ពាក់កណ្ដាលម៉ារ៉ាតុងអាទិត្យមុន មេនូឡាយហ្វ៍ ប្រមូលថវិកាជួយមន្ទីរពេទ្យកុមារអង្គរបានជាង ១១ ម៉ឺនដុល្លារ

  • 2019-12-12 06:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី២៤ កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ រៃអង្គាសថវិកាពីបុគ្គលិករបស់ខ្លួនទូទាំងសកលលោកបាន ១១១,២១១ ដុល្លារអាមេរិក ដើម្បីបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ការរៃអង្គាសនេះធ្វើឡើងដោយមានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក Roy Gori អាវខ្មៅ

លោក Roy Gori អគ្គនាយកប្រតិបត្តិជាសកលរបស់ មេនូឡាយហ្វ៍ បានឲ្យដឹងថា៖ «ការរួមអង្គាសថវិកាមនុស្សធម៌នេះ គឺជាអ្វីដែលក្រុមហ៊ុនតែងតែធ្វើកន្លងមកនៅគ្រប់សហគមន៍ដែលក្រុមហ៊ុនមានប្រតិបត្តការអាជីវកម្ម។ ថវិកានេះជាការរួមចំណែកដ៍សំខាន់មួយសម្រាប់មន្ទីរពេទ្យកុមារអង្គរដែលកំពុងតែជួយសង្គ្រោះ និងផ្តល់ការព្យាបាលប្រកបដោយគុណភាពដល់កុមាររាប់ពាន់នាក់នៅកម្ពុជាដោយឥតគិតថ្លៃ។»

ទិដ្ឋភាពប្រគល់ថវិកា

តំណាងក្រុមហ៊ុនខាងលើនេះបន្តថា មេនូឡាយហ្វ៍ នឹងនៅតែបន្តគាំទ្រដល់សហគមន៍ជាមួយនឹងសកម្មភាពបន្តបន្ទាប់ទៀត។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី ៥ ហើយដែល មេនូឡាយហ្វ៍ បានប្រមូលថវិកាជួយមន្ទីរពេទ្យកុមារអង្គរនៅក្នុងខេត្តសៀមរាប ហើយក៏ជាឆ្នាំទី ៥ ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍រត់ប្រណាំងខាងលើផងដែរ៕

អត្ថបទ៖ នួន ស៊ីណា​