ញាក់សាច់! ចាប់ខ្លួន​បុរស​ម្នាក់​សង្ស័យ​ពីបទ​ឃាតកម្ម ក្រោយ​រកឃើញ​សាកសព ៣៩ នាក់​នៅក្នុង​កុងតឺន័រ​

  • 2019-10-24 02:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​បាន​ឆែកឆេរ​អាសយដ្ឋាន​ចំនួន ២ នៅ​អៀរ​ឡង់​ខាងជើង ខណៈ​ក្រុមមន្ត្រី​នៅ​បន្ត​សាកសួរ​បុរស​មកពី​ខេត្ត​ខូ​អា​ម៉ាក (Co Armagh) របស់​អៀរ​ឡង់​ខាងជើង ជុំវិញ​ការរកឃើញ​សាកសព​ចំនួន ៣៩ នៅក្នុង​ទូ​កុងតឺន័រ​ក្លាសេ​មួយ​។​

​ការឆែកឆេរ​ទាំងពីរ​នៅ​ខេត្ត​ខូ​អា​ម៉ាក​កាលពី​យប់​ថ្ងៃ​ពុធ​ទី​២៣​តុលា​ត្រូវគេ​ជឿថា​មាន​ជាប់ទាក់ទង​ទៅនឹង​ការចាប់ខ្លួន​អ្នកបើកបរ ដែលមាន​ឈ្មោះ​ក្នុង​របាយការណ៍​ថា ម៉ូ រ៉ូ​ប៊ី​ន​សុន (Mo Robinson) អាយុ ២៥ ឆ្នាំ​មកពី​ទីក្រុង​ផត​ថា​ដោ​ន (Portadown)​។​ ​ជននេះ​នៅ​កំពុង​ជាប់​ឃុំឃាំង​ដើម្បី​សាកសួរ​ដោយ​ប៉ូលិស​ខេត្ត​អេស​សិច​របស់​អង់គ្លេស​ពីបទ​សង្ស័យ​ឃាតកម្ម​។ មិនទាន់មាន​ចម្លើយ​នៅឯ​ផ្ទះ​ក្នុង​ខេត្ត​ខូ​អា​ម៉ាក​នៃ​គ្រួសារ​របស់លោក​រ៉ូ​ប៊ី​ន​សុន​នៅឡើយ​ទេ​។​ ​ក្រុម​អ្នកស៊ើប​អង្កេត​និយាយថា ទូ​កុងតឺន័រ​ផ្ទុក​ជនរងគ្រោះ​បានមក​ដល់ទី​ក្រុង​ភើ​ភ្លី​ត (Purfleet) របស់​អង់គ្លេស​ពី​ទីក្រុង​ហ្ស៊ី​ប្រាក់ (Zeebrugge) របស់​បែលហ្ស៊ិក​នៅ​ម៉ោង​ប្រហែល ១២ និង ៣០ នាទី​ព្រឹក​ថ្ងៃ​ពុធ និង រថយន្ត​សម្រាប់​មក​ដឹក​ទូ​កុងតឺន័រ​នេះ​គឺ​មកពី​អៀរ​ឡង់​ខាងជើង​។​

​រថយន្ដ​ដឹកទំនិញ​និង​ទូ​កុងតឺន័រ​បាន​ចាក​ចេញពី​ទីក្រុង​កំពង់ផែ​នេះ​ភ្លាមៗ​បន្ទាប់ពី​ម៉ោង ១:០៥ ព្រឹក ហើយ​គេ​បាន​តេ​ទូរស័ព្ទ​ទៅ​មន្ដ្រីប៉ូលិស​នៅ​ប្រហែល ៣០ នាទី​ក្រោយមក​បន្ទាប់ពី​បុគ្គលិក​រថយន្ត​សង្គ្រោះបន្ទាន់​បាន​រកឃើញ​សាកសព​ទាំង​៣៩​នាក់​នៅឯ​សួន​ឧស្សាហកម្ម​វ៉​ត​ធឺ​គ្លេត (Waterglade) នៅ​វិថី​ខាងកើត​ក្នុង​តំបន់​ក្បែរ​នោះ​។​ ​ថ្លែង​នៅ​រសៀល​ថ្ងៃ​ពុធ លោកស្រី ខុន​ស្តា​ប៊​ល ពី​ប​ប៉ា មី​ល (Constable Pippa Mills) នាយរង​ប៉ូលិស​បានឱ្យដឹងថា រថយន្ដ​ដឹកទំនិញ​និង​កុងតឺន័រ កំពុង​នាំយក​ទៅកាន់​ទីប្រជុំជន​ធី​ល​បឺ​រី​ដុក (Tilbury Docks) ដើម្បី​យក​សាកសព​ចេញ ខណៈ​រក្សា​សេចក្តីថ្លៃថ្នូរ​របស់​ជន​រងគ្រោះ​។​ ​លោកស្រី​បាន​បន្ថែមថា “​យើង​មិនទាន់​កំណត់​អត្តសញ្ញាណ​ពួកគេ​នៅឡើយ​ទេ ហើយ​ត្រូវតែ​គ្រប់គ្រង​បញ្ហា​នេះ​ឱ្យបាន​ល្អិតល្អន់​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​”​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន បាន​និយាយថា ជនល្មើស​នៃ​បទឧក្រិដ្ឋ​ត្រូវតែ​ចាប់ខ្លួន​ឱ្យបាន ខណៈ​សមាជិកសភា​ក្នុង​តំបន់​លោក​ជែក​គី ដូលី​ប្រាយ និយាយថា ពួក​រត់ពន្ធ​មនុស្ស​ត្រូវតែ​ទទួលខុសត្រូវ​៕

ប្រភព ៖ rasmeinews

អត្ថបទពេញនិយម