ឱកាស​សម្រាប់​អ្នក​ចង់​ប្រណាំង​ម៉ូតូ​​វាល​រាប​​មក​ដល់​ហើយ​

  • 2018-02-25 03:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រណាំង​ម៉ូតូ​កម្រិត​អាជីព​ និង​មិន​អាជីព​លើ​ទី​លាន​វាល​រាប​​​បាន​មក​ដល់​ហើយ​សម្រាប់​អ្នក​និយម​ចូល​ចិត្ត​​លេង​ម៉ូតូ​​ដែល​នឹង​ប្រព្រឹត្ត​នា​ថ្ងៃ​ទី​១៧-១៨ ខែ​មីនា​ ឆ្នាំ​២០១៨​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

សន្និសីទ​សារព័ត៌មាន

ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​ស្វែង​រក​អ្នក​ចូល​រួម​ប្រកួត​ លោក ពៅ តិចឡេង អ្នក​ចាត់​ការ​ទូទៅ​​របស់​ KARA Cup Race ​ដែល​​ជា​អ្នក​រៀប​ចំ​ការ​ប្រកួត​បាន​ប្រាប់​ថា​ នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​​កីឡាករ​​​​អាជីព​ និង​មិន​អាជីព​អាច​​ចូល​រួម​ប្រណាំង​ម៉ូតូ​​​លើ​ទី​លាន​វាល​រាប។ ​ព្រឹត្តិការណ៍​នេះ​មាន​​៥​វិញ្ញាសា​សម្រាប់​អ្នក​ចូល​រួម​ទាំង​អាជីព​ និង​មហាជន។

  • កម្រិត​ A សម្រាប់​ម៉ូតូ​កែច្នៃ​ដែល​មាន​កម្លាំង​ម៉ាស៊ីន​១៥០​ CC។

  • កម្រិត​ B សម្រាប់​ម៉ូតូ​អង់ព្រីយ៉ា​​ដែល​មាន​កម្លាំង​ម៉ាស៊ីន​១៣០​ ទៅ​១៥០​ CC។

  • កម្រិត​ C សម្រាប់​ម៉ូតូ​​អង់ព្រីយ៉ា​ដែល​​មាន​កម្លាំង​ម៉ាស៊ីន​ក្រោម​​ ១២៥​ CC។

  • កម្រិត​ D សម្រាប់​ម៉ូតូ​អូតូ​ (Auto)​ មាន​កម្លាំង​ម៉ាស៊ីន​១១០​ ទៅ​​ ១២៥​ CC។

  • កម្រិត​ E សម្រាប់​ម៉ូតូ​ដែល​​ប្រើ​ពេល​វេលា​២៣០​នាទី​ដែល​ជា​វិញ្ញាសា​ថ្មី។

គ្រប់​វិញ្ញាសា​ទាំង​៥​កម្រិត​ខាង​លើ​បើក​ទទួល​ចុះ​ឈ្មោះ​​ឲ្យ​ចូល​រួម​ប្រកួត​ក្នុង​១​​កម្រិត​ៗ​ចំនួន​​​១២​ទៅ​១៥​នាក់​ដែល​ម្នាក់​ៗ​ត្រូវ​បង់​ប្រាក់​​៥០​ដុល្លារ។ អ្នក​ចូល​រួម​ប្រកួត​អាច​បិទ​ស្គិគ័រ​​ម្ចាស់​ឧបត្ថម្ភ​​លើ​ម៉ូតូ​របស់​ខ្លួន​បាន​២​ក្រុម​ហ៊ុន​ប៉ុណ្ណោះ។ ការ​ប្រណាំង​មាន​រយៈ​ពេល​២​ថ្ងៃ​ ដូច្នេះ​ដើម្បី​គ្រប់​គ្រង​​ឲ្យ​បាន​ល្អ​ និង​មិន​​មាន​បញ្ហា​អសកម្ម​ ម៉ូតូ​ទាំង​អស់​ដែល​​ប្រកួត​ថ្ងៃ​ទី​១​រួច​ហើយ​ត្រូវ​រក្សា​ទុក​ទាំង​អស់​​នៅ​កន្លែង​ប្រកួត​​សម្រាប់​ប្រកួត​ថ្ងៃ​បន្ទាប់​ពោល​គឺ​មិន​ឲ្យ​យក​ចេញ​ក្រៅ​ឡើយ។

លោក ពៅ តិចឡេង ផ្តល់​បទ​សម្ភាសន៍

អ្នក​ចូល​រួម​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​អាច​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ដោយ​ខ្លួន​ឯង​បាន​ ប៉ុន្តែ​សម្រាប់​អ្នក​មាន​អាជីព​​ពី​១៣​ឆ្នាំ​ដល់​១៧​ឆ្នាំ​ត្រូវ​​មាន​ការ​បញ្ជាក់​អំពី​ការ​អនុញ្ញាត​ពី​ឪ​ពុក​ម្តាយ​ទើប​អាច​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។

លោក​ ពៅ តិចឡេង​ បាន​ឲ្យ​ដឹង​ថា​ រហូត​ដល់​ពេល​នេះ​ ​កីឡា​ប្រណាំង​ម៉ូតូ​ហាក់​ដូច​ជា​ថ្មី​សម្រាប់​អ្នក​ចូល​រួម​ប្រកួត​នៅ​ស្រុក​ខ្មែរ។ អ្នក​ចូល​រួម​ប្រកួត​នៅ​មិន​ទាន់​យល់​ច្បាស់​អំពី​បច្ចេកទេស​ និង​បែប​បទ​នៃ​ការ​ប្រណាំង​ម៉ូតូ​ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ជិត​ខាង​ដែល​គេ​ដើរ​លឿន​ជាង​កម្ពុជា។ «​ប្រណាំង​ម៉ូតូ​​នៅ​កម្ពុជា​យើង​ទើប​តែ​ចាប់​ផ្តើម​​ ហើយ​អ្វី​ដែល​យើង​យក​មក​អនុវត្ត​​​គឺ​ជា​ច្បាប់​​ដែល​គេ​រៀប​ចំ​ទូទាំង​ពិភព​លោក​ ប៉ុន្តែ​វា​ហាក់​ដូច​ថ្មី​សម្រាប់​អ្នក​ចូល​រួម​នៅ​កម្ពុជា​​ ដូច្នេះ​យើង​ពិត​ជា​ពិបាក​ពេល​រៀប​ចំ​កម្មវិធី​ប្រកួត​ម្តង​ៗ»។

​រង្វាន់​មាន​

  • លេខ​១៖ ប្រាក់​​៣៥០​ដុល្លារ​ និង​សម្ភារៈ​មួយ​ចំនួន​

  • លេខ​២៖ ប្រាក់​២៥០​ដុល្លារ​ និង​សម្ភារៈ​មួយ​ចំនួន​

  • លេខ​៣៖ ប្រាក់​១៥០​ដុល្លារ​ និង​សម្ភារៈ​​មួយ​ចំនួន

ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ម៉ូតូ​លើ​វាល​រាប​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧-១៨​ ខែ​មីនា​ ឆ្នាំ​២០១៨​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​ជា​ទី​លាន​ថ្មី​សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម៕​

អត្ថបទ៖ ជាន ចាន់រ៉ា