អ្នកវិទ្យាសាស្ត្រប្រើកុំព្យូទ័រកម្លាំងខ្លាំងជាងគេក្នុងលោក ដើម្បីរកវិធីព្យាបាលកូវីដ១៩

  • 2020-03-18 08:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខណៈ​ដែល​កូវីដ​១៩​ បន្ត​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង​នោះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​ព្យាយាម​ស្វែង​រក​វិធី​ព្យាបាល​វីរុស​នេះ ដោយ​ប្រើ​ប្រាស់​កុំព្យូទ័រ​កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​លោក​ម៉ូដែល Summit របស់​ក្រុមហ៊ុន IBM។

រូបភាពតំណាងឲ្យវីរុសមួយប្រភេទ ដែលមានសែស្រឡាយជាមួយកូវីដ១៩

​​ម៉ាស៊ីន​កុំព្យូទ័រ Summit គឺ​មាន​នូវ​ Processor រាប់​ម៉ឺន​គួប​ផ្សំ​គ្នា​ ដែល​វា​មាន​ទីតាំង​នៅ​មន្ទីរ​ពិសោធន៍​ Oak Ridge National។ ដោយ​ប្រើ​ប្រាស់​សមត្ថភាព​របស់​វា​ អ្នក​ស្រាវជ្រាវ​អាច​​បង្កើត​ការ​​​​សាក​ល្បង​មើល​​​​ថា​ម៉ូលេគុល​ចំនួន ៨ ពាន់​ផ្សេង​គ្នា​ នឹង​មាន​ប្រតិកម្ម​បែប​ណា​ជា​មួយ​វីរុស​កូរ៉ូណា​ ដែល​​ដំណើរ​ការ​នេះ​គឺ​កុំព្យូទ័រ​ធម្មតា​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ។

Jeremy Smith ​នាយក​​នៃ​សកលវិទ្យា University of Tennessee ដែល​ជា​អ្នក​ស្រាវជ្រាវ​សំខាន់​មួយ​ក្នុង​ការ​សិក្សា​លើ​វីរុស​កូរ៉ូណា​នេះ បាន​លើក​ឡើង​ថា ៖ "យើង​ចំណាយ​ពេល​ ១ ថ្ងៃ ឬ ២ ថ្ងៃ​ប៉ុណ្ណោះ ដែល​សម្រាប់​កុំព្យូទ័រ​ធម្មតា​ត្រូវ​ប្រើ​ពេល​រាប់​ខែ​ឯណោះ។”

កុំព្យូទ័រ Summit

ការ​សាក​ល្បង​តែ​ម្យ៉ាង​មិន​អាច​បញ្ជាក់​ថា​​វិធី​សាស្ត្រ​ព្យាបាល​​នឹង​មាន​ប្រសិទ្ធភាព​នោះ​ទេ ប៉ុន្តែ​គម្រោង​ការ​នេះ​អាច​ស្វែង​រក​ម៉ូលេគុល​ជាប់​ជា​បេក្ខភាព​ចំនួន ៧៧ ម៉ូលេគុល ដែល​អ្នក​ស្រាវជ្រាវ​ដទៃ​ទៀត​អាច​តេស្ត ​ក្នុង​ដំណាក់​កាល​សាក​ល្បង។

ការ​ប្រយុទ្ធ​ជា​មួយ​កូវីដ​១៩ បាន​បង្ហាញ​ជា​ឧទាហរណ៍​មួយ​​ស្ដែង​ឲ្យ​ឃើញ​អំពី​សារៈសំខាន់​នៃ​​ម៉ាស៊ីន​កុំព្យូទ័រ​មហា​កម្លាំង។ គួរ​ដឹង​ម៉ាស៊ីន Summit ដែល​មាន​តម្លៃ ២០០លាន​ដុល្លារ​នេះ រួម​ជា​មួយ​ម៉ាស៊ីន​ស្រដៀង​នេះ ធ្លាប់​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​​ការ​កកើត​នៃ​ចក្រវាឡ ​ការ​ផ្ទុះ​នៃ​គ្រាប់​បែប​អាតូម និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ហេតុ​ការ​​ស្មុគស្មាញ​ដទៃ​ទៀត៕

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី