ម្ចាស់​មេដាយ​រាំ​​កម្ពុជា​កម្រិត​អាស៊ី​មក​ដល់​ភ្នំពេញ​យប់​នេះ​

  • 2018-09-17 03:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​ កីឡា​ការិនី​រាំ​កម្ពុជា​នឹង​ត្រឡប់​មក​ដល់​ប្រទេស​កំណើត​វិញ​វេលា​ម៉ោង​១១​យប់​នេះ​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា​រាំង​កម្រិត​ទ្វីប​អាស៊ី​នៅ​ទី​ក្រុង​ហុងកុង ប្រទេស​ចិន​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

កីឡាករ វ៉ិចទ័រ និង ដានីអែលឡា ឈ្នះ​មេដាយ​មាស (រូបថត​៖ NOCC)

តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​រាំង​កម្ពុជា​ថា ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​កីឡា​រាំង​ ADSF Asian Dance Sport Championship ឆ្នាំ​២០១៨​នៅ​​ទី​ក្រុង​ហុងកុង​នេះ​ កម្ពុជា​ដណ្តើម​បាន​មេដាយ​៥​គ្រឿង​គឺ​មាស​១​ ប្រាក់​ ១​​និង​សំរឹទ្ធ​៣។ នេះ​ជា​លើក​ដំបូង​ដែល​សហព័ន្ធ​រាំ​កម្ពុជា​បញ្ជូន​​អត្តពលិក​រាំ​របស់​ខ្លួន​ចូល​រួម​ប្រកួត​កម្រិត​ទ្វីប​អាស៊ី។

កីឡាករ​ ច័ន្ទ វ៉ិចទ័រ​ និង​កីឡា​ការិនី​ ព្រាប ដានីអែលឡា​​ ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​សម្តែង​វិញ្ញាសា​គូ​បុរស-នារី 5-Dance ក្នុង​ផ្នែក​ Asian Hong Kong Open 2018។ អ្នក​ទាំង​ពីរ​ក៏​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ការ​ប្រកួត​រាំង​គូ​បុរស-នារី​។

ដោយ​ឡែក​កីឡាករ​ សេង សុគីម ឈ្នះ​មេដាយ​ប្រាក់​១​ពី​ការ​ប្រកួត​សម្តែង​វិញ្ញាសា​ទោល​ Cha Cha Cha និង​ឈ្នះ​មេដាយ​សំរឹទ្ធ​១​​ទៀត​ពី​ការ​ប្រកួត​រាំ​វិញ្ញាសា Rumba។ ជា​មួយ​គ្នា​នេះ​​កីឡាករ​ ម៉ូវ ដាវីន និង​កីឡា​ការិនី​ ម៉ូវ ដានីតា​ប្រកួត​រាំ​គូ​បុរស-នារី​ Cha Cha Cha ឈ្នះ​មេដាយ​សំរឹទ្ធ​១។

ព្រឹត្តិការណ៍​ប្រកួត​រាំ​ជើង​ឯក​អាស៊ី​​នេះ​ធ្វើ​ឡើង​នៅ​​ទី​ក្រុង​ហុងកុង​ពី​ថ្ងៃ​ទី​១៤-១៥​ ខែ​កញ្ញា ឆ្នាំ​២០១៨​ដែល​មាន​ប្រទេស​ចូល​រួម​ជិត​៤០​ប្រទេស។ ចំណែក​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ កីឡា​ការិនី​៩​នាក់​ចូល​រួម​ប្រកួត។ ក្រុម​កីឡា​រាំ​កម្ពុជា​នឹង​វិល​ត្រឡប់​មក​ដល់​ប្រទេស​កំណើត​វេលា​ម៉ោង​១១​យប់​​ ថ្ងៃ​ចន្ទ​ ទី​១៧ ខែ​កញ្ញា​នេះ៕

ការ​ប្រកួត​សម្តែង​ (រូបថត​៖ NOCC)
រូបថតអនុស្សាវរីយ៍ (រូបថត​៖ NOCC)

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី