ប៊ុត សីហា ទម្លាយ​រឿង​ក្នុង​ចិត្ត​ពី Coach ឆន សុវណ្ណរាជ

  • 2014-11-19 18:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​លើក​ឡើង​រិះគន់​បន្ត​បន្ទាប់ ខណៈ​មិន​ឃើញ​ម្ចាស់​ជយលាភី The Voice Cambodia ពោល​ពាក្យ​គួរសម ឬ​អរគុណ​ចំពោះ Coach ឆន សុវណ្ណរាជ ដែល​ខិតខំ​បង្ហាត់បង្ហាញ​តាំង​ចំណុច​ចាប់​ផ្ដើម រហូត​បាន​ជោគជ័យ​លើ​ការ​ប្រកួត​ប្រជែង ដោយ​ទទួល​បាន​ទាំង​ប្រាក់ ឱកាស និង​កិត្តិយស​ ជា​ដើម។

 

 

ទោះ​បី​ជា​យ៉ាង​ណា ពាក់ព័ន្ធ​ទៅ​នឹង​ចំណុច​នេះ យុវជន​ខាង​លើ​បាន​អះអាង​ថា ដោយ​សារ​តែ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ខ្លាំង​ពេក លាយឡំ​ដោយ​ការ​​នឹក​រលឹក​ ដល់​ឪពុក​ទើប​ចែកឋាន​ទៅ​ថ្មីៗ​ផង​នោះ ធ្វើ​ឲ្យ​រូប​គេ​រក​ពាក្យ​អ្វី​មក​និយាយ​គ្មាន​ទេ។ ប្រការ​នេះ​ហើយ ធ្វើ​ឲ្យ​យុវជន ប៊ុត សីហា ហាក់​គ្មាន​សន្តិភាព​ផ្លូវ​ចិត្ត ព្រោះ​មិន​បាន​ធ្វើ​រឿង​សំខាន់​មួយ ក្រោយ​កម្មវិធី​បញ្ចប់​ទៅ។

 

ប៊ុត សីហា និយាយ​ថា៖ “ការ​ពិត​ទៅ ខ្ញុំ​បាន​ចាត់​ទុក​បង រាជ ជា​អ្នក​មាន​គុណ​ម្នាក់​បាត់​ទៅ​ហើយ ជា​ពិសេស​ពេល​អស់​សង្ឃឹម ក្រោយ​ពេល​ឪពុក​លា​ចាក​លោក​ទៅ"។ យុវជន​រូប​នេះ​បន្ត​ថា Coach ឆន សុវណ្ណរាជ តែង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​រូប​គេ ឲ្យ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ហាត់​រៀន​ច្រៀង ដោយ​សម្លឹង​មើល​ទៅ​គោល​ដៅ​ខាង​មុខ គឺ​ក្លាយ​ជា​ម្ចាស់​ជយលាភី The Voice Cambodia រដូវ​កាល​ទី​១។

 

ដោយ​សារ​សំដី​របស់ Coach រូប​នេះ​ហើយ ធ្វើ​ឲ្យ​យុវជន​មាន​ប្រភព​ពី​ខេត្ត​កំពង់​ស្ពឺ​ខាង​លើ មាន​ស្មារតី​ឡើង​វិញ ហើយ​ខិតខំ​ហាត់​រៀន​រហូត មាន​ការ​រីក​ចម្រើន​គួរ​កត់​សម្គាល់ ទាំង​របៀប​ប្រើប្រាស់​សំឡេង និង​ កាយវិការ​ជា​ដើម ស្រប​ពេល​មាន​ទេព​កោសល្យ​ចម្រៀង​ស្រាប់។ សីហា មិន​មាន​ការងារ​ផ្សេង​ទេ ក្រៅ​ពី​ហាត់​ច្រៀង ទើប​មាន​ពេល​វេលា​គ្រប់គ្រាន់ ហ្វឹកហាត់​គ្រប់​ពេល​វេលា រហូត​បាន​ទទួល​ជោគជ័យ​ក្នុង​ចំណោម​បេក្ខភាព​ជា​ច្រើន​នាក់។

 

“ ខ្ញុំ​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត បន្ទាប់​ពី​ទទួល​ការ​បណ្ដុះបណ្ដាល​យ៉ាង​យក​ចិត្ត​ទុកដាក់។ ខ្ញុំ​មាន​ថ្ងៃ​នេះ ក៏​ជា​ចំណែក​មួយ​ដ៏​ធំ​របស់​បង សុវណ្ណរាជ និង Coach ផ្សេង​ទៀត​ដែរ"។ សីហា អះអាង​ថា គ្មាន​ថ្ងៃ​បំភ្លេច​គុណ​Coach ទាំង​អស់​បាន​ទេ។

 

ជាមួយ​គ្នា​នោះ ប៊ុត សីហា បន្ត​ថា កំពុង​ត្រៀម​ខ្លួន ដើម្បី​ចុះ​កុង​ត្រា​ផ្លូវ​ការ ជាមួយ​ផលិតកម្ម​ហង្ស​មាស សម្រាប់​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ចម្រៀង​ល្បី​ឈ្មោះ​ខាង​លើ ដោយ​កំពុង​ស្នាក់​នៅ​រាជធានី​ភ្នំពេញ​នៅ​ឡើយ៕

 

អាន​អត្ថបទ៖ ច្រៀង​តែ​បទ ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ត តែ​ ប៊ុត សីហា មាន​តារា​ក្នុង​ដួង​ចិត្ត​ផ្សេង

អាន​អត្ថបទ៖ តើ Coach ឆន សុវណ្ណរាជ និយាយ​អ្វី​ខ្លះ​ពី ប៊ុត សីហា?

អត្ថបទ៖ សំ ជំនាញ