អាម៉េរិកបាន​ផ្ដល់​ថវិកា​ជួសជុល និងអភិរក្ស​ប្រាសាទ​ភ្នំបាខែងជាង​បីលាន​ដុល្លារ​គិត​ដល់​បច្ចុប្បន្ន​

  • 2019-06-11 02:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាម៉េរិក​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​នេះ​បាន​ផ្ដល់​ថវិកា​ជាង​បីលាន​ដុល្លារ​សម្រាប់​គម្រោង​ជួស​ជុល​ និង​អភិរក្ស​ប្រាសាទ​ភ្នំបាខែង ​ដោយ​ថា​នេះ​ជា​កិច្ច​សហ​ប្រ​តិបត្តិការ​ដ៏​រឹង​មាំ​រវាង​រដ្ឋា​ភិបាល​អាម៉េរិក និង​កម្ពុជា​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌។

ប្រា​សាទ​ភ្នំបាខែង​បាន​កងសាង​ឡើង​នៅ​ចុង​​សតវត្សរ៍ទី​៩ និង​ដើម​សតវត្សរ៍ទី​១០ ​ដោយ​ព្រះ​បាទ​យសោ​វម៌្ម​ទី១ ដើម្បីឧទ្ទិស​ដល់​ព្រាហ្ម​ណ៍​សាសនា​និកាយ​ព្រះ​ឥសូរ។ ក្រោយ​ពី​ការ​បោះ​បង់​ទីក្រុង​អង្គរ​នៅ​ឆ្នាំ​១៤៣១ ប្រាសាទ​ភ្នំបាខែ​ងត្រូវ​ហ៊ុំ​ព័ទ្ធ​ដើយ​ព្រៃស្ទើ​រ​ដើ​រចូល​មិន​រួច។

នៅ​ឆ្នាំ​១៩២០ សាលា​បារាំង​ចុង​បូព៌ា ដឹកនាំ​ដោយ​លោក H. Marchal បាន​កាប់ឆ្ការ​ព្រៃ​ ហើយ​បង្កើត​ផ្លូវ​ឡើង​ពីរ​ខ្សែរហូត​ដល់​សព្វ​ថ្ងៃនេះ។

នៅ​ឆ្នាំ​១៩៩៤ ព្រះ​សង្ឃ​ជនជាតិជប៉ុន​បាន​ស្នើ​សុំ​ធ្វើ​ការ​ងារអភិរក្ស ហើយ​ក្រោយ​មក​ទៀត​អាជ្ញាធរ​ជាតិអប្សរា និង​អង្គការ​មូលនិធិ​ប្រាសាទ​ពិភព​លោក​(WMF)ដែល​មាន​វត្តមាន​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៨៩​​ទទួល​ការ​ងារនេះ​បន្ត។​

ក្នុង​ពិធី​អបអរខួប​៣០​ឆ្នាំ របស់​អង្គការ​មូល​និធិប្រា​សាទពិភព​លោក​កាលពី​ម្សិល​មិញ​នៅ​លើ​ភ្នំបាខែង ភារធារី​ស្ថានទូតអាម៉េរិក​ប្រចាំ​កម្ពុជា លោក Michael Newbill ថ្លែងថា​គម្រោង​ប្រាសាទ​ភ្នំ​បាខែ​ង​ជា​គម្រោង​គួរ​ឲ្យ​កត់​សម្គាល់​ ជា​ពិសេស​បុគ្គលិក​កម្ពុជា​ជា​ច្រើន​បាន​ទទួល​ការងារ និង​ការ​បណ្ដុះ​បណ្ដាល​លើ​កិច្ច​ការ​អភិរក្ស​ និងជួសជុល​ប្រា​សាទ។

លោក​បន្តថា​ក្នុង​រយៈពេល​១៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០០៤ មក​សហរដ្ឋអាម៉រិក​បាន​ផ្ដល់​ថវិកា​ជាង​៣,២​លាន​ដុល្លារ​សម្រាប់​គម្រោង​នេះ​តាម​រយៈ​អង្គការ​មូលនិធិ​ប្រា​សាទ​ពិភព​លោក។​

លោក​ថ្លែងថា​៖ «ខ្ញុំ​មាន​មោទក​ភាព​ដែល​គម្រោង​ជួស​ជុល​ប្រាសាទភ្នំបាខែង​គឺជា​គម្រោង​ធំជាង​គេ​ក្នុងពិភព​លោក​ដែលជាជំនួយ​របស់​មូល​និធិ​ឯកអគ្គរដ្ឋទូត...អ្នក​អាច​មើល​ឃើញ​ប្រ​វត្តិ​កិច្ច​សហប្រ​តិបត្តិ​ការ​ដ៏រឹង​មាំរវាង​រដ្ឋា​ភិបាល​ទាំងពី​រ​ចំពោះ​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​»​។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រ​សួង​​វប្បធម៌​បាន​ថ្លែង​ក្នុងពិធីនោះ​ដែរ​ថា​ចាប់​ពី​ឆ្នាំ​១៩៩២​មក​អង្គការមូលនិធិ​ប្រាសាទពិភព​លោក​បាន​ធ្វើ​ការ​អភិរក្ស​ និង​ជួសជុល​ប្រាសាទ​នៅ​តំបន់​អង្គរជា​ច្រើន​ដូច​ជា​ប្រាសាទ​ភ្នំ​បាខែង ប្រា​សាទ​ព្រះ​ខ័ន តាសោម និង​អង្គវត្តជាដើម​។

លោកជំទាវ​មាន​ប្រ​សាសន៍​បន្តថា​​៖ «​យើង​ខ្ញុំ​ និង​អាជ្ញាធរជាតិ​អប្សរា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ នូវ​លទ្ធផល​ដ៏​ធំធេង​នៃការកសាងសម្ថភាព​ធនធានមនុស្ស ដោយ​អង្គការ​មូលនិធិប្រាសាទពិភព​លោក ហើយ​បច្ចុប្បន្ន​ក៏មាន​មោទកភាព​បំផុត​ដែល​ពួក​គាត់​ធ្វើ​ការ​នៅ​តំបន់​អង្គរ៕

អត្ថបទ៖ ទូច សុខា