មក​ដឹង​ចំណុច​ខ្លាំង Huawei Mate 20/20 Pro ប្រកាស​ចេញ​យប់​នេះ

  • 2018-10-16 07:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei នឹង​បង្ហាញ​ចេញ​ស្មាតហ្វូន​កំពូល​ចុង​ក្រោយ​​ម៉ូដែល​ Mate 20 និង 20 Pro ប្រចាំ​ឆ្នាំ ២០១៨ នៅ​វេលា​ម៉ោង ៨ យប់​នេះ​ ​លើ​ឆាក​អន្តរជាតិ​នា​ទីក្រុង​ឡុងដុង។

​​​ត្បិត​ថា​មិន​ទាន់​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ ប៉ុន្តែ​រយៈពេល​កន្លង​មក​ទៅ​ដំណឹង​ចចាមអារ៉ាម​ជុំវិញ​ស្មាតហ្វូន​ទាំង​ពីរ​ ត្រូវ​បាន​គេ​បញ្ចេញ​ជា​ហូរហែ។ ខាង​ក្រោម​នេះ​ជា​ចំណុច​ពិសេសៗ​មួយ​ចំនួន​រំពឹង​ថា​មាន​លើ Mate 20/20 Pro ៖

  • រចនាបថ​
Mate 20

ស្មាតហ្វូន​ទាំង​ពីរ​នឹង​មាន​រូបរាង​មិន​ខុស​ពី Mate 10/10 Pro ដែល​ចេញ​ពី​ឆ្នាំ​ទៅ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​មាន​​​ផ្ទៃ​អេក្រង់​លាត​ពេញ​ទី​ធំ​ជាង​មុន ជា​មួយ​ការ​បន្ថែម​​ក្បាល​ឆក​។ Mate 20 Pro នឹង​មាន​បំពាក់​អេក្រង់​ OLED រាង​កោង​ ខណៈ​ដែល​ Mate 20 មាន​បំពាក់​អេក្រង់​ LCD ផ្ទៃ​រាប​ស្មើ។ ក្រោម​ផ្ទៃ​អេក្រង់​ Mate 20 Pro នឹង​មាន​បំពាក់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​យ៉ាង​ពិសេស​ទៀត​ផង ចំណែក​ Mate 20 មាន​ទ្រនាប់​ស្កេន​នៅ​ខ្នង​ខាង​ក្រោយ។

Mate 20 Pro
  • លក្ខណៈ​សម្បត្តិ​ខាង​ក្នុង

Huawei បាន​បញ្ជាក់​ថា​ Mate 20/20 Pro នឹង​ជា​ស្មាតហ្វូន​ដំបូង​គេ​របស់​ខ្លួន​មាន​ប្រើ​ប្រាស់​បន្ទះ​ឈីប​ Kirin 980 ទំហំ ៧ ណាណូម៉ែត្រ​ ដែល​សន្សំសំចៃ​ថាមពល និង​ផ្ដល់​ប្រតិបត្តិការ​លឿន​ជាង​មុន។ Mate 20 មាន​ជម្រើស​ RAM ទំហំ ៤ GB, ៦ GB និង ៨ GB អម​នឹង​អង្គ​ផ្ទុក​ទំហំ ៦៤ GB ឬ ៥១២ GB។ ចំណែក Mate 20 Pro មាន​ RAM ទំហំ ៦ GB ឬ ៨ GB អម​នឹង​អង្គ​ផ្ទុក​ទំហំ ១២៨ GB ឬ ៥១២ GB។

ស្មាតហ្វូន​ទាំង​ពីរ​អាច​ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​ឆាប់​ពេញ​កម្លាំង ៤០ វ៉ាត់ ដោយ​ Mate 20 មាន​ថ្ម​ទំហំ ៤០០០ mAh និង Mate 20 Pro មាន​ថ្ម​ទំហំ ៤២០០ mAh។

  • កាមេរ៉ា​
ខាងឆ្វេង Mate 20 Pro និងខាងស្ដាំ Mate 20

កាមេរ៉ា​ ៣ គ្រាប់​នឹង​លេច​វត្តមាន​លើ​ស្មាតហ្វូន​ទាំង​ពីរ​។ ជា​មួយ​ការ​ប្រើ​បន្ទះ​ឈីប​ Kirin 980 អាច​ជួយ​ឲ្យ​កាមេរ៉ា​លើ​ Mate 20/20 Pro ​មាន​សមត្ថភាព​ Zoom ចូល​បាន​រហូត​ដល់ ៥ ដង ដោយ​មិន​ខូច​គុណភាព ហើយ​ក៏​ជួយ​បង្កើន​សមត្ថភាព​ថត​រូប​ក្នុង​ទី​ងងឹត​ទៀត​ផង។

  • ទូរសព្ទ​ Gaming

Huawei បាន​បង្ហើប​ខ្លះៗ​ពី Mate 20X ដែល​ទំនង​ជា​ប្រភេទ​ទូរសព្ទ​សម្រាប់​លេង​ហ្គេម ​ដោយ​អាច​រក្សា​កម្ដៅ​​​បាន​ល្អ និង លេង​ហ្គេម​បាន​កាន់​តែ​យូរ។ ដំណឹង​អំពី​ទូរសព្ទ Gaming នេះ​មាន​មិន​ច្រើន​នោះ​ទេ។

​​បញ្ជាក់​ថា​ការ​ផ្សាយ​ផ្ទាល់​កម្មវិធី​ប្រកាស​ចេញ​ Huawei Mate 20/20 Pro អាច​ទស្សនា​បាន​លើ​​គណនី YouTube ​ផ្លូវ​ការ​​របស់​ Huawei ដោយ​កម្មវិធី​នឹង​ចាប់​ផ្ដើម​ពី​វេលា​ម៉ោង ៨ យប់​ថ្ងៃ​ទី ១៦ តុលា​នេះ។ លើ​ Page Sabay News Technology ក៏​នឹង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ជូន​ប្រិយមិត្ត​ទស្សនា​ផង​ដែរ ដូច​នេះ​កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា៕

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី