ផ្សារ​សហគមន៍​ទេសចរ​ទន្លេបាទី​ គ្រោង​នឹង​ដំណើរ​ការ​មុន​ចូល​ឆ្នាំ​ខ្មែរ

  • 2019-02-16 04:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ទីតាំង​ស្ថិត​នៅ​រមណីយដ្ឋាន​ទន្លេ​បាទី ​ក្នុង​ខេត្ត​តាកែវ ផ្សារ​សហគមន៍​ទេសចរ​ដ៏​ធំ​មួយ​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​។ នេះ​បើ​តាម​ប្រសាសន៍​លោក ហង្ស វិច្ឆិការាស្សី អភិបាល​រង​ស្រុក​បាទី​បាន​ថ្លែង​ប្រាប់ sabay ។

  លោក​បាន​បន្ត​ថា ផ្សារ​នេះ​មាន​ទំហំ​ប្រមាណ ៣០ ម៉ែត្រ គុណ​ ៥០​ម៉ែត្រ​ ត្រូវ​បាន​សាងសង់​ឡើង​ក្រោម​គម្រោង “ចលនា​ភូមិ​ថ្មី” ដែល​ឧបត្ថម្ភ ដោយ​ទី​ភ្នាក់​ងារ​កូរ៉េ ដើម្បី​សហប្រតិបត្តិការ​អន្តរជាតិ (KOICA) សម្រាប់​គម្រោង​អភិវឌ្ឍន៍​កសិកម្ម។ ​ ​“​ចលនា​ភូមិ​ថ្មី”​ គឺជា​​គម្រោង​​សាកល្បង ​ដែល​ ប្រព្រឹត្ត​ទៅ​បាន ​ដោយ​ជំនួយ​ឥត​សំណង​ចំនួន​ ៨ ​លាន​​ដុល្លារ​អាមេរិក ដែល​បាន​ផ្ដល់​ជូន​កម្ពុជា​តាមរយៈ​​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ដោយ​កូរ៉េ​ខាងត្បូង ក្នុង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នា​ពេល​កន្លងមក​ ​។ បច្ចុប្បន្ន​ ផ្សារ​បាន​សាង​សង់​រួច​ហើយ និង​កំពុង​ដំណើរ​ការ​ចុះឈ្មោះ​ប្រជាពលរដ្ឋ ដែល​មាន​បំណង​លក់​នៅ​ផ្សារ​ខាងលើ។

  លោក​បាន​ឱ្យដឹង​ទៀត​​ថា ការ​ដាក់​ឱ្យ​ដំណើរ​ការ​ផ្សារ​នេះ​នឹង​ក្លាយ​ជា​ចលករ​ថ្មី​មួយ ឱ្យ​ប្រជាកសិករ​កាន់​តែ​មាន​ទឹកចិត្ត និង​​ការយល់​​ដឹង​បន្ថែ​ម​​ពី​របៀប​នៃ​ការ​ធ្វើ​​ស្រែ​ចម្ការ ការ​ចិញ្ចឹម​សត្វ ​និង​ការ​ប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។ ​​“ដូច្នេះ ផ្សារ​សហគមន៍​ទេសចរ​ទន្លេបាទី អាច​នឹង​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បន្ថែម​ទៀត​មក​ទស្សនា​នៅ​រមណីយដ្ឋាន​ទន្លេបាទី”។

  គ្រប់​ផលិតផល​ទាំងអស់​ ដែល​ដាក់​លក់​ក្នុង​ផ្សារ​សហគមន៍​ទេសចរ​ទន្លេបាទី ត្រូវតែ​ជា​ប្រភេទ​បន្លែ​ ផ្លែ​ឈើ​សុវត្ថិភាព និង​ផលិត​ ដោយ​សហគមន៍​ផ្ទាល់​។ នេះ​បើ​តាម​លោក ហង្ស វិច្ឆិការាស្សី អភិបាល​រង​ស្រុក​បាទី។

  គម្រោង​អភិវឌ្ឍន៍​ជនបទ​ដោយ​ប្រើ​វិធីសាស្ត្រ «ចលនា​ភូមិ​ថ្មី» គឺ​មាន​សមាសធាតុ​ចំនួន​៣​។ ទី​មួយ គឺ​ការ​រៀបចំ​គោលនយោបាយ​ចលនា​ភូមិ​ថ្មី ទី​ពីរ បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ចលនា​ភូមិ​ថ្មី និង​ទី​៣ គឺ​ការ​អភិវឌ្ឍន៍​ភូមិ​គំរូ​ចំនួន​៣០ ក្នុង​ខេត្ត​តាកែវ ត្បូងឃ្មុំ និង​ខេត្ត​កំពង់ស្ពឺ​។ ចលនា​ភូមិ​ថ្មី គឺ​ត្រូវ​ឈរ​លើ​ស្មារតី​នៃ​ការ​ឧស្សាហ៍​ព្យាយាម ការ​ចេះ​ជួយ​ខ្លួនឯង និង​សហប្រតិបត្តិការ ដើម្បី​អភិវឌ្ឍន៍​ភូមិ​ដោយ​ចិរភាព​។

​គម្រោង​នេះ ត្រូវ​បាន​ចុះ​កិច្ចព្រមព្រៀង​រវាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​(KOICA) និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤ កន្លងទៅ​។ គម្រោង​នេះ ក៏​បាន​​សាងសង់​មជ្ឈមណ្ឌល​ចលនា​ភូមិ​ថ្មី​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​មជ្ឈមណ្ឌល​នេះ នឹង​ដើរ​តួនាទី​សំខាន់​សម្រាប់​ការអភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​៕

អត្ថបទ៖ សុផល