ល្ខោន​និយាយ «ទម្លាយ​ភាព​ស្ងៀមស្ងាត់»​ នឹង​សម្តែង​នៅ​ខេត្តតាកែវ នៅ​ថ្ងៃ​ស្អែក​នេះ

  • 2019-02-12 04:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ខោន​និយាយ​ «ទម្លាយ​ភាព​ស្ងៀមស្ងាត់» គឺជា​សាច់​រឿង​ល្ខោន​ដែល​ដក​ស្រង់​ចេញ​ពី​រឿង​រ៉ាវ​ពិត​របស់​អ្នក​រស់​រាន​មាន​ជីវិត​ក្រោយ​របប​ខ្មែរ​ក្រហម តាម​រយៈ​ការ​ស្រាវ​ជ្រាវ និង​សម្ភាសន៍​ជាមួយ​ជន​រងគ្រោះ និង​ជន​ដៃ​ដល់​នៅ​តាម​ភូមិ​ឃុំ​នានា ក្នុង​ប្រទេស​កម្ពុជា។​

អ្នក​និពន្ធ​ជនជាតិ​ហូឡង់ ២រូបគឺ អ្នកស្រី អាន់ម៉ារី ព្រីនស៍ និង​អ្នកស្រី ណាន់ វ៉ាន់ ហួត សហការ​ជាមួយ​អម្រឹតា​សិល្បៈ ដោយ​មាន​ការ​ជ្រោមជ្រែង​លើ​កិច្ចការ​ស្រាវជ្រាវ​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បាន​ផលិត​ល្ខោន​នេះ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ នៃ​ការ​អនុវត្ត​ដំណើរ​ការ​ផ្សះផ្សា និង​ចាប់​ផ្ដើម​ស្តា​សង្គម​កម្ពុជា​ដ៏​ខ្ទេចខ្ទាំ​ឡើង​វិញ។

ល្ខោន​និយាយ «ទម្លាយ​ភាព​ស្ងៀមស្ងាត់» ត្រូវ​បាន​សម្ដែង​នៅ​តាម​បណ្ដា​ភូមិ​ឃុំ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ ២០០៨។ ក្រោយ​មក ល្ខោន​និយាយ  “ទម្លាយ​ភាព​ស្ងៀម​ស្ងាត់” ត្រូវ​បាន​ថត​ជា​សំឡេង និង​ចាក់​ផ្សាយ​តាម​វិទ្យុ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ល្ខោន​និយាយ​នេះ ត្រូវ​បាន​នាំយក​ទៅ​សម្ដែង​នៅ​ក្នុង​ប្រទេស​រ្វ៉ាន់ដា នៅ​ក្នុង​ឆ្នាំ ២០១២ ដោយ​មាន​តួអង្គ​ជនជាតិ​រ្វ៉ាន់ដា​ចំនួន​២​នាក់ បាន​ចូលរួម​សម្ដែង​រួមគ្នា បន្ទាប់ពី​ការ​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​ខួប​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ប្រទេស​រ្វ៉ាន់ដា។ បើ​គិត​មក​ដល់​សព្វ​ថ្ងៃ ប្រវត្តិ​នៃ​ការ​កកើត​ល្ខោន​និយាយ​នេះ​មាន​អាយុកាល​១០​ឆ្នាំ​មក​ហើយ។

នៅ​ក្នុង​ឆ្នាំ ២០១៨ ល្ខោន​និយាយ «ទម្លាយ​ភាព​ស្ងៀមស្ងាត់» ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ដាក់​បញ្ចូល​ឈុត​ថ្មី​មួយ​ទៀត ដែល​បន្ថែម​លើ​ខ្លឹម​សារ​ចាស់​ទាក់ទង​នឹង​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌​របស់​សាលាក្ដី​ខ្មែរ​ក្រហម ដែល​ហៀប​នឹង​បញ្ចប់​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ។ “ទម្លាយ​ភាព​ស្ងៀម​ស្ងាត់” ជាមួយ​ឈុត​ឆាក​ថ្មី ដែល​បាន​បញ្ចូល​លទ្ធផល​ចុង​ក្រោយ​របស់​តុលាការ​ខ្មែរ​ក្រហម ត្រូវ​បាន​សម្ដែង​ឡើង​វិញ​នៅ​សាល​វប្បធម៌ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី ១១ ខែ​មករា ឆ្នាំ២០១៩ ដោយ​មាន សិស្សានុសិស្ស គរុ​និស្សិត គ្រូបង្រៀន ប្រជាជន អ្នក​និពន្ធ​សៀវភៅ មន្រ្តី​រាជការ មន្រ្តី​ទូត ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​សាលាក្ដី​ខ្មែរ​ក្រហម និង​ខ្មែរ​អ៊ីស្លាម ប្រមាណ​ជាង​៥០០នាក់​ ចូលរួម​ទស្សនា។  

ល្ខោន​និយាយ «ទម្លាយ​ភាព​ស្ងៀមស្ងាត់» ជាមួយ​ឈុត​ឆាក​ថ្មី ក៏​នឹង​រៀបចំ​សម្ដែង​ជា​លើក​ទី​២ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្ត​តាកែវ នៅ​រសៀល​ថ្ងៃ​ពុធ ទី១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខាងមុខ ​ដោយ​សាធារណជន​អាច​ចូលរួម​ទស្សនា​ដោយសេរី៕

រូបភាព៖ ផ្ដល់​ឲ្យ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម