Morata៖ ខ្ញុំ​មិន​សូវ​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​អ្នក​គាំទ្រ និង​ក្លឹប​ Chelsea ទេ

  • 2019-06-06 12:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​កីឡាករ Alvaro Morata បាន​លើកឡើង​ប្រាប់​សារព័ត៌មាន​ Goal ថា ខ្លួន​មិន​បាន​ទទួល​បាន​ការ​ស្រលាញ់ និង​ពេញ​ចិត្ត​ដោយ​អ្នក​គាំទ្រ​ និង​ខាង​ក្លឹប​ Chelsea ទេ ហើយ​ជម្រើស​ដ៏​ល្អ​បំផុត​មាន​តែ​មក​លេង​នៅ​ក្នុង​ទឹកដី​អេស្ប៉ាញ​ជាមួយ​នឹង​ក្លឹប Atletico Madrid។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​បាត់បង់​ភាព​ជឿជាក់​នៅ​មួយ​រយៈ​មុន។ ខ្ញុំ​មិន​សប្បាយចិត្ត​នឹង​មតិ​របស់​អ្នក​មនុស្ស​ក្នុង​ប្រទេស​អង់គ្លេស។ ខ្ញុំ​គិត​ថា​ ពួក​គេ​ចាប់​កំហុស​ខ្ញុំ​គ្រប់​យ៉ាង " ។

Morata បាន​បន្ត​ថា​៖ " ខ្ញុំ​ចាប់​ផ្ដើម​ល្អ​ដែរ​នៅ Chelsea ប៉ុន្តែ​របួស​បាន​ធ្វើ​ខ្ញុំ​ថមថយ​ទម្រង់​លេង​។ ទោះ​អាក្រក់​យ៉ាង​ណា​ក៏ ខ្ញុំ​អាច​រក​បាន ១៥​គ្រាប់ ហើយ​ឈ្នះ FA Cup ប៉ុន្តែ​ខ្ញុំ​អត់​បាន​លេង​នៅ World Cup។ វា​ជា​រឿង​ពិបាក​បំផុត​ដែល​កើត​ក្នុង​ជីវិត​របស់​ខ្ញុំ " ។

អតីត​ខ្សែ​ប្រយុទ្ធ​ Real Madrid រូប​នេះ​បាន​បន្ថែម​ថា៖ " ខ្ញុំ​ស្រមៃ​ថា​ចង់​លេង World Cup តាំង​ពី​ខ្ញុំ​អាយុ ១០​ឆ្នាំ​ ហើយ​ខ្ញុំ​ជ្រើស​យក​ Chelsea ដោយសារ​ខ្ញុំ​គិត​ថា​ វា​ជា​ក្លឹប​ល្អ​បំផុត​ ដើម្បី​អាច​លេង​នៅ World Cup តែ​ពេល​នេះ ចុះ​កុងត្រា​ជាមួយ Atletico ជា​រឿង​ល្អ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា Morata បាន​មក​លេង​នៅ Atletico Madrid តាំង​ពី​ខែ​មករា ឆ្នាំ២០១៩ ក្រោម​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ពី​ក្លឹប​ Chelsea ហើយ​កន្លង​មក​កីឡាករ​រូប​នេះ តែង​តែ​ចង់​ឲ្យ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ ទិញ​បណ្ដាច់​ពី​ក្លឹប​អង់គ្លេស៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី