កូនភ្លោះ​របស់ Apple Watch តម្លៃត្រឹម ១៨៥ ដុល្លារ

  • 2019-11-06 03:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​បង្ហាញ​ចេញ​​ជា​ផ្លូវ​ការ​នូវ​នាឡិកា​វៃ​ឆ្លាត Mi Watch ដែល​វា​មាន​រូបរាង​ដូច​នឹង​ Apple Watch បំផុត ដោយ​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Google Wear OS ជា​មួយ​តម្លៃ​ចាប់​ពី ១៨៥ ដុល្លារ។

Mi Watch មាន​អេក្រង់​បួន​ជ្រុង​រាង​កោង មាន​កង​បង្វិល​មួយ និង​មាន​ប៊ូតុង​រាង​ដូច​គ្រាប់​គ្នា ដែល​ផ្នែក​ទាំង​អស់​នេះ​ដូច​នឹង​ Apple Watch អ៊ីចឹង។ អេក្រង់​មាន​ទំហំ ១,៧៨ អ៊ីញ ជា​ប្រភេទ AMOLED ដែល​មាន​ដង់ស៊ីតេ​រូប​ភាព ៣២៦ ភីកសែល/មួយអ៊ីញ ហើយ​មាន​ថាមពល​ថ្ម ៥៧០ mAh ដែល Xiaomi អះអាង​ថា​ប្រើ​ប្រាស់​បាន​ ៣៦ ម៉ោង។

នាឡិកា​នេះ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon Wear 3100 និង​មាន RAM ទំហំ ១ GB អម​នឹង​អង្គ​ផ្ទុក ៨ GB។ វា​មាន​ប្រព័ន្ធ Wi-Fi, Bluetooth, NFC, មុខងារ​វាស់​ចង្វាក់​បេះដូង និង​អាច​ដាក់​ eSIM សម្រាប់​ប្រើ​អ៊ីនធឺណិត 4G បាន​ផង​ដែរ។

ក្រៅ​ពី​តម្លៃ​ខុស​គ្នា ចំណុច​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ Mi Watch ខុស​ពី Apple Watch គឺ​ផ្នែក​ Softeware ដែល​វា​ប្រើ​ស្បេក​ MIUI For Watch នៅ​ពី​លើ Google Wear OS។ Xiaomi បាន​បង្កើត​កម្មវិធី​ផ្ទាល់​ខ្លួន​សម្រាប់​នាឡិកា​នេះ រួម​មាន​កម្មវិធី Tasks, Recorder និង​កម្មវិធី Notes ជា​ដើម។

បន្ថែម​ពី​នេះ​ដែរ Mi Watch ក៏​មាន​ Sensor ពិសេសៗ​សម្រាប់​វាស់​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម, អាច​តាម​ដាន​ដំណេក​និង​លំហាត់​ប្រាណ និង​អាច​ពិនិត្យ​មើល​ថាមពល​ក្នុងខ្លួន​ប្រាណ ហើយ​នាឡិកា​នេះ​អាច​ធន់​នឹង​ទឹក​បាន​ទៀត​ផង។

Mi Watch មាន​លក់​នៅ​ប្រទេស​ចិន​មុន​គេ នៅ​ចាប់​ពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៨៥ ដុល្លារ ដល់ ២៩០ ដុល្លារ៕

ចុចអាន ៖ ស្មាតហ្វូន​ភ្នែក ៥ ​ឡើង​មក​ឈរ​ស្មើ Mate 30 Pro នៅ​ចំណាត់ថ្នាក់​កំពូល​លើ DxO Mark

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង