google Maps បាន​​ល្បី​លើ​​សារព័ត៌មាន និង​បណ្ដាញ​អ៊ីនធឺណិត​កាល​ពី​ដើម​ខែ​កន្លង​ទៅ។ នៅ​ពេល​នេះ​​សាមី​ខ្លួន​ដែល​មាន​ឈ្មោះ Simon Weckert បាន​ចេញ​មុខ​ រៀប​រាប់​លម្អិត​អំពី​ដំណើរ​ដើម​ទង​នៃ​​​​ការ​បោក​បញ្ឆោត​របស់​ខ្លួន។

Simon បាន​ប្រាប់​ឲ្យ​ដឹង​ថា​គំនិត​នេះ​គឺ​កើត​មាន​ឡើង​កាល​ពី​ ៣ ឆ្នាំ​មុន នៅ​ក្នុង​​​ថ្ងៃ​បុណ្យ May Day (ថ្ងៃ​ទី ១ ឧសភា) ដែល​ធ្វើ​ឡើង​នា​ទីក្រុង​ប៊ែរឡាំង។ រូប​គេ​បាន​និយាយ​បែប​នេះ​ថា ៖ "ខ្ញុំ​បាន​ឃើញ​មនុស្ស​ជា​ច្រើន​ប្រជ្រៀត​គ្នា ដើរ​លើ​ដង​ផ្លូវ។ ខ្ញុំ​ក៏​បាន​មើល​ចរាចរណ៍​លើ Google Maps និង​ឃើញ​អំពី​ការ​ស្ទះ​ចរាចរណ៍​ខ្លាំង​នៅ​តំបន់​ដែល​ខ្ញុំ​ស្ថិត​នៅ ទោះ​បី​ជា​មិន​មាន​រថយន្ត​​សូម្បី​តែ​មួយ​គ្រឿង​នៅ​ក្បែរ​ក្ដី។”

“ខ្ញុំ​គិត​ថា​វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ តើ​វា​អាច​ទៅ​រួច​ទេ​ប្រសិន​បើ​ខ្ញុំ​បង្កើត​ឡើង​វិញ ឬ​ធ្វើ​នូវ​ការ​ស្ទះ​ចរាចរណ៍​​មួយ​ដោយ​ខ្លួន​ឯង។ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​ត្រូវ​ការ​មនុស្ស​នោះ​ទេ ខ្ញុំ​ត្រូវ​ការ​តែ​ស្មាតហ្វូន​ប៉ុណ្ណោះ។” Simon បាន​​និយាយ​ជា​បន្ត។

Simon គឺ​ត្រូវ​ប្រើ​ពេល​ជាង​ ១ ឆ្នាំ ក្នុង​ការ​រៀប​ចំ​ផែនការ​ដើម្បី​​ប្រមូល​បាន​នូវ​ឧបករណ៍​គ្រប់​គ្រាន់​សម្រាប់​ថ្ងៃ​តែ​មួយ។ មិន​មាន​ក្រុមហ៊ុន ឬ​ហាង​លក់​ទូរសព្ទ​ណា គិត​ចង់​សហការ​នោះ​ទេ ហើយ​បើ​ទិញ​ទូរសព្ទ​មួយ​ទឹក​ក៏​មិន​អាច​ទៅ​រួច​សម្រាប់​គម្រោង​ការ​ដែល​មាន​​ដើម​ទន់​នេះ​ដែរ។

នៅ​ទី​បំផុត រូប​គេ​អាច​ជំរុញ​មិត្តភក្ដិ​គ្រប់​គ្រាន់​ ​ដែល​អាច​ខ្ចី​ទូរសព្ទ​របស់​ពួក​គេ​បាន​មួយ​ថ្ងៃ រួម​ទាំង​គណនី Google និង​ស៊ីម​កាត​របស់​ពួក​គេ និង​បាន​ជួល​ទូរសព្ទ​ខ្លះៗ​ពី​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវា​ជួល​ទូរសព្ទ​ផង​ដែរ។ ​​​​​ បន្ទាប់​ពី​រៀប​ចំ និង​ត្រួត​ពិនិត្យ​រួច​រាល់​ ទូរសព្ទ​នីមួយ​ៗ​ត្រូវ​បាន​ដំណើរ​ការ​នូវ​មុខងារ​នាំ​ផ្លូវ ហើយ​ដាក់​វា​នៅ​លើ​រទេះ​រុញ និង​ចាប់​ផ្ដើម​ប្រតិបត្តិការ​​ ដោយ​មិន​មាន​ការ​សាក​ល្បង​ជា​មុន​នោះ​ឡើយ។ ទី​បំផុត​ការ​បង្កើត​ការ​ស្ទះ​ចរាចរណ៍​ក្លែងក្លាយ ប្រព្រឹត្ត​ទៅ​បាន​ដោយ​ជោគជ័យ ដែល Simon បាន​បង្ហាញ​វីដេអូ​នៃ​ដំណើរ​ការ​​បង្កើត​ថែម​ទៀត​ផង។ ខាង​ក្រោម​ជា​វីដេអូ ៖

ការ​បង្កើត​ការ​ស្ទះ​ចរាចរណ៍​ក្លែង​ក្លាយ​នេះ​ដែរ ត្រូវ​បាន​ក្រុម​ការងារ Google ដឹង​ឮ ដែល​ Google បាន​ឆ្លើយ​តប​ថា ៖ "​មិន​ថា​តាម​រយៈ​រថយន្ត រទេះ​រុញ ឬ​សត្វ​អូដ្ឋ​នោះ​ទេ យើង​ពេញ​ចិត្ត​ដែល​បាន​ឃើញ​ការ​ប្រើ​ប្រាស់​ Google Maps ពោរ​ពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត ដោយ​វា​អាច​ជួយ​យើង​ធ្វើ​ឲ្យ​​​​ Maps ​មាន​ដំណើរ​ការ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន៕”

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង