ប្រាប់​ឲ្យ​ដឹង អុំទូកឆ្នាំនេះ ទីតាំងមានប៉េងប៉ោងបង្ហោះពណ៌ស សរសេរអក្សរ«ស្អាត» គឺកន្លែងមានធុងសំរាម

  • 2019-11-02 06:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកនៃរដ្ឋសភា និងជាសហស្ថាបនិកនៃគម្រោងភ្នំពេញស្អាតបានឲ្យដឹងថា សម្រាប់ពិធីបុណ្យអំទូកឆ្នាំនេះ នឹងមានដាក់ប៉េងប៉ោងហោះអក្សរ «ស្អាត» ក្បែងរធុងសំរាម ដើម្បីឲ្យអ្នកចូលរួមព្រឹត្តិការណ៍បុណ្យអំទូកងាយដឹងថាមានធុងសំរាម។ ឯកឧត្តមលើកឡើងបែបនេះ ក្រោយឃើញការត្អូញត្អែររបស់ប្រជាពលរដ្ឋមួយចំនួនថា ពិធីបុណ្យអំទូកខ្វះខាតធុងសំរាម និងពេលខ្លះរកធុងសំរាមមិនឃើញ។

«ចឹង! នៅពេលប្រជាពលរដ្ឋដែលមកពីបណ្ដាខេត្ត ចូលរួមកម្សាន្តនៅក្នុងពិធីបុណ្យអំទូក នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនឃើញប៉េងប៉ោងពណ៌ស មានអក្សរស្អាត បង្ហោះខ្ពស់ៗ គឺជាកន្លែងមានធុងសំរាម។»។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី នៅក្នុងកម្មវិធីបើក «យុទ្ធនាការភ្នំពេញស្អាត» កាលពីព្រឹកថ្ងៃទី ០២ វិច្ឆិកា ២០១៩ នៅសាលធំ អគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាថ្មី ក្បែររង្វង់មូលវត្តសំពៅមាស។

ទន្ទឹមនឹងនេះ ឯកឧត្តម បានទទូចឲ្យប្រជាពលរដ្ឋដែលបានចូលរួមពិធីបុណ្យអំទូកចូលរួមទាំងអស់គ្នា ថែរក្សាបរិស្ថាន ដោយថា «មុនបោះចោលសំរាមគួរនឹកដល់អ្នករើសសំរាម ព្រោះអ្នកប្រមូលសំរាមខិតខំធ្វើការពីម៉ោង ១២យប់រហូតដល់ម៉ោង៧ព្រឹក»។ គិតត្រឹមថ្ងៃទី ២ វិច្ឆិកានេះ នៅមិនទាន់មានការប្រកាសណាមួយពីសាលារាជធានីភ្នំពេញអំពីការពង្រាយកម្លាំងប្រមូលសំរាម និងចំនួនធុងសំរាមដាក់នៅអំឡុងព្រះរាជពិធីបុណ្យអំទូក ៣ថ្ងៃ គិតចាប់ពីថ្ងៃទី ១០ ដល់១២ ខែវិច្ឆិកានេះនៅឡើយ។

បើតាមរបាយការណ៍របស់ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញកាលពីអំឡុងបុណ្យអំទូកឆ្នាំ២០១៨ ឲ្យដឹងថា ធុងសំរាមសរុបចំនួន ១ ៦៧១ធុង បានដាក់ពង្រាយក្នុងតំបន់កម្សាន្ត និងដាក់កម្លាំងបោសសំអាតសរុបចំនួន ៨៣៥នាក់។

ពូឈីវ ដែលប្រិយមិត្តគាំទ្របាល់ទាត់កម្ពុជាភាគច្រើនបានស្គាល់និងដឹងពីសកម្មភាពគាំទ្រ មិនថាក្នុងវិស័យកីឡាបាល់ទាត់ឬវិស័យកីឡានានា រួមទាំងការងារសង្គម ដូចជាការចូលរួមអប់រំផ្សព្វផ្សាយអំពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានប្រកាសថា លោក និងក្រុមយុវជនសំរាមកំពុងត្រៀមមនុស្សប្រមាណជា ៥០០នាក់ ដើម្បីចូលរួមរើសសំរាម នៅអំឡុងបុណ្យអំទូក៣ថ្ងៃ។

ពូឈីវ

"៣ថ្ងៃនេះ យើងចង់ផ្ញើសារសំខាន់ទៅកាន់សាធារណៈជនឲ្យចេះទុកដាក់សំរាមដោយខ្លួនឯង ដែលស្របនឹងយុទ្ធនាការភ្នំពេញស្អាត បានចាប់ផ្ដើមផងដែរ"។ ពូឈីវ និយាយ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងនៅក្នុងពិធីបើកដំណើរការ «យុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៩» ឲ្យដឹងថា សាលារាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងលើបញ្ហាការគ្រប់គ្រងសំណល់រឹង ឬសំរាមនេះ។ សាលារាជធានីភ្នំពេញបានដាក់ចេញនូវគោលការណ៍បួន ដើម្បីគ្រប់គ្រងសំរាម៖

១- ការទុកដាក់ និងញែកសំរាម

២- ការប្រមូលសំរាម

៣- ការកែច្នៃសំរាម និង ទីលានចាក់សំរាម

៤- ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីបញ្ហាសំរាម

ក្នុងចំណោមកិច្ចការទាំង៤ខាងលើ គឺចំណុចទី៤ មានសារៈសំខាន់ជាងគេ។ នេះជាការលើកឡើងរបស់ ឯកឧត្តម នួនផារ័ត្ន។

ដើម្បីធ្វើឲ្យសម្រេចបាននូវគោលដៅ ជាពិសេសការបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីការទទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ឯកឧត្តម នួនផារ័ត្ន បានប្រកាសគាំទ្រពេញទំហឹងចំពោះគម្រោង «ភ្នំពេញស្អាត» ដែលត្រៀមផ្សព្វផ្សាយអប់រំនៅក្នុងឱកាសបុណ្យអំទូកនាពេលខាងមុខដ៏ខ្លីនេះ។ ពិធីបុណ្យអំទូកឆ្នាំនេះ ឯកឧត្តម នួនផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រំពឹងថា នឹងមានប្រជាពលរដ្ឋចូលរួមប្រមាណជា ២លាននាក់។

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកនៃរដ្ឋសភា និងជាសហស្ថាបនិកនៃគម្រោងភ្នំពេញស្អាត

ដោយផ្ដើមពីស្អាតទាំងអស់គ្នា តាមរយៈគម្រោងភ្នំពេញស្អាត ត្រូវបាន ឯកឧត្តម ហ៊ុន ម៉ានី សមាជិកនៃរដ្ឋសភា និងជាសហស្ថាបនិកនៃគម្រោងភ្នំពេញស្អាត សម្ដែងការជឿជាក់ និងក្ដីសង្ឃឹមថា នៅអំឡុងពិធីបុណ្យអំទូកឆ្នាំនេះ សំរាមនឹងមានចំនួនតិចជាងមុន ព្រោះតែការយល់ដឹងរបស់ប្រជាពលរដ្ឋ។

លោក សាន ដារ៉ាវិត ស្ថាបនិក «យុវជនសំរាម» ធ្លាប់លើកឡើងនៅក្នុងកម្មវិធី «កៅអីក្ដៅ»ថា ចង់គ្រប់គ្រងសំរាម ហើយកាត់បន្ថយសំរាមពាសវាលពាសកាលនោះ «សំរាមត្រូវតែនៅក្នុងធុងសំរាម»

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី