កម្ពុជា ​ជា​ស្ថាបនិក​កីឡា​ស៊ីហ្គេម​តាំង​ពី​ឆ្នាំ​បង្កើត​

  • 2015-04-22 17:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​​គឺ​ជា​​​​ស្ថាបនិក​​​​ នៃ​ការ​បង្កើត​ ​កីឡា​​ស៊ីហ្គេម​​​ក្នុង​ចំណោម​​៧​ប្រទេស​ផេ្សង​ទៀត​មាន​ ​ថៃ មីយ៉ាន់ម៉ា (ភូម៉ា) ​ម៉ាឡេស៊ី (ម៉ាឡាយ៉ា) ឡាវ វៀតណាម  (វៀតណាមខាង​ត្បូង) កម្ពុជា និង​សិង្ហបុរី ដែល​សុទ្ធ​តែ​ជា​ស្ថាបនិក​ក្នុង​ព្រឹត្តិការណ៍​​នេះ។ ​

 

 

កីឡា​ស៊ីហ្គេម​​ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា The Southeast Asian Games (SEA Games) ជា​ព្រឹត្តិការណ៍​កីឡា​ចម្រុះ​មួយ​ដែល​គេ​រៀប​ចំ​​រៀង​រាល់​ពីរ​ឆ្នាំ​ម្ដង​ ​សម្រាប់​បណ្ដា​ប្រទេស​​ដែល​ស្ថិត​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ដែល​ បច្ចុប្បន្ន​មាន​ប្រទេស​ចូល​រួម​ទាំង​អស់​ចំនួន​១១។ ​ការ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​​​ផ្ទះ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​វេន​គ្នា​ក្នុង​ចំណោម​ប្រទេស​ជា​​សមាជិក​ និង​មាន​រយៈ​ពេល​២​ឆ្នាំ​ម្តង។​ ការ​ប្រកួត​ត្រូវ​រៀបចំ​​ឡើង​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​សហព័ន្ធ​កីឡា​ អាស៊ីអាគ្នេយ៍​ និង​មាន​ការ​ត្រួត​ពិនិត្យ​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) និង​ក្រុម​ប្រឹក្សា​អូឡាំពិក​របស់​អាស៊ី​(Olympic Council of Asia) ។

 

ប្រវត្តិ​ ​ដើម​ឡើយ​ព្រឹត្តិការណ៍​នេះ​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា​ The Southeast Asian Peninsular Games (SEAP Games) ឬ កីឡា​ឧបទ្វីប​អាស៊ីអាគ្នេយ៍។ ក្រោយ​មក​ទើប​គេ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ The Southeast Asian Games (SEA Games) វិញ។ នៅ​ថ្ងៃ ២២ ឧសភា ឆ្នាំ​១៩៥៨ គណៈប្រតិភូ​មក​ពី​ប្រទេស​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍​បាន​ចូលរួម​ ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​៣​ដែល​រៀបចំ​​នៅ​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន។ ពេល​នោះ​គណៈ​ប្រតិភូ​ដែល​ដឹក​នាំ​ដោយ​អនុ​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​របស់​ថៃ​លោក Laung Sukhumnaipradit បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​កីឡា​នៅ​តាម​តំបន់​ដែល​មាន​ឈ្មោះ​ថា SEAP Games ក្នុង​គោលដៅ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ ​និង​ការ​យោគយល់​គ្នា​ក្នុង​ចំណោម​ប្រទេស​ស្ថិត​នៅ​​អាស៊ីអាគ្នេយ៍។

 

ថៃ មីយ៉ាន់ម៉ា​ ម៉ាឡេស៊ី ឡាវ វៀតណាម​ កម្ពុជា និង​សិង្ហបុរី គឺ​ជា​សមាជិក​ស្ថាបនិក​ដំបូង​គេ​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម​នេះ។ ប្រទេស​ទាំង​នេះ​បាន​ឯកភាព​គ្នា​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​រៀងរាល់​២ ឆ្នាំ​ម្ដង ហើយ​ គណៈ កម្មាធិការ​សហព័ន្ធ​កីឡា​ SEAP Games ត្រូវ​បាន​បង្កើត​ឡើង។

 

ការ​ប្រកួត​កីឡា​ SEAP Games លើក​ដំបូង​ត្រូវ​គេ​រៀបចំ​​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ពី​ថ្ងៃ ១២-១៧ ខែ​ធ្នូ ឆ្នាំ ១៩៥៩ ដែល​មាន​អត្តពលិក​ចូលរួម​ចំនួន ៥២៧ នាក់ អម​ដោយ​មន្ត្រី​ចូលរួម​មក​ពី​ថៃ ​មីយ៉ាន់ម៉ា​ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម និង​ឡាវ ​ដោយ​មាន​វិញ្ញាសា​ប្រកួត​ចំនួន១២។

 

សម្រាប់​ការ​ប្រកួត​លើក​​ទី​៨ ក្នុង​ឆ្នាំ ១៩៧៥ សហព័ន្ធ​កីឡា​ឧបទ្វីបអាស៊ីអាគ្នេយ៍​ SEAP Games បាន​ពិចារណា​គ្នា​ដើម្បី​ដាក់​បញ្ចូល​ប្រទេស​ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់​តំបន់​មួយ​នេះ។ ក្នុង​ឆ្នាំ ១៩៧៧ សហព័ន្ធ​ក៏​​បាន​ប្រកាស​បញ្ចូល​ប្រទេស​ទាំង​ពីរ​នេះ​ជា​ផ្លូវ​ការ​ជា​សមាជិក​ពេញ​សិទ្ធិ ហើយ​វា​ស្រប​ពេល​គ្នា​ដែល​សហព័ន្ធ​កីឡា​ SEAP Games បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា Southeast Asian Games Federation (SEAGF) ដែល​ជា​ទូទៅ​ត្រូវ​គេ​ស្គាល់​ថា SEA Games។

 

នៅ​ឆ្នាំ​ជាមួយ​គ្នា​នោះ​ ប្រទេស​ប្រ៊ុយណេ​ក៏​ទទួល​បាន​សិទ្ធិ​ ចូលរួម​ប្រកួត​ពេល​ព្រឹត្តិការណ៍​កីឡា​នេះ​រៀបចំ​ធ្វើ​ជា​លើក​ទី​១០ នៅ​ទី​ក្រុង​ហ្សាកាតា​ប្រទេស​ឥណ្ឌូណេស៊ី និង​ចុងក្រោយ​នៅ​ឆ្នាំ​២០០៣​ប្រទេស​ទីម័រខាងកើត​ជា​ប្រទេស​​កូន​ពៅ​គេ​ដែល​មាន​ឈ្មោះ​ចូលរួម​​ប្រកួត​ SEA Games ​ដែល​រៀបចំ​ជា​លើក​ទី​២២ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។

 

ខែ​ធ្នូ​ ឆ្នាំ​២០០៥ ប្រទេស​ហ្វីលីពីន​ក៏​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​ជា​លើក​ទី ​៣ បន្ទាប់​ពី​ធ្លាប់​បាន​ធ្វើ​ពីរ​លើក​កន្លង​ទៅ​នៅ​ឆ្នាំ ១៩៨១ និង​១៩៩១។ ​ក្នុង​​នោះ​​ក៏​អាច​ដណ្ដើម​បាន​មេដាយ​មាស​រហូត​ដល់​១១៣ គ្រឿង​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​សម្រាប់​ហ្វីលីពីន​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៧៧។

 

គិត​ត្រឹម​ឆ្នាំ​២០១៥​នេះ​ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​ត្រូវ​បាន​រៀប​ចំ​ឡើង​២៨​ដង​ដែល​លើក​នេះ​ប្រទេស​សិង្ហបុរី​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ចំពោះ​ប្រទេស​កម្ពុជា​ដែល​ជា​សមាជិក​ស្ថាបនិក​ដំបូងដែរ​នោះ​​​មិន​​ទាន់​​ធ្លាប់​​បាន​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ឡើយ​ ប៉ុន្តែ​តាម​ការ​គ្រោង​ទុក​នឹង​ធ្វើ​នៅ​ឆ្នាំ​២០២៣៕

ឆ្នាំ​ចូល​ជា​សមាជិក​របស់​ប្រទេស​ទាំង​១១

 

អត្ថបទ៖ ឌី ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម