៥ចំណុច​ ធ្វើ​ឲ្យ​កក្រើក​បុណ្យ​សមុទ្រ​នៅ​កោះកុង​ឆ្នាំ​នេះ​

  • 2018-12-12 03:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​សមុទ្រ​លើក​ទី៧​ នៅ​ខេត្ត​កោះកុង​ឆ្នាំ​នេះ​នឹង​ធ្វើ​ឲ្យ​កក្រើក​មហាជន​ចូលរួម​ ទី១​ នោះ​គឺ​ការ​ប្រកួត​មិត្តភាព​របស់​កីឡាម៉ូតូទឹក(Jetski)​ ទី២​ ប្រណាំង​កង់​បែប​កម្សាន្ត​លើ​ស្ពាន​កោះកុង​ ទី៣​ បើក​ជ្រក​ព្រំដែន​ចេញ​ចូល​ដោយ​សេរី​ ទី៤​ ប្រជាជន​កម្ពុជា​អាច​ចូល​ទៅ​ស្នាក់នៅ​ផ្ទះ​សំណាក់​ឬ​សណ្ឋាគារ​នៅ​ខាង​ប្រទេស​ថៃ​បាន​ ទី៥​ មហាជន​ជួល​កន្លែង​ស្នាក់នៅ​ (Home Stay)​ ជា​មួយ​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​បាន។​

កីឡាករម៉ូតូទឹកកម្ពុជា

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ លោក​ជឿជាក់​ថា​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​រឹតតែ​សប្បាយ​ និង​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ជា​ខ្លាំង​ដោយ​សារ​មាន​កម្មវិធី​ច្រើន​ជា​មួយ​ភាគី​ខាង​ប្រទេស​ថៃ។​

ទិដ្ឋភាពបុណ្យសមុទ្រ​លើកទី៦

ឯកឧត្ដម​បន្ថែម​ទៀត​ថា​ ការ​បង្ហាញ​ពី​កីឡា​មាន​សក្ដានុពល​របស់​កម្ពុជា​គឺ​ម៉ូតូ​ទឹក​ ដែល​ពី​មុន​មហាជន​មិន​ដែល​បាន​ឃើញ​ពួកគេ​ប្រកួត​ដោយ​ផ្ទាល់​ភ្នែក​ មិន​ដែល​បាន​ឃើញ​ការ​ប្រណាំង​របស់​ពួកគេ​ និង​ជា​ពិសេស​គឺ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​ម្ចាស់​មេដាយ​មាស​មក​ពី​ប្រទេស​ថៃ​ ឥណ្ឌូណេស៊ី​ ដែល​ត្រូវ​ប៉ះ​កីឡាករ​ឆ្នើម​ម្ចាស់​មេដាយ​មាស​របស់​កម្ពុជា​ផង​ដែរ។​

ប្រណាំងកង់បែបកម្សាន្ត

ក្រៅ​ពី​នេះ​មហាជន​អាច​ឆ្លង​ចូល​ទៅ​លេង​ប្រទេស​ថៃ​ដោយ​សេរី​ និង​អាច​ស្នាក់​នៅ​ទី​នោះ​ផង​ដែរ។​ ចំណែក​ការ​ប្រណាំង​កង់​បែប​កម្សាន្ត​នោះ​ទៀត​សោត​គឺ​តម្រូវ​ឲ្យ​ជិះ​លើ​ស្ពាន​ឆ្លង​សមុទ្រ​កម្ពុជា​ថៃ​ និង​មាន​អភិបាល​ខេត្ត​ត្រាត ​របស់​ថៃ​ចូល​រួម​ជិះ​លេង​ជា​មួយ​ផង​ដែរ។​ នៅ​មាន​កីឡា​ច្រើន​ប្រភេទ​ទៀត​ដែល​ត្រូវ​ប្រកួត​អបអរ​ពិធី​ដ៏​ធំ​មួយ​នេះ​ ហើយ​ក៏​មាន​ការ​ស្តង់​លក់​សម្ភារ​ប្រើប្រាស់​ អាហារ​ហូបចុក​ និង​ជា​ច្រើន​មាន​ទាំង​កម្ពុជា​និង​ថៃ។​ នា​ត្រី​ក៏​មាន​ការ​សម្ដែង​ជា​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ខេត្ត​ និង​មាន​ការ​ប្រគំតន្ត្រី​ផង​ដែរ។​ នា​ពិធី​នេះ​ផង​ដែរ​ ប្រសិន​អ្នក​ដែល​ទៅ​កម្សាន្ត​នៅ​ឯ​ខេត្ត​កោះកុង​ទាំង​អស់​មិន​មាន​កន្លែង​ស្នាក់​នៅ​គឺ​អាច​ចូល​ទៅ​ជួល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ៗ​នោះ​បាន​ ព្រោះ​ពួកគេ​បាន​ត្រៀម​ទទួល​ភ្ញៀវ​ផង​ដែរ​ ដោយ​ផ្ទះ​ខ្លះ​ដាក់​ផ្លាក​ «ផ្ទះ​ខ្ញុំ​មាន​បន្ទប់​ជួល»។​

រំលឹក​ដែរ​ថា​ កម្មវិធី​បុណ្យ​សមុទ្រ​លើក​ទី៧​ ដែល​ធ្វើ​នៅ​ឯ​ខេត្ត​កោះកុង​ឆ្នាំ​នេះ​ នឹង​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី១៤​ ដល់​ ១៦​ ខែ​ធ្នូ​ ២០១៨​ ប៉ុន្មាន​ថ្ងៃ​ទៀត​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម