តែម​ ម៉ឺន៖​ ចៅក្រម​ដាក់​ពិន្ទុ​ខុស​លើក​នេះ​ អាច​ដក​ចោល...

  • 2019-05-16 08:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រកាស​ច្បាស់​ៗ​ថា​ ចាប់​ពី​ពេល​នេះ​តទៅ​បើ​អាជ្ញាកណ្ដាល​ ចៅក្រម​ណា​ដែល​ធ្វើ​ការ​គ្មាន​ឆន្ទៈ​ ឬ​ធ្វើ​ខុស​ដាច់​ខាត​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង​បើ​ធ្ងន់ធ្ងរ​អាច​ឈាន​ដល់​ការ​ដក​ចេញ​ទៀត​ផង។​

ទិដ្ឋភាពថ្ងៃប្រជុំ​ថ្ងៃ​ទី២ ឧសភា

ឯកឧត្ដម​ តែម​ ម៉ឺន​ បាន​ឲ្យ​ដឹង​ថា​ ពី​មុន​មក​លោក​ចេះ​តែ​លើក​លែង​ឲ្យ​ច្រើន ​មាន​ចៅក្រម ​អាជ្ញាកណ្ដាល​ច្រើន​គួរសម​ដែល​ធ្វើ​ការ​មាន​កំហុស​ឆ្គង​ ប៉ុន្តែ​ប្រធាន​សហព័ន្ធ​ខាង​លើ​មិន​ចាប់​ទោស​អូស​ដំណើរ​ និង​តែងតែ​ណែនាំ​ លើក​ទឹក​ចិត្ត​ឲ្យ​ខំប្រឹង​ឡើង​វិញ។​ ប៉ុន្តែ​ដោយ​រយៈពេល​ចុង​ក្រោយ​នេះ​មាន​រឿង​ជា​ច្រើន​ រហូត​ដល់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ណែនាំ​ថ្មីៗ​នេះ​ទៀត​ ដូច្នេះ​លោក​នឹង​លេង​ធម៌ក្ដៅ​ហើយ​សម្រាប់​អ្នក​ធ្វើ​ខុស។​

ទិដ្ឋភាពថ្ងៃប្រជុំ​ថ្ងៃ​ទី២ ឧសភា

តំណាង​ខាង​ប្រដាល់​គុន​ខ្មែរ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ពី​មុន​នៅ​ពេល​មាន​កំហុស​ឆ្គង​ម្ដងៗ​ម្នាក់ៗ​តែង​ដោះសា​ថា​មាន​សម្ពាធ​ពី​ខាង​នេះ​ ឬ​ខាង​នោះ​ តែ​ឥលូវ​ខាង​ខាង​ស្ថានីយ​គេ​ប្រាប់​រួច​ហើយ​ ការងារ​បច្ចេកទេស​គឺ​សហព័ន្ធ​ទទួល​ខុសត្រូវគ្មា​នជាប់ពាក់ព័ន្ធ​គ្នាទេ។​ ដូច្នេះ​បុគ្គល​​ណា​ធ្វើ​ខុស​សហព័ន្ធ​នឹង​ចង្អុល​ហើយ។​ ករណី​មន្ត្រី​រូប​ណា​គ្មាន​ឆន្ទៈ​ធ្វើ​ការ​ច្បាស់​លាស់​ មិន​ពង្រឹង​សមត្ថភាព​ មិន​កែប្រែ​ទម្លាប់​អាក្រក់​ នៅ​ពេល​រក​ឃើញ​មាន​កំហុស​ សហព័ន្ធ​នឹង​ដក​ឲ្យ​ធ្វើ​ផ្នែក​ផ្សេង​ ឬ​ឈាន​ដល់​ការ​បញ្ឈប់​ពី​ការងារ​តែ​ម្ដង។​ ព្រោះ​ឯកឧត្ដម​ លែង​ទ្រាំ​ទទួល​កំហុស​ជំនួស​ទៀត​ហើយ​ មាន​មហាជន​ច្រើន​ណាស់​ស្ដីបន្ទោស​ រួម​ទាំង​ថ្នាក់​ដឹកនាំ​ទៀត​ផង​ ដូច្នេះ​លោក​លែង​ប្រើ​ទ្រឹស្ដី ​«វេច​ធ្វើ​កង់​ ត្រង់​ធ្វើ​កាំ​ រក្សា​ចាស់​បង្កើត​ថ្មី» បែប​នេះ​ហើយ​ ម្នាក់​ៗគឺ​បាន​ចិត្តនៅ​ពេល​សហព័ន្ធ​យោគយល់។​

ទិដ្ឋភាពថ្ងៃប្រជុំ​ថ្ងៃ​ទី២ ឧសភា

រំលឹក​ដែរ​ថា​ ការ​លើក​ឡើង​ខាង​លើ​របស់​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​នេះ​ គឺ​នៅ​ក្នុង​កម្មវិធី​ជួប​ប្រជុំ​ផ្ទៃ​ក្នុង​ជា​មួយ​មន្ត្រី​សហព័ន្ធ​ប្រដាល់​នានា​កាល​ពី​ថ្ងៃ​ទី២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ជួប​ប្រជុំ​នេះ​ជា​លើក​ទី៣​ហើយ​ បន្ទាប់​សម្ដេច​តេជោ​ បាន​ណែនាំ​កាល​ពី​ថ្ងៃ​ទី២​ មេសា​ ២០១៩​ ក្នុង​កម្មវិធី​ជួបជុំ​កីឡាករ​កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​