អ្វីជាការលំបាករបស់អ្នកធ្វើ VLOG និង YOUTUBE?
- 2018-12-03 07:34:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីជាការលំបាករបស់អ្នកធ្វើ VLOG និង YOUTUBE?
ចន្លោះមិនឃើញ
យុវជនកម្ពុជាជាច្រើននាពេលបច្ចុប្បន្ន កំពុងមានទំនោរលើការធ្វើ YouTube និង Vlog ដោយពួកគេគិតថា នឹងទទួលបានភាពល្បីល្បាញ គេស្គាល់ច្រើន ធ្វើជាការកម្សាន្តអារម្មណ៍ និងទទួលបានចំណូលខ្លះ ពីបណ្ដាញសង្គមមួយនេះ។ យ៉ាងណា YouTuber និង Vlogger មួយចំនួន ក៏បានចែករំលែក ចំណេះដឹង និងឧបសគ្គខ្លះៗដែលពួកគេជួបប្រទេះផងដែរ។
អ្នកធ្វើវីដេអូ Prank សុខសាន្ត ឌីម៉ង់ ប្រាប់ថា ឧបសគ្គរបស់ខ្លួនគឺ អ្នកថត ព្រោះវបើគ្មានអ្នកកាន់កាមេរ៉ាទេ ច្បាស់ជាពិបាក។ ទី២ គឺ សំឡេង។ ពេលថតម្ដងៗយុវជនខេត្តសៀមរាប ប្រើទូរសព្ទ ហើយពេលខ្លះបាត់សំឡេងប្លង់ល្អក៏មាន និងទី៣គឺការកាត់ត។ ពេលខ្លះមានអារម្មណ៍តានតឹង Dimong Vlogs បានចំណាយពេលកាត់ដល់ទៅ ១០ ម៉ោងក៏មានដែរ។ ជាធម្មតាវីដេអូមួយ យុវជនប្រើពេលតែ ៣ ទៅ ៤ ម៉ោងប៉ុណ្ណោះ។
ឧបសគ្គធំរបស់ Vlogger វ័យក្មេង ឡាយ ប៊ុនឡេង គឺ អ្នកស្អប់ (Hater), ពេលវេលា និងទីតាំង។ បើតាមយុវជនរូបនេះ អ្នកស្អប់ខ្លះ បញ្ចេញមតិមិនល្អ ហើយធ្វើឱ្យយុវជនចង់បោះបង់ម្ដងៗ។ ចំពោះដំណោះស្រាយ របស់យុវជន ប៊ុនឡេង គឺ ឈប់ខ្វល់។
ពេលវេលា ក៏ជាបញ្ហា ក៏ដោយសារតែប៊ុនឡេង ជាសិស្សកំពុងសិក្សា ត្រូវការរៀនសូត្រច្រើន គ្មានពេលធ្វើប្លុកឡើយ ខណៈបញ្ហាចុងក្រោយ គឺទីតាំង។ ផ្ទះរបស់ ប៊ុនឡេង នៅកន្លែងប្រជុំជន មានសំឡេងរំខានច្រើន ជាហេតុពិបាកថត។ ចំពោះដំណោះស្រាយ ប៊ុនឡេង ទិញម៉ៃតូចៗដាក់ជាមួយទូរសព្ទ ឬកាមេរ៉ា ដើម្បីថត។
ដោយឡែក Raven Blaze ដែលជា Vlogger និង YouTuber ល្បីមួយរូប ប្រាប់ថា ឧបសគ្គរបស់លោក គឺអ្នកស្អប់ (Hater)។ លោកថា នៅពេល Hater ខមមិនមិនល្អ ធ្វើឱ្យលោកមានសតិអារម្មណ៍ ក្នុងការផ្ចង់ធ្វើ Vlog ឬ YouTube ឡើយ។
ពេលក្លាយខ្លួនជា YouTuber លោកកាន់តែរវល់ ដូច្នេះពេលវេលា ជាឧបសគ្គទី២ របស់លោក។ នៅពេលលោកទទួលអ្នកឧបត្ថម្ភច្រើន ធ្វើឱ្យលោកគ្មានពេលធ្វើឱ្យ គ្មានពេលធ្វើវីដេអូសម្រាប់អ្នកគាំទ្រ និងគ្មានពេលធ្វើវីដេអូដែលខ្លួនស្រលាញ់។ លោកបាត់អស់ភាពសប្បាយរីករាយ និងអស់គំនិតច្នៃប្រឌិតថ្មីៗប្លែកៗ។ ពេលខ្លះធ្វើឱ្យលោកស្ត្រេស គាំងទាំងគំនិត និងមនុស្ស។ ពេលខ្លះចង់ត្រឡប់ទៅធ្វើការវិញក៏័មាន។
ដើម្បីដោះស្រាយបញ្ហាបនេះ Raven តែងចូលទៅមើលប្រអប់ Comment ព្រោះ Comment ល្អ ធ្វើឱ្យលោកមានកម្លាំងចិត្ត។ យុវជនលែងខ្វល់ នឹង Comment មិនល្អ ហើយទទួលយកមតិល្អៗ ដើម្បីវិវឌ្ឍខ្លួនបន្ថែម។
ចំណែកឧបសគ្គរបស់លោក Vlogger ជិះម៉ូតូផ្សងព្រេង Frost Zk ហៅ ហ្សាកូលីន វិញគឺ ខ្លួនលោកផ្ទាល់តែម្ដង។ លោកថានៅពេលលោកជិះម៉ូតូយូរៗទៅ មហិច្ឆតាចម្ងាយផ្លូវរបស់លោក កាន់តែឆ្ងាយៗទៅរហូតរាប់ម៉ឺនគីឡូ។ លោកមិនត្រឹមតែចង់ជិះជុំវិញស្រុកខ្មែរប៉ុណ្ណោះទេ ថែមទាំងចង់ជិះក្រៅប្រទេសទៀតផង។
ចំពោះបទពិសោធន៍ក្រៅប្រទេស លោកបានទៅប្រទេសវៀតណាម និងឡាវជាដើម។ លោកមានមហិច្ឆតា បង្ហាញទង់ជាតិខ្មែរ ដល់ប្រទេសផ្សេងៗទៀត តាមដែលអាចធ្វើបាន។ ទី២ គឺ Hater។ លោកថា មានទឹកចិត្ត និងបាក់ទឹកចិត្ត ក៏ដោយសារអ្នកគាំទ្រ។ ចំពោះដំណោះស្រាយ នឹងចូលទៅមើលប្រអប់ Comment។ បើ Comment ល្អ លោកយកទុក បើមិនល្អលោកមិនទុកក្នុងចិត្តឡើយ។ យ៉ាងណាពួកគេក៏បានប្រាប់ដែរថា បើចង់ធ្វើ Vlog មួយមានអ្នកមើលច្រើន ត្រូវមាន Content ច្បាស់លាស់ កុំក្លែង អត្តចរិត ពោលអត្តចរិតក្នុងវីដេអូយ៉ាងម៉េច នៅខាងក្រៅក៏យ៉ាងនោះដែរ ចេះស្រលាញ់ និងកុំគិតពីរឿងរកលុយខ្លាំងពេក៕