ជម្លោះ​ប្ដឹងផ្ដល់រវាង Brad Pitt និង​ Angelina Jolie កាន់​តែ​ស្មុគស្មាញ​ខ្លាំង​ហើយ

  • 2018-08-09 02:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ តារា​សម្ដែង Angelina Jolie បាន​ដាក់​ពាក្យ​បណ្ដឹង​សា​ជា​ថ្មី ដោយ​អះអាង​ថា ក្នុង​ឯកសារ​ស្រប​ច្បាប់ តារា​សម្ដែង Brad Pitt មិន​បាន​ផ្ដល់​លុយ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​កូន​ៗ​របស់​ពួក​គេ​នោះ​ទេ ចាប់​តាំង​ពី​សម្រេច​ចិត្ត​លែង​លះ​គ្នា​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៦​មក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​វិប​សាយ TMZ បាន​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ ខាង​មេធាវី​របស់​តារា​សម្ដែង Brad Pitt បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​របស់​តារា​ស្រី​រូប​នោះ​ថា Brad Pitt បាន​ឲ្យ​ប្រាក់​កម្ចី​ចំនួន ៨ លាន​ដុល្លារ​ទៅ​ឲ្យ​នាង ដើម្បី​អាច​ទិញ​​ផ្ទះ​មួយ ដែល​នាង​កំពុង​រស់​នៅ​សព្វថ្ងៃ​នេះ ហើយ​បាន​ឲ្យ​លុយ​បន្ថែម​ជាង ១,៣ លាន​ដុល្លារ​ទៀត ដើម្បី​ឲ្យ​ផ្គត់ផ្គង់​កូនៗ។

មេធាវី​របស់​តារា​សម្ដែង Brad Pitt បាន​និយាយ​ថា តារា​សម្ដែង Angelina និង​មេធាវី​របស់​នាង​បាន​លេង​ល្បិច​ដ៏​អាក្រក់ ចោទ​ប្ដឹង​ពួក​គេ ដើម្បី​​អាចបង្ខូច​ឈ្មោះ​ ពេលបណ្ដាញសារព័ត៌មានចេញផ្សព្វផ្សាយ។ មេធាវី​របស់​តារា​សម្ដែង​ប្រុស​រូប​នេះ​បាន​បន្ត​ទៀត​ថា ឯកសារ​ផ្លូវ​ច្បាប់​របស់​ Angelina ដែល​​បាន​បំពេញ​កាល​ពី​ដើម​សប្ដាហ៍​នេះ ដើម្បី​ឲ្យ​ខាង​តុលាការ​ចាត់​ការ​ ការ​លែង​លះ​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​នាង​អាច​ក្លាយ​ជា​មនុស្ស​ខ្លួន​មួយ​ម្ដង​ទៀត ដោយ​ទុក​ការ​ផ្គត់ផ្គង់​កូនៗ និង​បញ្ហា​ផ្សេង​ទៀត​នៅ​ពេល​ក្រោយ។

ជាមួយ​គ្នា​នេះ​ដែរ ខាង​មេធាវី​របស់​តារា​សម្ដែង Brad Pitt បាន​វាយ​តប​ទៅ​វិញ ដោយ​និយាយ​ថា គឺ​ពួក​គេ​ទេ​ដែល​ជា​អ្នក​ទាក់ទង​ទៅ​ខាង​មេធាវី​របស់ Angelina កាល​ពី​សប្ដាហ៍​មុន ដើម្បី​ឲ្យ​បញ្ចប់​បញ្ហា​រឿង​លែងលះ​គ្នា​នេះ​ឲ្យ​បាន​ឆាប់ ហើយ​បន្ទាប់​មក ចាំ​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​កូន​ៗ និង​បញ្ហា​​ចែក​ទ្រព្យសម្បត្តិតាមក្រោយ។ បើតាមការបញ្ជាក់ពីតុលាការ មេធាវី​របស់​នាង​បាន​ប្រាប់​ថា​ ពួកគេ​កំពុង​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ​ជាមួយ​​អតិថិជន​របស់​គេ ហើយ​ក្រោយ​មក Angelina ក៏​ធ្វើ​ដូច​ជា​នាង ជា​អ្នក​ដែល​ចង់​លែងលះ​ឲ្យ​ឆាប់ៗ​ទៅ​វិញ៕ ​ ​

ប្រភព៖ TMZ   ប្រែ​សម្រួល៖ អន សុភក្ត្រា