សោកស្តាយផង តាម​ដំណឹង iPad Pro ជំនាន់ក្រោយ អត់លេង​ក្បាលឆកដូច iPhone X ទេ

  • 2018-08-03 02:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមរូបតំណាងកម្មវិធី (icon) មួយរបស់ iOS 12 beta 5 ដែលទើបនឹងចេញនាពេលថ្មីៗនេះ វាអាចនឹងជាតម្រុយបង្ហាញពីរូបរាង iPad Pro ស៊េរីថ្មីចេញក្នុងឆ្នាំនេះ ដែលវានឹងមានអេក្រង់សឹងពាសពេញផ្ទៃខាងមុខដូច iPhone X អ៊ីចឹង តែវានឹងមិនមានក្បាលឆកឡើយ។ តាមគេហទំព័រ 9to5Mac បានបង្ហាញរូបតំណាងកម្មវិធីក្នុង iOS 12 beta 5 ដោយអាចកត់សម្គាល់បានថា រូបនោះជា iPad ជំនាន់ថ្មីដែលមានគែមស្ដើងមិនឃើញមានកាមេរ៉ានៅផ្នែកខាងមុខឡើយ បើប្រៀបទៅនឹងរូបតំណាងកម្មវិធីចាស់ ដែលចេញមកមានទ្រង់ទ្រាយជា iPad ដែលយើងគ្រប់គ្នាធ្លាប់ស្គាល់នោះឯង គឺមានគែមជុំវិញធំ និងមានកាមេរ៉ាខាងមុខនៅចំកណ្ដាលថ្ងាសខាងលើ។

បើតាមឧទាហរណ៍កាលពីឆ្នាំមុន គេក៏បានរកឃើញ icon តំណាងឲ្យទូរសព្ទជំនាន់ថ្មីរបស់ Apple ដែលមានអេក្រង់លាតពាសពេញ និងមានក្បាលឆកនៅក្នុង Firmware របស់ Homepod ផងដែរ ដែលចុងក្រោយមក វាគឺជា iPhone X ដែលប្រកាសចេញនៅក្នុងខែកញ្ញា ហើយចេញលក់ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ នោះ។ ដូច្នេះ បើតាម icon ដែលបង្ហាញរូប iPad ថ្មីនេះ ទោះបីជាគ្មានរូបភាពលេចធ្លាយគ្រឿងក្នុងណាមួយក៏ដោយ ក៏គេអាចសន្មតពីរូបរាងខាងមុខរបស់ iPad Pro ឆ្នាំ ២០១៨ នេះបានដែរ។ ហើយបើតាមពាក្យចចាមអារ៉ាម ដែលថា Apple ចង់ផលិត iPad ស៊េរីខ្ពស់ដែលមានអេក្រង់លាតពេញផ្ទៃខាងមុខទៀតនោះ រឿងនេះគឺកាន់តែច្បាស់ការហើយ។

យ៉ាងណាមិញ ចំពោះពាក្យចចាមអារ៉ាមដែលលេចឮពីការប្រើប្រាស់កាមេរ៉ា TrueDepth ជា Face ID សម្រាប់ដោះសោដូច iPhone X លើ iPad Pro ជំនាន់ក្រោយនេះ ទំនងអាចជាមានភាពស្រពេចស្រពិល ព្រោះគេមិនឃើញមានក្បាលឆក ដែលជាកន្លែង Apple បំពាក់កាមេរ៉ា TrueDepth នោះឡើយ។ ប៉ុន្តែ ដោយសារតែ iPad Pro មានទំហំធំ ដូចនេះគែមដែលនៅសល់ពីអេក្រង់ដ៏ធំរបស់វានេះ អាចនឹងល្មមគ្រប់គ្រាន់ក្នុងការបំពាក់មុខងារ Face ID នេះបានហើយ។ ប៉ុន្តែ សំណួរចោទសួរមួយទៀតគឺចង់និយាយពីរឿង រន្ធកាស ៣.៥ ម.ម ថាតើវានឹងមកជាមួយ iPad Pro ជំនាន់ក្រោយនេះទៀតឬអត់? ចម្លើយនោះគឺ ប្រហែលជាអត់ទេ។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម
អត្ថបទថ្មី