ប្រធាន​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ថ្មី​ លើក​ពី​ចំណុច​សំខាន់​ចំពោះ​មុខ​ត្រូវ​ដោះស្រាយ​

  • 2019-11-25 07:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ថ្មី​ ដែល​ទើប​ចូល​ដាក់​តំណែង​បង្ហាញ​ចំណុច​សំខាន់ៗ​ចំពោះ​មុខ​ដែល​ត្រូវ​ធ្វើ​ចាំ​បាច់​ដើម្បី​កីឡាករ​ហ្វឹកហាត់​នោះ​មាន​ តុ​ហាត់​រៀន​ កន្លែង​មន្ត្រី​សហព័ន្ធ​ធ្វើ​ការ​ និង​កិច្ចការ​សំខាន់​មួយ​ទៀត។​

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ(ទី១រាប់ពីខាង​ស្ដាំ)

ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ ប្រធាន​ថ្មី​នៃ​សហព័ន្ធ​ខាង​លើ​នេះ​ ប្ដេជ្ញា​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ ដឹកនាំ​កីឡា​មួយ​នេះ​ឲ្យ​មាន​ភាព​រីកចម្រើន​ ពង្រឹង​សមត្ថភាព​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​នៅ​ឆ្នាំ​២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម។​ សម្រាប់​ជំហាន​ដំបូង​ ឯកឧត្ដម​គឺ​រ៉ាប់រង​រៀបចំ​កន្លែង​ធ្វើ​ការ​ឲ្យ​សមរម្យ ​ល្អ​ជាង​នេះ​ព្រោះ​មើល​ទៅ​យ៉ាប់​ខ្លាំង​ណាស់​ បើ​មាន​សមភាព​ដូច​បច្ចុប្បន្ន​នេះ​ គ្មាន​នរណា​ម្នាក់​ចង់​មក​ធ្វើ​ការងារ​នោះ​ទេ។​ ចំណុច​ទី២​ គឺ​តុ​ប៉េង​ពុង​ និងកម្រាល​សុទ្ធតែ​ចាស់ៗ​អស់​ហើយ​ ដូច្នេះ​នឹង​សម្រួល​ផ្លាស់ប្ដូរ​ថ្មី​។ បន្ថែម​ពី​នេះ​ទៀត​នោះ​គឺ​នឹង​ធ្វើ​របាំង​ឲ្យ​ខ្ពស់​ដាច់​ដោយ​លែក​ពី​ប្រភេទ​កីឡា​ដែល​កំពុង​ហ្វឹកហាត់​នៅ​ក្នុង​សាល​ជា​មួយ​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​កីឡាករ​ដែល​ត្រូវ​ហ្វឹកហាត់​នា​ពេល​សព្វថ្ងៃ។​ ហេតុ​នេះ​ហើយ​អគ្គលេខាធិការ​ និង​មន្ត្រី​សហព័ន្ធ​អាច​លើក​ជា​សំណើ​មក​ ប្រធាន​ខាង​លើ​នេះ​នឹង​ពិនិត្យ​ហើយ​ដោះស្រាយ។​

ទិដ្ឋភាពថ្ងៃ​មហាសន្និបាត

ក្បាល​ម៉ាស៊ីន​ថ្មី​របស់​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​នេះ​បន្ត​ទៀត​ថា​ ចំពោះ​ក្រុម​ថ្នាល​ និង​ក្រុម​ជម្រើស​ជាតិ​ប៉ុន្មាន​នាក់​បច្ចុប្បន្ន​នេះ​ ប្រសិន​បើ​អ្នក​ទាំង​នោះ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ពិតប្រាកដ​មែន​ ឯកឧត្ដម​នឹង​រក​ថវិកា​ខ្លះ​ៗ​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​បន្ថែម​ជា​ការ​លើក​ទឹក​ចិត្ត​នៃ​ការ​ខំប្រឹង​នោះ។​

ទិដ្ឋភាពថ្ងៃ​មហាសន្និបាត

រំលឹក​ដែរ​ថា​ សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​ បាន​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២១​ ខែ​វិច្ឆិកា​ ២០១៩​ នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ដោយ​បាន​បោះឆ្នោត​ជម្រើស​រើស​ប្រធាន​ថ្មី​គឺ​ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ បន្ទាប់​ពី​ប្រធាន​ចាស់​ឧកញ៉ា​ រ័ត្ន​ សាខន​ សុំ​ឈប់។​ សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​អាណត្តិទី៦​ ឆ្នាំ២០១៧-២០២១​ គឺ​មាន​១៣នាក់​ រួម​មាន​ឯកឧត្ដម​ គៀត ច័ន្ទថារិទ្ធ​ ជា​ប្រធាន​ លោក​ ដួង ហេង​ លោក​ ពុំ វិត្យា​ លោក​ សុខ វិសាល​ និងលោក​ លី ​សេងឃុង​ ជា​អនុប្រធាន។​ លោក​ ស៊ុន សុទ្ធារិទ្ធ​ អគ្គលេខាធិការ​ លោក​ ព្រុំ ឌុចបូរ៉ានឿន​ អគ្គហេរញ្ញឹក ​លោក​ ចាន់ ពិសិដ្ឋ​ អគ្គលេខាធិការ​រង​ និង​សមាជិក​៤រូប​ មាន​លោក​ អ៊ឹង​ ប៊ុនឃាង​ លោក អម សុផាណា​ លោក​ រស់ ជាតិ​ និង​លោក ដួង វណ្ណា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម