វីរបុរស​តោ​ខៀវ ថា Sane របស់ Man City លេង​ដូច​អតីត​កីឡាករ​ Man Utd ម្នាក់

  • 2018-04-03 14:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្លឹប Chelsea អតីត​កីឡាករ​ Frank Lampard ថា ខ្សែ​ស្លាប Leroy Sane លេង​ដូច​វីរបុរស​ក្លឹប Manchester United អតីត​ខ្សែ​ស្លាប Ryan Giggs។

Lampard ក្នុង​ថ្ងៃ​នេះ បាន​សរសេរ​ក្នុង​អត្ថបទ​មួយ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន London Evening Standard ៖ "បើ​មើល​តម្លៃ​ខ្លួន​កីឡាករ​បច្ចុប្បន្ន តម្លៃ​ដែល Manchester City ចំណាយ​ដើម្បី​ផ្ទេរ​ចូល Saneចាត់​ទុក​ថា​សមរម្យ​ហើយ"។ តម្លៃ​ដែល​វីរបុរស​តោ​ខៀវ​រូប​នេះ សំដៅ​លើ​នោះ គឺ​លុយ​ជាង ៣៧ លាន​ផោន ដែល​ Manchester City បាន​ចាយ ដើម្បី​បាន Sane ពី​ក្លឹប​អាល្លឺម៉ង់ Schalke 04 កាល​ពី​ឆ្នាំ ២០១៦។

អតីត​ខ្សែ​បម្រើ​ឆ្នើម​បន្ត៖ "របៀប​ញាក់​ខ្សែ​ការពារ ចលនា ភាព​ឆ្លាត​វៃ និង​ល្បឿន​របស់ Sane ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​មនុស្ស​ម្នាក់ នោះ​គឺ Ryan Giggs កាល​គេ​នៅ​ជា​កីឡាករ​។ អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​មួយ​ទៀត ពី Sane គឺ​គេ​ចូល​ចិត្ត​លេង​បាល់​បែប​សាមញ្ញ​ៗ"។

សូម​បញ្ជាក់​ផង​ដែរ ខ្សែ​ស្លាប​អាល្លឺម៉ង់ Sane បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​។ កីឡាករ​រក​បាន ៩​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចំនួន ១១​លើក ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ២៦​ដង​ឲ្យ​ Manchester Cityនៅ​លីគ​កំពូល​អង់គ្លេសនា​រដូវ​កាល​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី