ម៉ូតូអគ្គិសនីវៀតណាម បង្ហាញតម្លៃលក់ ធូរថ្លៃស្មានមិនដល់

  • 2018-11-07 08:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ូតូ​អគ្គិសនី​របស់​​​ក្រុមហ៊ុន​វៀតណាម ​​Vinfast បាន​បង្ហាញ​​វត្តមាន​កាល​ពី​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​កន្លង​ទៅ ដោយ​ពេល​នេះ​តម្លៃ​របស់​វា​ត្រូវ​បាន​បង្ហាញ​ចេញ​ហើយ។

ចំពោះ​ការ​ចេញ​លក់​ដំណាក់​កាល​ដំបូង​ម៉ូតូ​អគ្គិសនី​ម៉ូដែល Klara នេះ​នឹង​មាន​តម្លៃ​​ប្រមាណ ៩០០ ដុល្លារ ដល់ ១ ៥០០ ដុល្លារ អាស្រ័យ​លើ​ប្រភេទ​របស់​វា។ ចំពោះ​​តម្លៃ​សម្រាប់​ដាក់​លក់​ដំណាក់​កាល​ទីពីរ និង​តម្លៃ​លក់​ផ្លូវ​ការ​អាច​​ប្រែប្រួល​ខុស​ពី​នេះ។

ទាក់ទង​តម្លៃ​នេះ​ដែរ ពលរដ្ឋ​វៀតណាម​បាន​បង្ហាញ​មតិ​ភ្ញាក់ផ្អើល​ពេល​ដឹង​ថា​​ម៉ូតូ​អគ្គិសនី​ដែល​មាន​ស្តង់ដារ​បែប​អន្តរជាតិ​ ដាក់​លក់​តម្លៃ​ធូរ​ថ្លៃ​បែប​នេះ។ ម៉ូតូ​អគ្គិសនី​ Klara មាន​បំពាក់​ដោយ​អំពូល​ LED, មាន​ភ្ជាប់​អ៊ីនធឺណិត 3G, GPS, ការ​បញ្ជា​ចាក់​សោ​ពី​ចម្ងាយ និង​អាច​ជិះ​បាន​ចម្ងាយ ៨០ គ​.ម ទៅ ១២០ គ.ម។

គួរ​ដឹង​ដែរ​ថា រោងចក្រ​ផលិត​ម៉ូតូ​អគ្គិសនី​របស់​ក្រុមហ៊ុន VinFast គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី ៦,៤​ហិកតា នៅ​ក្រុង Hai Phong ដែល​ផលិត​ម៉ូតូ​បាន ២៥​ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ។ គោលដៅ​របស់​ក្រុមហ៊ុន​នេះ គឺ​ក្លាយ​ជា​រោងចក្រ​ផលិត​ម៉ូតូ​អគ្គិសនី​ដ៏​ទំនើប​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​៕​

ចុចអាន៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង