Huawei ចូលរួមប្រយុទ្ធប្រឆាំង COVID-19 ទាំងនៅប្រទេសចិន និងកម្ពុជា
- 2020-03-26 07:08:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei ចូលរួមប្រយុទ្ធប្រឆាំង COVID-19 ទាំងនៅប្រទេសចិន និងកម្ពុជា
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ៣ ខែកុម្ភៈ មន្ទីរពេទ្យ Huo Shen Shan បានបើកទទួលអ្នកជំងឺជាផ្លូវការ។ នេះជាមន្ទីរពេទ្យនៅទីក្រុងអ៊ូហាន ដែលមានផ្ទៃក្រឡាសរុបចំនួន ៣៣ ៩០០ម៉ែត្រការ៉េ ហើយត្រូវបានកសាងឡើងដំបូងក្នុងគោលបំណងព្យាបាលដល់អ្នកជំងឺដែលមានផ្ទុកវីរុសប្រភេទថ្មីនេះ។
ក្នុងនេះដែរ ក្រុមហ៊ុន Huawei ក៏បានសហការជាមួយប្រតិបតិ្តករដោយប្រើរយៈពេលមួយសប្ដាហ៍ ដើម្បីផ្ដល់សេវាបណ្ដាញអ៊ីនធឺណិតឥតខ្សែ 5G និងបង្កើតបណ្ដាញសម្រាប់ទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅសម្រាប់មន្ទីរពេទ្យ Huo Shen Shan។ ដើម្បីបំពេញតម្រូវការនៅក្នុងមន្ទីរពេទ្យ និងតម្រូវការផ្នែកវេជ្ជសាស្ត្រនានា រួមមានការធានានូវប្រតិបត្តិការរបស់វេជ្ជបណ្ឌិត ដំណើរការរបស់ឧបករណ៍ ការធ្វើរោគវិនិច្ឆ័យ និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀតឱ្យដំណើរការបានដោយរលូន គេបានដាក់ពង្រាយបណ្តាញគ្របដណ្តប់ឥតខ្សែ Wi-Fi 6 នៅក្នុងមន្ទីរពេទ្យផងដែរ។
ដើម្បីធ្វើរោគវិនិច្ឆ័យដល់អ្នកជំងឺពីចម្ងាយ និងជួយដោះស្រាយបញ្ហាកង្វះគ្រូពេទ្យជំនាញនៅតាមមន្ទីរពេទ្យមួយចំនួន ក្រុមហ៊ុន Huawei បានប្រើសន្និសីទវីដេអូ Cloudlink ក្នុងការបង្កើត “កម្មវិធីពិគ្រោះយោបល់ពីចម្ងាយ ឬ Remote consultation platform ” ដែលអាចភ្ជាប់ទំនាក់ទំនងរវាងអ្នកជំនាញនៅបណ្ដាទីក្រុងមួយចំនួនដូចជា ទីក្រុងប៉េកាំង (មន្ទីរពេទ្យ Beijing Ditan Hospital) ទីក្រុង ក្វាងចូវ (មន្ទីរពេទ្យដែលមានសាខានៅសាកលវិទ្យាល័យក្វាងចូវ Sun Yat-sen) និងទីក្រុងផ្សេងៗទៀត។
ក្រុមហ៊ុន Huawei បានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីជួយពន្លឿនដល់ការធ្វើរោគវិនិច្ឆ័យរបស់មន្ទីរពេទ្យ និងប្រតិបត្តិការរបស់វេជ្ជបណ្ឌិតឱ្យកាន់តែឆាប់រហ័សជាងមុន។ លើសពីនេះទៅទៀត ការប្រើទិន្នន័យធំ Big Data និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI មិនត្រឹមតែអាចជួយបង្កើនប្រសិទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យ និងរកឃើញអ្នកជំងឺឱ្យបានឆាប់រហ័សជាងមុននោះទេ។ វាក៏អាចជួយធ្វើឱ្យចំណេញពេលវេលាក្នុងការពិនិត្យ និងតាមដានអ្នកជម្ងឹក្នុងរយៈពេលមួយដ៏រហ័សបំផុត។
មួយវិញទៀត មុខងារស្កេនពីអ្នកជំងឺ CT Film អាចជួយកាត់បន្ថយពេលវេលានៃការពីស្កេនអ្នកជំងឺម្នាក់ៗ ពីការប្រើប្រាស់រយៈពេល ២ម៉ោង មកនៅត្រឹមតែរយៈពេលមិនដល់កន្លះនាទីតែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ដំណោះស្រាយខាងលើត្រូវបានដាក់ឱ្យអនុវត្តន៍នៅច្រើនជាង ២០ទីក្រុង ក្នុងប្រមាណជាង ២០០មន្ទីរពេទ្យ រួចមកហើយ។
លោក Yao Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ៖ “ថ្ងៃនេះខ្ញុំពិតជាមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយជាខ្លាំង ដោយបានចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នេះ"។ គួរបញ្ជាក់ផងដែរថា តាមរយៈការប្រើប្រាស់ប្រព័ន្ធសន្និសីទវីដេអូរបស់ក្រុមហ៊ុន Huawei ក្រុមជំនួយវេជ្ជសាស្ត្រចិននៅកម្ពុជា និងគណៈកម្មការសុខាភិបាលក្វាងស៊ីអាចភ្ជាប់ទំនាក់ទំនងគ្នាក្នុងយុទ្ធនាការប្រឆាំងនឹងរោគរាតត្បាតនេះ។ លើសពីនេះទៅទៀត នៅក្នុងស្ថានភាពដែលប្រឈមនឹងការរីករាលដាលនៃជំងឺនៅលើសកលលោកនាពេលបច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើបបានក្លាយជាជម្រើសដំបូងបង្អស់ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសចិនក៏ដូចជាបណ្តាប្រទេសដទៃទៀតជុំវិញពិភពលោក ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មីនេះ។
លោកបានបន្ថែមថា “នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះស្ថានភាពជំងឺរលាកសួតថ្មីកូវីដ១៩ កំពុងមានការវិវឌ្ឍន៍ឥតឈប់ឈរ ក្នុងនាមក្រុមហ៊ុន Huawei ជាសហគ្រាសមួយដែលមានទំនួលខុសត្រូវបម្រើដល់ប្រជាពលរដ្ឋជានិច្ចជាកាល តែងតែប្រកាន់ខ្ជាប់នូវស្មារតី «នៅកម្ពុជា ដើម្បីកម្ពុជា»។ ដូចនេះ ក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌី បានបរិច្ចាគប្រព័ន្ធសន្និសីទវីដេអូ Cloudlink ចំនួន ៣ឈុត ដើម្បីជាជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបចុងក្រោយបង្អស់។"
ឧបករណ៍សម្ភារៈសន្និសីទវីដេអូទាំងអស់នេះនឹងត្រូវបានដាក់ដំឡើងនៅក្រសួងសុខាភិបាលកម្ពុជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។ ម្យ៉ាងវិញទៀត ឧបករណ៍ទាំងនេះនឹងជំរុញឱ្យមានការធ្វើអន្តរទំនាក់ទំនងរវាងក្រសួងសុខាភិបាល និងមណ្ឌលសុខភាពខេត្ត ក៏ដូចជាមន្ទីរពេទ្យទូទាំង ២៥ ខេត្តក្រុង រួមមានការតាមដាននូវករណីនៃជំងឺ ការពិគ្រោះយោបល់ពីចម្ងាយដោយពេលវេលាជាក់ស្តែង ឬ Real-time ដើម្បីបង្កើនប្រសិទ្ធភាព និងជួយសន្សំសំចៃពេលវេលាក្នុងការការពារ និងគ្រប់គ្រងការរាតត្បាតនៅក្នុងប្រទេសកម្ពុជា។
លោកបន្តទៀតថា ៖ "មិនខុសពីអ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ ក្រុមហ៊ុន Huawei ក៏ដូចជាសហគ្រាសដទៃជាច្រើនទៀត ដែលកំពុងខិតខំពុះពារនៅក្នុងប្រទេសកម្ពុជាគឺពិតជាស្រឡាញ់ទឹកដីកម្ពុជាយ៉ាងក្រៃលែង។ ស្ថិតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា យើងនឹងរួមចំណែកយ៉ាងសកម្មក្នុងការខិតខំកសាងសមិទ្ធផល ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា និងសេចក្ដីសុខសុភមង្គលរបស់ប្រជាពលរដ្ឋ។ ហើយខ្ញុំជឿជាក់ថាពួកយើងទាំងអស់គ្នាកំពុងខិតខំតស៊ូនៅក្នុងឧស្សាហកម្មរៀងៗខ្លួន ក្នុងការចូលរួមចំណែកដើម្បីចំណងមិត្តភាពចិន-កម្ពុជា។"
ដូចនេះក្រុមហ៊ុន Huawei ដែលកំពុងឈានមុខគេផ្នែកបច្ចេកវិទ្យា 5G និងឧស្សាហកម្មឌីជីថល នឹងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប 5G, CloudLink, AI និង Cloud ដើម្បីឧបត្ថម្ភដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមជួយបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មីនេះ៕