ធ្វើ​ការ​ហួស​ហេតុ​ ចូល​គេង​យប់​ជ្រៅ ជា​មូលហេតុ​ឲ្យ​តារា​ម៉ូដែល​តៃវ៉ាន់​ដួល​ស្លាប់​ពេល​កំពុង​ថត?

  • 2019-11-28 08:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​ដ៏​ស្រស់​សង្ហា​តៃវ៉ាន់​កាត់​កាណាដា Godfrey Gao ត្រូវ​បាន​គេ​រាយការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ បាន​ដួល​ស្លាប់​ភ្លាម​ៗ​ពេល​កំពុង​ថត​កម្មវិធី​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ដំណឹង​នេះ បាន​ធ្វើ​អ្នក​គាំទ្រ​លោក​ជុំវិញ​ពិភព​លោក​មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង។

ភ្លាម​ៗ​ការ​ដួល​ស្លាប់​កណ្ដាល​ទី​ពេល​កំពុង​បំពេញ​កិច្ច​ការងារ​របស់​តារា​ម៉ូដែល​វ័យ ៣៥​ឆ្នាំ នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា ដោយ​សារ​រោគ​គាំង​បេះដូង។ មក​ដល់​ថ្ងៃ​នេះ មាន​របាយការណ៍​សន្និដ្ឋាន​ថ្មី​មួយ​បន្ថែម​ទៀត​ស្ដី​ពី​ករណី​នេះ។ គ្រូ​ពេទ្យ​មក​ពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ជាតិ​តៃវ៉ាន់ បាន​សន្និដ្ឋាន​ថា ការ​គាំង​បេះដូង​ស្លាប់​របស់​តារា​ម៉ូដែល​ដ៏​ស្រស់​សង្ហា​ខាង​លើ បណ្ដាល​មក​ពី​ធ្វើ​ការ​ហួស​ប្រមាណ និង​បញ្ហា​តានតឹង​ផ្លូវ​ចិត្ត​ផង។ នេះ​បើ​តាម​ការ​រាយការណ៍​របស់ Sinchew Daily ជា​ភាសា​ចិន-ម៉ាឡេស៊ី។

បន្ថែម​ពី​ករណី​របស់ Godfrey Gao ដដែល គ្រូ​ពេទ្យ​តៃវ៉ាន់ បាន​គូស​បញ្ជាក់​ទៀត​ថា ការ​ចូល​គេង​យឺត​ពេក ព្រម​ជាមួយ​ការ​ចំណាយ​ពេល​ធ្វើ​​​ការ​ហួសហេតុ អាច​បង្ក​ឱ្យ​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​ដល់​រាង​កាយ។ ការ​សន្និដ្ឋាន​នេះ ហាក់​ស៊ី​គ្នា​នឹង​របាយការណ៍​ដែល​ថា តារា​ម៉ូដែល​តៃវ៉ាន់-កាណាដា បាន​ធ្វើ​ការ​ដល់​១៧​ម៉ោង​ឯណោះ នៅ​មុន​ពេល​ដួល​ស្លាប់៕

ប្រភព៖ mustsharenews   ប្រែ​សម្រួល៖ ទារិកា