កីឡាកាច់ដៃត្រូវបានបង្កើតជាសហព័ន្ធផ្លូវការម្សិលមិញ
- 2019-02-26 03:35:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាកាច់ដៃត្រូវបានបង្កើតជាសហព័ន្ធផ្លូវការម្សិលមិញ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជា ឬពេញនិយមហៅ កីឡាកាច់ដៃ បានប្រកាសសម្ពោធជាផ្លូវការកាលពីរសៀលម្សិលមិញនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ( NOCC ) ដែលមានឯកឧត្ដម មាស សារិន ជាប្រធាន។
ថ្លែងក្នុងឱកាសសម្ពោធឯកឧត្ដម មាស សារិន ប្រធានសហព័ន្ធបានឲ្យដឹងថា លោកមានក្ដីសង្ឃឹមយ៉ាងមុតមាំ ក្រុមការងារទាំងអស់ នឹងប្រឹងប្រែងជ្រោមជ្រែងសហព័ន្ធនេះឲ្យមានការរីកចម្រើន។ ទិសដៅអាចបង្កើតកម្រិតគុណភាពកីឡាករឲ្យមានសក្ដានុពល ដើម្បីអាចបញ្ចូលប្រភេទកីឡានេះក្នុងស៊ីហ្គេមឆ្នាំ២០២៣។
ជាមួយគ្នានោះដែរឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតសហព័ន្ធថ្មីនេះឡើង។ លោកមើលឃើញថា នេះជាសហព័ន្ធថ្មី ហើយប្រភេទកីឡានេះប្រជាជនចូលចិត្តលេង ដែលអាចធ្វើឲ្យសហព័ន្ធនេះពិតជាទទួលបានការគាំទ្រខ្លាំងក្នុងពេលដ៏ខ្លី។
សម្រាប់សមាសភាពថ្នាក់ដឹកនាំមាន ឯកឧត្ដម មាស សារិន ប្រធាន លោកជំទាវ លឹម ម៉ារីណា អនុប្រធាន ឯកឧត្ដម ខៀវ ចាន់រ៉ា អនុប្រធាន ឯកឧត្ដម សាមួន ដន អនុប្រធាន លោក អ៊ឹម បញ្ញាវុធ អនុប្រធាន លោក ប្រាក់ សុជាតិ អគ្គលេខាធិការ លោក សួស សីហា អគ្គលេខាធិការរង កញ្ញា មាស តឿ អគ្គលេខាធិការរង លោក គង់ សុភាព អគ្គហេរញ្ញិក កញ្ញា មាស ស្រីភាស់ អគ្គហេរញ្ញិករង និងសមាគមចំណុះ សហព័ន្ធ ជាសមាជិក៕