Telegram នឹងចេញមុខងារថ្មី អាចការពារ​អត្តសញ្ញាណ​​បាតុករ​នៅហុងកុង

  • 2019-09-02 09:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Telegram នឹង​បញ្ចេញ​កំណែ​ទម្រង់​ថ្មី ដែល​ផលិត​ឡើង​ក្នុង​គោល​បំណង​ការពារ​អត្តសញ្ញាណ​​អ្នក​ធ្វើ​បាតុកម្ម​នៅ​ហុងកុង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters។

មុខងារ​ថ្មី​នឹង​ជួយ​លាក់​បាំង​លេខ​ទូរសព្ទ​អ្នក​ប្រើ​ប្រាស់ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​សមត្ថកិច្ច​​ដឹង​អំពី​អត្តសញ្ញាណ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង Group បាតុកម្ម​ហុងកុង។ បាតុករ​នៅ​ហុងកុង​ បាន​ប្រើ​ប្រាស់​ Telegram ដើម្បី​ចែក​រំលែក​ព័ត៌មាន​អំពី​ទីតាំង​ដែល​ពួក​គេ​នឹង​ធ្វើ​បាតុកម្ម ចែក​រំលែក​អំពី​ទីតាំង​សម្រាប់​ពួន​ និង​ឲ្យ​​អ្នក​ដែល​ចូល​រួម​ក្នុង​បាតុកម្ម​បាន​ដឹង​អំពី​អត្តសញ្ញាណ​ប៉ូលិស​បង្កប់​ខ្លួន។

គួរ​ដឹង​ថា​ក្រោយ​ពី​ការ​បាតុកម្ម​បាន​ចាប់​ផ្ដើម​កាល​ពី​ប៉ុន្មាន​ខែ​មុន លោក Pavel Durov ស្ថាបនិក​ Telegram បាន​បង្ហាញ​ថា​ Network របស់​ខ្លួន​បាន​ក្លាយ​ជា​មុខ​សញ្ញា​​នៃ​ការ​វាយ​ប្រហារ​ DDoS។ អាសយដ្ឋាន IP របស់​អ្នក​វាយ​ប្រហារ​ភាគ​ច្រើន​មាន​ប្រភព​ចេញ​ពី​ប្រទេស​ចិន។

គេ​ជឿជាក់​ថា​សមត្ថកិច្ច​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​ផ្គូផ្គង​លេខ​ទូរសព្ទ​របស់​អ្នក​នៅ​ក្នុង​ Group បាតុកម្ម ជា​មួយ​លេខ​ទូរសព្ទ​ដែល​ខ្លួន​បង្ហោះ​ចូល​កម្មវិធី។ នៅ​ពេល​ដែល​កម្មវិធី​មាន​លេខ​ទូរសព្ទ​ដែល​ស៊ី​គ្នា​នឹង​លេខ​ទូរសព្ទ​អ្នក​ប្រើ​ក្នុង​ Group បាតុកម្ម​ សមត្ថកិច្ច​នឹង​អាច​ស្នើ​សុំ​ព័ត៌មាន​អំពី​អត្តសញ្ញាណ​ពិត​របស់​លេខ​នោះ ពី​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរសព្ទ។

មុខងារ​ថ្មី​ដែល​នឹង​មាន​លើ Telegram នឹង​អាច​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ ដោយ​អាច​ឲ្យ​ពួក​គេ​បិទ​ចោល​នូវ​ការ​ផ្គូផ្គង​លេខ​ទូរសព្ទ។ មុខងារ​នេះ​នឹង​ធ្វើ​ឲ្យ​ពិបាក​រក​គ្នា​នៅ​លើ Telegram ប៉ុន្តែ​វា​អាច​មាន​តម្លៃ​​សម្រាប់​អ្នក​ចង់​លាក់​អត្តសញ្ញាណ៕​​​

ចុចអាន ៖ YouTube បិទគណនីចំនួន ២១០ ប្រតិបត្តិដោយរដ្ឋាភិបាលចិន

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង