កម្ពុជា ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​​ពាន Homeless World Cup ជា​លើក​ទី៨ នៅ​ប្រទេស​ហុល្លង់

  • 2015-09-07 21:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ Happy Football Cambodia Australia (HFCA) បាន​សហការ​ជាមួយ​អង្គការ​ដៃ​គូ​ចំនួន ៥ ផ្សេង​ទៀត​ត្រៀម​បញ្ជូន​កីឡាករ ៦ នាក់​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ជនអាណាថា​ពិភពលោក Homeless World Cup 2015 ដែល​នឹង​រៀបចំ​នៅ​​ទីក្រុង Amsterdam ប្រទេស​ហុល្លង់ ក្នុង​ខែ​កញ្ញា នេះ។

 

 

ក្រុម​កម្ពុជា មុនចេញដំណើរ

 

ក្នុង​សន្និសិទសារព័ត៌មាន​ព្រឹក​ថ្ងៃ​ច័ន្ទ ទី ៧ ខែ កញ្ញា នេះ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​​ក្នុង​រាជធានី​ភ្នំពេញ​ស្ដី​ពី​ការ​ត្រៀម​ចេញ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ​កីឡាករ រឿន ប៊ុនរ៉ុង តំណាង​មិត្ត​រួម​ក្រុម​បាន​លើក​ឡើង​ថា នេះ​ជា​ឱកាស​មួយ​ដែល​រូប​ខ្លួន​បាន​បង្ហាញ​មុខ​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​នៅ​លើ​ឆាក​អន្តរជាតិ។ រូប​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ស្វែង​រក​បទពិសោធន៍​ថ្មីៗបន្ថែម​ទាំង​សម្រាប់​ខ្លួន​ក៏​ដូចជា​ក្រុម​ទាំង​មូល។

 

លោក ចៅ វិបុល ជំនួយការ​គ្រូ​បង្វឹក​​ក្រុម​កម្ពុជា បាន​លើក​ឡើង​ថា​ពាន​រង្វាន់​ Homeless World Cup 2015 នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៣ មក​ម៉្លេះ​ដោយ​បច្ចុប្បន្ន​មាន​ក្រុម​ចូលរួម​កើត​ដល់ ៦៤ មក​ពី ៥៣ ប្រទេស​ ក្នុង​នោះ​មាន ១៦ ក្រុម​ជា​ក្រុម​នារី។ ក្រុម​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​ហូល្លង់ នៅ​ថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៥ ខាង​មុខ។

 

លោក Paraic Grogon នាយក​អង្គការ HFCA បាន​​បញ្ជាក់​ថា​​​លោក​បាន​ដឹង​ពី​កម្រិត​សមត្ថភាព​របស់​​កីឡាករ​កម្ពុជា បើ​ធៀប​ទៅ​នឹង​ក្រុម​ចូលរួម​ដទៃ​ទៀត ប៉ុន្ដែ​បើ​សិន​ជា​កម្ពុជា មិន​បញ្ជូន​ទៅ​នោះ​នៅ​​តែ​គិត​ថា​ខ្លួន​ខ្សោយ​ដដែល។ លោក​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ក្រុម​កម្ពុជា​ថា Smart-Cambodia។

 

កីឡាករ​ទាំង ៦ រូប​មាន ថោង គឹមហុង, ចាន់ ស្រស់, ង៉យ ចាន់ធា, ឆេង ម៉ៅ, ស៊ុំ គង្គា, រឿន ប៊ុនរ៉ុង ស្រប​ពេល​លោក ចៅ វិបុល ជា​ជំនួយ​ការ​គ្រូ​បង្វឹក លោក Campbell James ជា​គ្រូ​បង្វឹក Paraic Grogon ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម។

 

ពាន​រង្វាន់ Homeless World Cup ប្រកួត​ក្នុង​ទីលាន​ធម្មតា​មួយ​ប្រហាក់ប្រហែល​នឹង​ទីលាន​បាល់ទាត់​ហ្វូតសាល ដោយ​ប្រកួត ១៤ នាទី (៧ នាទី​ក្នុង​មួយ​តង់) ខណៈ​​ក្រុម​នីមួយៗអនុញ្ញាត្តិ​ឱ្យ​កីឡាករ​ចូល​លេខ​ម្ខាង ៤ នាក់។ ពេល​ក្រុម​ទាំង​អស់​ធ្វើ​ដំណើរ​ទៅ​ដល់​ទីលាន​ប្រកួត​ទើប​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ចាប់​ពូល​តែ​ម្ដង។

 

កម្ពុជា ធ្លាប់​បញ្ជូន​ក្រុម​ទៅ​ចូលរួម​ប្រកួត ៧ លើក​មក​ហើយ​ដោយ​កាល​ពី​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០៨ ដែល​រៀបចំ​ឡើង​នៅ​​ទីក្រុង Melbourne ប្រទេស​អូស្រ្តាលី ហើយ​លើក​ទី២ នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ ២០០៩ ខណៈ​លើ​ទី៣ ឆ្នាំ ២០១០ នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។ លើក​ទី៤ HFCA បាន​បន្ត​បញ្ជូល​ទៅ​ចូលរួម​នៅ​ទីក្រុង​បារីស ប្រទេស​បារាំង​ក្នុង​ឆ្នាំ ២០១១ ហើយ​ឆ្នាំ ២០១២ បញ្ជូន​ទៅ​​ចូលរួម​នៅ​ទីក្រុង Mexico City ប្រទេស​ម៉ិចស៊ីកូ ឆ្នាំ ២០១៣ នៅ​ទីក្រុង Poznan ប្រទេស​ប៊ូឡូញ និង​ឆ្នាំ ២០១៤ ថ្មីៗនេះ​នៅ​​​ទីក្រុង Santiago City ប្រទេស​ឈីលី។

 

Homeless World Cup ឆ្នាំ ២០១៥ នេះ​នឹង​រៀបចំ​ចាប់​ពី​ថ្ងៃ​ទី ១២ ដល់ ១៩ ខែ កញ្ញា ឆ្នាំ ២០១៥ ក្នុង​ទីក្រុង Amsterdam ប្រទេស​ហុល្លង់ ខណៈ​កាល​ពី​ឆ្នាំ​មុន​រៀបចំ​នៅ​ប្រទេស​ឈីលី បាន​បែងចែក​ការ​ប្រកួត​​សម្រាប់ បុរស និង នារី ផ្សេង​គ្នា​ដោយ​មាន​ក្រុម​ចូលរួម​ចំនួន ៦៣ ក្រុម​មក​ពី ៤៩ ប្រទេស៕

 

អត្ថបទ៖ ម៉ឺន រស្មី