បិតា​ហ្គេម Flappy Bird កំពុងសម្ងំបង្កើតហ្គេមថ្មី

  • 2019-11-21 02:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Nguyen Ha Dong ដែល​ជា​អ្នក​ចូល​រួម​បង្កើត​ហ្គេម​ដ៏​ល្បី​ឈ្មោះ​​ Flappy Bird បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ខ្លួន​កំពុង​បង្កើត​ហ្គេម​ថ្មី​មួយ ដែល​មាន​​ផ្ទៃ Interface សាមញ្ញ ប៉ុន្តែ​បច្ចេកវិទ្យា​នៅ​ក្នុង​ហ្គេម​នេះ​គឺ​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ។

ស្ថាបនិក​នៃ​​ .GEARS Studio ​រូប​នេះ​និយាយ​ថា​ មាន​ក្ដី​សង្ឃឹម​​​ត្រឹម ០,១% ប៉ុណ្ណោះ​ថា​ហ្គេម​នេះ​អាច​ជោគជ័យ​បាន​ដូច​ Flappy Bird។ .GEARS នា​ពេល​នេះ​មាន​សមាជិក​ចំនួន​ពីរ​រូប​ប៉ុណ្ណោះ គឺ​ Nguyen Ha Dong និង​មិត្ត​រៀន​នៅ​សកលវិទ្យាល័យ​ជា​មួយ​គ្នា ដែល​បាន​បង្កើត​ហ្គេម​លើ Android បាន​ចំនួន ៣ និង​ហ្គេម​លើ iOS ចំនួន ៥។ ហ្គេម​ដែល​ជោគជ័យ​ខ្លាំង​បំផុត​គឺ Flappy Bird។

Flappy Bird ​បញ្ចេញ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៣ ហើយ​ទទួល​បាន​ភាព​ល្បី​ល្បាញ​នៅ​ដើម​ឆ្នាំ ២០១៤។ នៅ​ចុង​ខែ​មករា ឆ្នាំ ២០១៤ វា​បាន​ក្លាយ​ជា​ហ្គេម​ឥត​គិត​លុយ​ដែល​មាន​អ្នក​ទាញ​យក​ច្រើន​ជាង​គេ​នៅ​លើ App Store សម្រាប់ iOS។ អំឡុង​ពេល​នោះ​ Flappy Bird អាច​រក​ចំណូល​បាន​ ៥ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ហ្គេម។

យ៉ាងណាក្ដី Flappy Bird ត្រូវ​បាន​អ្នក​បង្កើត​របស់​វា​​​ដក​ចេញ​ពី App Store និង Google Play Store ​នៅ​ខែ​កុម្ភៈ​ ឆ្នាំ ២០១៤ ដោយ​សារ​យល់​ឃើញ​ថា​វា​ធ្វើ​ឲ្យ​មនុស្ស​ញៀន​ខ្លាំង និង​ប្រើ​ប្រាស់​លើស​កម្រិត៕​​​​

ចុចអាន ៖ មិនមែនចិនក៏មិនមែនអាមេរិក ដែលជាប្រទេសពេញនិយម TikTok ជាងគេនោះ

​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង