ឆ្នាំ ២០១៤ វៀតណាម​សរសើរ​ខ្មែរ​ចេះផលិត​រថយន្ត ឥឡូវ​រថយន្ត​វៀតណាម​ឡើង​ទីផ្សារ​​បាត់

  • 2019-06-08 02:47:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាំបាន​កាល​ពីឆ្នាំ ២០១៤ សារព័ត៌មានវៀតណាម​ thanhniennews បានចុះផ្សាយ​ពីទេពកោសល្យ​ដែល​ខ្មែរ​អាច​ចេះផលិត​រថយន្ត​ដ៏​ទំនើប ហើយ​ក៏​ឆ្លៀត​ឌឺដង​បង្អាប់​​ឧស្សាហកម្ម​​ប្រទេស​របស់ខ្លួន​មិន​ដើរ​ទៅ​មុខ​សោះ។

រថយន្តអង្គរ​ EV 2013

ស្រង់​សម្តី​មន្រ្តី​ជាន់​ខ្ពស់វៀតណាម​នៅពេលនោះ​ ដែល​ធ្វើ​ការ​​នៅ​ផ្នែក​ឧស្សាហកម្ម​រថយន្ត​និយាយ​ថា៖ **"បើ​ទោះ​បី​វៀតណាម​មាន​ធនធាន​មនុស្ស​ជំនាញៗ​​ជា​​ច្រើន​ និង​មាន​ឧស្សាហកម្ម​រថយន្ត​ដើរ​មុន​ប្រទេស​កម្ពុជា ប៉ុន្តែ​វៀតណាម​អាច​និយាយ​បាន​ថា នៅ​ដើរ​ពីក្រោយ​ប្រទេស​កម្ពុជា សម្រាប់​សមត្ថភាព​ក្នុង​ការ​ផលិត​រថយន្ត​ដ៏​ទំនើប​​។"**

រហូតដល់​ឆ្នាំ ២០១៨ វៀតណាម​​បាន​​​អភិវឌ្ឍ​ឧស្សាហកម្ម​យានយន្ត​ ដោយ​ប្រកាស​ពីការ​ចាប់ផ្តើម​​ផលិត​រថយន្តក្នុង​ស្រុក​លើក​ដំបូង ហើយ​គ្រោង​យក​ទៅ​បង្ហាញ​នៅលើ​ទីផ្សារ​អន្តរជាតិ​។

ព័ត៌មាននេះហាក់ទម្លុះ​បេះដូង​ជនជាតិ​វៀតណាម​ឲ្យ​មាន​មោទនភាព​សម្រាប់ការ​សម្រេច​បានផលិតផល​រថយន្តក្នុងស្រុកជា​លើក​ដំបូង ហើយ​ក៏​បង្ហាញ​មុខមាត់​ប្រទេស​ជាប់ភូមិផង​កម្ពុជា ក្នុង​ដំណើរ​ឈានទៅ​ប្រជែង​យីហោ​រថយន្ត​​ធំៗ​នៅថ្ងៃ​អនាគត។

លោក ញាន ផល្លឹក ស្ថាបនិក​រថយន្ត​អង្គរ

លោក ញាន ផល្លឹក បាន​ខិត​ខំ​ប្រឹង​ប្រែង បង្កើត​ចេញ​ជា​រូបរាង​រថយន្ត​​ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើប ដើរ​ដោយ​ថាមពល​អគ្គិសនី មិន​ចាញ់​រថយន្ត​ក្រុមហ៊ុន​ល្បីៗ​លើ​ពិភពលោក ខណៈ​​ប្រទេស​កម្ពុជា​មិន​ទាន់​ទាំង​មាន​រោង​ចក្រ​តំឡើង​រថយន្ត​នៅ​ឡើយ។ ការ​ចេញ​ម៉ូត​រថយន្តអង្គរ​ជា​ច្រើន​ជំនាន់​ បាន​ធ្វើ​ឲ្យ​កម្ពុជា​លេច​ត្រដែត​ឡើង​ល្បី​រន្ទឺ​ពេញ​ឆាក​អន្តរជាតិ ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​រថយន្ត សូម្បី​តែ​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ ក៏​​ភ្ញាក់​ផ្អើល​មិន​តិច​ដែរ ដែល​ដឹង​ថា​កូន​ខ្មែរ​អាច​មាន​សមត្ថភាព​ផលិត​រថយន្ត​ដ៏​ទំនើប​បាន​ដោយ​ខ្លួន​ឯង។

រូបរាងរថយន្ត SUV របស់ Vinfast ដែលលេចចេញកន្លងមក

នៅ​ដើម​ឆ្នាំ ២០១៨ វៀតណាម​ពិត​ជា​បាន​ធ្វើ​ឲ្យ​កក្រើក​វិស័យ​ឧស្សាហកម្ម​ផលិត​រថយន្ត​វិញ​ម្ដង ដោយ​បាន​បញ្ចេញ​​រថយន្ត​កំពូល​ពីរ​គ្រឿង​​ដំបូង​គេ ដែល​រថយន្ត​មួយ​​ជា​​ប្រភេទ Sedan និង​មួយ​ទៀត​ជា​ប្រភេទ SUV គ្រោង​នឹង​បង្ហាញ​ខ្លួន​​ជា​លើក​ដំបូង​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Paris Motor Show ប្រទេស​បារាំង។

រថយន្ត​ដំបូង​គេ​របស់​វៀតណាម​ស្ថិត​នៅ​ក្រោម​ការ​ផលិត​ក្រុមហ៊ុន​ VinFast។ ការ​បង្ហាញ​មុខ​នេះ​ដែរ​គឺ​មុន​នឹង​ត្រូវ​បង្ហាញ​ចេញ​នៅ​ប្រទេស​វៀតណាម​នៅ​ចុង​ឆ្នាំ និង​ចេញ​លក់​លើ​ទីផ្សារ​នា​ខែ​កញ្ញា​ ឆ្នាំ ២០១៩ ខាង​មុខ។

ត្បិត​ថា​ជា​ម៉ាក​រថយន្ត​របស់​វៀតណាម​មែន​ ប៉ុន្តែ​​​រូបរាង​វា​ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​​អ៊ីតាលី​ល្បីៗ​ដូច​ជា​ Pininfarina និង Italdesign Giugiaro ជា​ដើម។ ​បន្ថែម​ពី​នេះ​ ក្រុមហ៊ុន​ VinFast ក៏​បាន​ជួល​បុគ្គលិក​មក​ពី​សហគ្រាស​យាន​យន្ត​ធំ​ផង​ដែរ។

រូបរាងរថយន្ត SUV របស់ Vinfast ដែលលេចចេញកន្លងមក

VinFast គឺ​ជា​ក្រុមហ៊ុន​ស្ថិត​នៅ​ក្រោម​សម្ព័ន្ធ​ Vingroup ជា​សម្ព័ន្ធ​ឯកជន​ដ៏​ធំ​មួយ​របស់​វៀតណាម។ គោល​បំណង​នៃ​ក្រុមហ៊ុន​នេះ​គឺ​​បង្កើត​នូវ​ម៉ាក​យានយន្ត​​ដែល​ជា​របស់​​វៀតណាម និង​ជា​យានយន្ត​ដែល​អាច​នាំ​ចេញ​លក់​លើ​ទីផ្សារ​អន្តរជាតិ​បាន។

ចំណែក​វាសនា​រថយន្ត​ទំនើប​អង្គរ បានត្រឹមចេញ​​ជា​រថយន្ត​គម្រូប៉ុណ្ណោះ៕

អត្ថបទ៖ រក្សា