Sony ចេញទូរសព្ទតម្លៃធូរដំបូង ដែលប្រើអេក្រង់ OLED

  • 2020-02-24 10:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ប្រកាស​ចេញ Sony Xperia 1 II ក្រុមហ៊ុន Sony ក៏​បាន​បញ្ចេញ Xperia 10 II ​ទន្ទឹម​​ជា​មួយ​គ្នា​ផង​ដែរ ដែល​ជា​ប្រភេទ​តម្លៃ​ធូរ​ថ្លៃ​ លំដាប់​កណ្ដាល។

Sony Xperia 10 II មាន​រូបរាង​ស្រដៀង​នឹង​ Xperia 10 ខ្លាំង​មែន​ទែន។ ប៉ុន្តែ​មាន​ចំណុច​មួយ​ចំនួន​ខ្លាំង​ជាង​មុន​ដូច​ជា​​សមត្ថភាព​ធន់​នឹង​ទឹក IP65 និង​ធន់​នឹង​ធូលី​ដី IP68, មាន​កាមេរ៉ា​ចំនួន ៣ គ្រាប់​នៅ​ផ្នែក​ខាង​​ក្រោយ និង​ការ​ប្ដូរ​ពី​អេក្រង់ LCD មក​កាន់ OLED ជា​លើក​ដំបូង​សម្រាប់​ស្មាតហ្វូន​លំដាប់​កណ្ដាល​របស់ Sony។

អេក្រង់​ OLED ទំហំ ៦ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត Full HD+ ដែល​មាន​មាត្រដ្ឋាន​ 21:9 ដូច​ជា​ស្មាតហ្វូន Sony ដទៃ​ទៀត។ អេក្រង់​ 21:9 មាន​រាង​វែង​ដែល​ពិបាក​កាន់​បន្តិច ប៉ុន្តែ​វា​នាំ​មក​នូវ​មុខងារ​លេច​ធ្លោ​មួយ​ចំនួន ដូច​ជា​ទ្រាំទ្រ​ការ​ប្រើ​ប្រាស់​បែប Multi-Window និង​អាច​ប្ដូរ​រវាង​កម្មវិធី​មួយ​ទៅ​កម្មវិធី​មួយ​បាន​ផង​ដែរ។

បន្ទះ​ឈីប​​ដែល​បំពាក់​លើ Xperia 10 II គឺ​ជា​ Snapdragon 665 គួប​ផ្សំ​នឹង RAM ទំហំ ៤GB និង​អង្គ​ផ្ទុក​ទំហំ ១២៨ GB។ ទំហំ​ថ្ម​បាន​កើន​ពី ២៧៨០ mAh ឡើង​ដល់ ៣៦០០ mAh ប៉ុន្តែ​វា​មិន​មាន​សមត្ថភាព​សាក​ថ្ម​ឆាប់​ពេញ​នោះ​ឡើយ។

សម្រាប់​កាមេរ៉ា​ខាង​ក្រោយ​វិញ គឺ​មាន​ប្រភេទ Ultrawide ដែល​មាន​ទំហំ ៨MP, មាន​ប្រភេទ Telephoto ទំហំ ៨ MP និង​មាន​កាមេរ៉ា​មេ​ទំហំ ១២ MP ដែល​ទ្រាំទ្រ​ការ​ថត​រូប​ភាព 21:9 និង​ថត​វីដេអូ​កម្រិត 4K ទៀត​ផង។

Xperia 10 II នឹង​មាន​ជា​ជម្រើស​ពណ៌​ស និង​ពណ៌​ខ្មៅ ហើយ​នឹង​មាន​ចេញ​លក់​លើ​ទីផ្សារ​មួយ​ចំនួន​នៅ​​អំឡុង​ត្រីមាស​ទី ២ ដោយ​មិន​បាន​ប្រាប់​អំពី​តម្លៃ​នៅ​ឡើយ៕​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង