កម្ម​វិធី​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​បើក​សម្ពោធ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​សម្រាប់​ឆ្នំា ២០១៩​នេះ

  • 2019-03-25 03:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI) សាខា​មេគង្គ​ និង​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា ( YEAC) បាន​សហការ​គ្នា​ដើម្បី​រៀបចំ​ការ​ប្រកួត​ប្រជែង កម្មវិធី​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ឆ្នាំ​២០១៩ (Cambodian Young Entrepreneur Awards 2019) ជា​លើក​ទី​៥ ។

សហគ្រិន​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ខាង​ក្រោម​នេះ អាច​ចូលរួម​ដាក់​ពាក្យ​ប្រកួត​ប្រជែង​ នៅ​ក្នុង​កម្មវិធី​នេះ​តាម​រយៈ http://cyeaward.com/ ឬ ទំនាក់​ទំនង​មក​កាន់​ទូរសព្ទលេខ ០១៥ ៩០២ ៦២២/០៦៩៥៤ ៥៦ ៧៨។ ការ​ទទួល​ពាក្យ​នឹង​ប្រព្រឹត្តិ​ទៅ ចាប់ពីថ្ងៃទី ២៤ ខែមិនា ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩

លក្ខខណ្ឌ នៃ​ការ​ប្រកួត​ប្រជែង គឺ​បេក្ខជន ត្រូវ​មាន

  • អាយុ​ចាប់​ពី ១៨ ដល់ ៤៥ឆ្នាំ 
  • អាជីវកម្ម​ត្រូវ​បាន​បង្កើត​ដំបូង​នៅ​ប្រទេស​កម្ពុជា និង មាន​ភាគហ៊ុន​យ៉ាង​តិច ៥១​ភាគរយ គ្រប់គ្រង​ដោយ​ជនជាតិ​ខ្មែរ 
  • អាជីវកម្ម​ត្រូវ​ចុះបញ្ជី​ការ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ និង មាន​ដំណើរ​ការ​យ៉ាង​តិច ២ឆ្នាំ 
  • អាជីវកម្ម​ត្រូវ​មាន​បុគ្គលិក​អចិន្ត្រៃយ៍​យ៉ាង​តិច ៥នាក់
  • សហគ្រិន / អាជីវកម្ម​មិន​ត្រូវ​បាន​ពាក់ព័ន្ធ​ជាមួយ​គណៈកម្មការ​ជ្រើសរើស និង ក្រុម​អ្នក​រៀបចំ​កម្មវិធី
  • មិន​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ផ្សេងៗ
  • ស្រ្តី​ត្រូវ​បាន​លើក​ទឹកចិត្ត​ឱ្យ​ចូលរួម​ក្នុង​ការ​ដាក់​ពាក្យ 

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺជា​លើក​ទី ៥ ហើយ ដែល​កម្មវិធី​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា បាន​ធ្វើការ​ប្រកួតប្រជែង​នេះ​ឡើង។ កម្ម​វិធី​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់ និង​ការ​លើក​ទឹកចិត្ត​ដល់​បណ្ដា​សហគ្រិន​វ័យ​ក្មេង​កម្ពុជា ឱ្យ​មាន​ឱកាស​ចូលរួម​ បង្ហាញ​ពី​សមត្ថភាព ព្រមទាំង​ចែក​រំលែក​នូវ​ភាព​ជោគជ័យ​ជា​លក្ខណៈ​ថ្នាក់​ជាតិ។ ជាពិសេស​ឆ្នាំ​នេះ កម្មវិធី​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​នឹង​មាន​ការ​ចុះ​ទៅ​ធ្វើការ​ទស្សនា​ផ្ទាល់​នូវ​ទីតាំង​អាជីវកម្ម​នីមួយៗ​របស់​សហគ្រិន​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រាត់​ផង​ដែរ​។​

នៅ​ក្នុង​ឆ្នាំ ២០១៩ កម្មវិធី​នេះ នឹង​ផ្ដល់​ឱកាស​ដល់​សហគ្រិន ដែល​បាន​ចូលរួម​ដាក់​ពាក្យ​ប្រកួត​ ឡើង​ធ្វើ​បទ​បង្ហាញ​ពី​សក្ដានុពល​អាជីវកម្ម​របស់​ខ្លួន​ទៅ​កាន់​សាធារណជន ក៏​ដូច​ជា​គណៈកម្មការ សហគ្រិន វិនិយោគិន សមាគម ជាដើម។ បន្ទាប់មក​ទៀត សហគ្រិន​នឹង​ត្រូវ​ជួប​ជាមួយ​នឹង​គណៈកម្មការ​នៅ​ក្នុង​បន្ទប់​នីមួយៗ​ទៅ​តាម​មុខ​ជំនាញ និង​ផ្នែក​ផ្សេងៗ​ ដែល​ក្រុមការងារ​បាន​រៀបចំ ​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ស៊ី​ជម្រៅ​ និង​ដាក់​ពិន្ទុ​ទៅ​លើ​អាជីវកម្ម​របស់​បេក្ខជន​ដែល​ជា​សហគ្រិន​ទាំង​អស់​ឲ្យ​កាន់តែ​មាន​សុក្រឹតភាព និង​យុត្តិធម៌។

ជា​ការ​កត់​សម្គាល់ កម្មវិធី​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ឆ្នាំ​២០១៩ នេះ ក៏​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​សហគ្រិន​វ័យ​ក្មេង​នៅ​ក្នុង​ខេត្ត​ចំនួន ៥​បន្ថែម​ទៀត​រួមមាន​ខេត្ត​សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម និង​កំពត។  ការ​ផ្សព្វផ្សាយ​នេះ ក៏​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​លើក​ទឹកចិត្ត​ឲ្យ​សហគ្រិន​វ័យ​ក្មេង​នៅ​តាម​ខេត្ត​មាន​ឱកាស​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ​ ផងដែរ។ 

គួរ​រំលឹក​ជូន​ថា ​ការ​ប្រកួត​ប្រជែង​នេះ​ក៏​បាន​ចូលរួម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​លើក​កម្ពស់​ឱ្យ​សហគ្រិន​កម្ពុជា​មាន​ភាព​ក្លាហាន និង ទំនុក​ចិត្ត​ក្នុង​ការ​បង្ហាញ​ពី​ភាព​ច្នៃ​ប្រឌិត ការ​តស៊ូ​ប្រឹងប្រែង​រហូត​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកប​អាជីវកម្ម​របស់​ខ្លួន។ ក្រៅ​ពី​នេះ កម្មវិធី​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ក៏​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​នាំ​យក​អាជីវកម្ម​របស់​ខ្លួន​ដើម្បី​យក​ទៅ​ប្រកួត​ប្រជែង និង​ដណ្ដើម​យក​ពាន​រង្វាន់​ផ្សេងទៀត​លើ​ឆាក​អន្តរជាតិ ផងដែរ។ លើស​ពី​នេះ​ទៅ​ទៀត សហគ្រិន​នឹង​ទទួល​បាន​ឧត្តម​ភាព​នៅ​ក្នុង​ការ​ស្វែង​រក​ដៃ​គូរ​អាជីវកម្ម ឬ អ្នក​វិនិយោគ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស  ដែល​ជា​ផ្នែក​មួយ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា៕

អត្ថបទ៖ ដៃគូសហការ

អត្ថបទថ្មី