សុវត្ថិឌី ធារីកា អាចសម្តែងភាពយន្តមានឈុតសិចស៊ី តែត្រូវមានលក្ខខណ្ឌ

  • 2019-02-28 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ ​សុវត្ថិ​ឌី ធា​រី​កា ចាប់​ផ្ដើម​បង្ហើប​​ពី​បំណង​របស់​ខ្លួន​មួយ​ទៀត​​ថា​ចង់​ប្រឡូក​ក្នុង​វិស័យ​សម្ដែង បន្ទាប់​ពី​​បាន​​សាង​កេរ្តិ៍ឈ្មោះ​ល្បី​​ក្នុង​ពិភព​សិល្បៈ។​​

​នាង​តូច ​អតីត​បេក្ខនារី​ក្នុង​កម្មវិធី The Cambodian Idol រដូវ​កាល​ទី​១ ​ប្រាប់​ថា ​បើ​សិន​ជា​មាន​ឱកាស​ រូប​នាង​នឹង​ហក់​ចូល​ក្នុង​វិស័យ​សម្ដែង ដែល​​ប៉ង​ជា​យូរ​មក​ហើយ។ ​កន្លង​មក ​​​និស្សិត​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ​ធ្លាប់​បាន​សម្ដែង​ក្នុង​រឿង​ខ្លី​បែប​​អប់​រំ​ខ្លះ​ៗ​ផង​ដែរ ។ ថ្វី​ត្បិត​​ដុង​ពី​កំណើត​ពូ​កែ​ច្រៀង ​តែ​ពេល​សម្ដែង ​ស្រី​ស្អាត​ចូល​ចិត្ត​លេង​សើច​រូប​នេះ នៅ​តែ​អាច​​ចូល​តួ​ ថត​​បាន​យ៉ាង​ល្អ។

​ធា​រី​កា​ប្រាប់​ថា ​ធ្លាប់​មាន​ផលិត​ករ​ទាក់​ទង​ឲ្យ​ថត​ប្រភេទ​រឿង​ដុំ​និង​ភាគ​ខ្លះ​ដែរ ​តែ​គ្រា​មុន​ ម្ចាស់​បទ​ "​ឪពុក​អ្នក​ក្រ" ​ជាប់​រវល់​លើ​ការ​សិក្សា​ និង​ច្រៀង ទើប​មិន​អាច​ដក​ឃ្លា​សម្រាប់​ការ​​ថត​បាន។ ​ប៉ុន្តែ​នៅ​ពេល​នេះ​ បើ​សិន​ជា​មាន​ឱកាស ​យុវតី​អាយុ​២០​ឆ្នាំ​រូប​នេះ​នឹង​​ចូល​រួម​សម្ដែង​តែ​ម្ដង។

ពាក់​ព័ន្ធ​នឹង​ចរិត​លក្ខណៈ​តួ​វិញ ធា​រី​កា​មិន​ប្រកាន់​តួ​បែប​ណា​នោះ​ទេ ​គឺ​រូប​នាង​អាច​សម្ដែង​បាន​ទាំង​អស់ ​គ្រាន់​តែ​ថា​ចរិត​ពី​កំណើត​ចូល​ចិត្ត​លេង​សើច​ច្រើន ​ដូច្នេះ​បើ​បាន​សម្ដែង​ជា​តួ​ក្រ​មិច​ក្រ​មើម​វិញ ​កាន់​តែ​ល្អ។ ​ចំពោះ​ការ​សម្ដែង​មាន​ឈុត​សិច​ស៊ី ​ស្នេហា​រោលរាល​វិញ ​សុវត្ថិ ឌី​ធា​រី​កា មាន​ការ​ស្ទាក់​ស្ទើរ​ខ្លះ​ៗ​ដែរ ។ ​រូប​នាង​បញ្ជាក់​ថា មិន​មែន​ដោយ​សា​តែ​ឆ្មើង​ឆ្មៃ វាយ​ឬក​អ្វី​នោះ​ទេ ​តែ​ត្រូវ​មើល​សិន​ថា ​ឈុត​នោះ​ចង់​ឲ្យ​ថត​សិច​ស៊ី​ដល់​កម្រិត​ណា ​បើ​អាច​ទទួល​យក​បាន ធា​រី​កា​​ពិចារណា​ថត​បាន។ បើ​លើស​ប្រពៃណី វប្បធម៌​ខ្មែរ កញ្ញា​មិន​អាច​ទទួល​ថត​​​ទេ មាន​តែ​​សុំ​ការ​ពិភាក្សា​ជាមួយ​​ផលិត​ករ​សិន៕

​​​

​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម