កេរដូនតា! ពល​រដ្ឋ​ប្រទះឃើញ​បដិមាធំមួយ​ប្រវែងជាង​១០០​សង់ទីម៉ែត្រ​កាលពីព្រឹក​មិញ​

  • 2019-07-08 09:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពល​រដ្ឋ​រកឃើញ​បដិមាធំមួយដែលលម្អដោយសំពត់រំយោលទម្លាក់មកខាងមុខមានប្រវែងបណ្តោយ១១៤សង់ទីម៉ែត្រ ទំហំស្មា​៥៤​សង់​ទី​ម៉ែត្រ និង​ចង្កេះទំហំ៤៤សង់ទីម៉ែត្រ​កាលពីព្រឹក​មិញ​ពេល​កំពុង​ជីក​យកដី​បំពេញ​កន្លែង​ដក់ទឹក​ក្រោយ​ផ្ទះ។​

(រូបភាព៖ ហ្វេស​ប៊ុក​អាជ្ញាធរជាតិអប្សរា)

ការរកឃើញនេះគឺ​នៅជ្រុងឦសាននៃកសិន្ធុប្រាសាទព្រះគោ នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្ត​សៀម​រាប ខណៈ​ពល​រដ្ឋ​បានជីកយកដីទៅបំពេញកន្លែងទឹកដក់ក្រោយផ្ទះ។ នេះ​បើ​តាម​ប្រ​ភពពីអាជ្ញាធរជាតិ​អប្បរា​។​

ប្រ​ភព​ពីអាជ្ញាធរជាតិអប្សរា​សរសេរថា លោក ថៃ មិច ជាអ្នកប្រទះឃើញបដិមា និង​ថា​ដំបូងឡើយលោក​មិននឹកស្មានថាជាបដិមានោះទេ តែមើលតាមសណ្ឋានថ្ម លោកមានការសង្ស័យ រួចក៏បានកាយដីបន្ត ទើបដឹងថាជាបដិមា ហើយបញ្ឈប់សកម្មភាព និងបានរាយការណ៍ទៅនគរបាល​បេតិកភណ្ឌដើម្បីមានវិធានការយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។

ចំណែក​លោក ឈូក សុម៉ាឡា បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ជាបឋមទាក់ទងនឹងភិនភាគបដិមានេះ ភ្លាមៗមិនអាចសន្និដ្ឋានបាននៅឡើយថាជាទ្វារបាល ឬព្រះវិស្ណុ ឬអ្វីផ្សេង នោះទេ ដោយហេតុនៃការបាត់បង់ផ្នែកសំខាន់ៗនៃតួខ្លួនច្រើន។

អាជ្ញាធរជាតិអអប្សរាសរសេរបន្តថា៖ «ជាកិច្ចការបន្តដើម្បីអភិរក្សរូបបដិមានេះ លោក សុម៉ាឡា ឱ្យដឹងថា ក្រុមការងារនឹងគូររូប ថតរូប វាស់វែង ចងក្រងឯកសារ បន្ទាប់មកយកទៅរក្សាទុកនៅរោងជាង ដើម្បីឱ្យអ្នកជំនាញផ្នែកជួសជុលថ្មសម្អាត និងតភ្ជាប់នូវបំណែកបដិមានេះឡើងវិញមុននឹងតាំងបង្ហាញជាសាធារណៈ»៕​

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី