សម្ដេច ហ៊ុន សែន ប្រកាស​​បង្កើត​ផ្សារ​ព្រំដែន​គំរូ​នៅ​ខេត្ត ២​ទៀត

  • 2019-12-24 06:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ឱកាស អញ្ជើញ​សម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម “ផ្សារ​សហគម​ន៍ព្រំដែន​គំរូ​កម្ពុជា” នៅ​ក្នុងខេត្តត្បូងឃ្មុំ នៅ​ថ្ងៃទី ២៤ ខែ ធ្នូ ២០១៩ នេះ សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា ចង់​ឲ្យមានការកសាងផ្សារសហគមគំរូតាមបណ្តាព្រំដែន កម្ពុជា-វៀតណាម ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​សម្រួល​ដល់ការធ្វើជំនួញ និង ពាណិជ្ជកម្មតូចធំ និង​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​មាន​ទីផ្សារ​សមរម្យ​លក់​ដូរ​ទំនិញ​ដើម្បី​បង្កើន​ជីវភាព​រស់​នៅ​ឲ្យ​កាន់​តែល្អប្រសើរ។

សម្តេច ក៏បានបញ្ជាឲ្យប្រសួងពាណិជ្ជកម្ម រៀប​ចំ​បង្កើត​ផ្សារគំរូ២ថែមទៀតយកតាមរចនាបទខ្មែរ ដែល​នឹង​គ្រោងបង្កើតឡើងនៅខេត្តស្វាយរៀង និង ខេត្តកំពត ដែលត្រូវប្រើប្រាស់ថវិកាជាតិ។ ទន្ទឹម​នឹងនេះដែរ សម្តេច​នាយករដ្ឋមន្ត្រី បានស្នើឲ្យអភិបាលខេត្តទាំងពីរត្រៀមទីតាំងដី ជួយ​សម្រប​សម្រួល​ឲ្យ​ស្របជា​មួយនឹងទិសដៅនៃការបើកច្រកចេញចូលព្រំដែនកម្ពុជាវៀតណាម ដើម្បី​រៀបចំ​កសាង​ផ្សារ​សហគមគំរូនេះ។ ភាពជោគជ័យរបស់ផ្សារសហគមន៍គំរូនេះ គឺត្រូវ​ការ​មាន​ការ​ចូលរួម​និង​យកចិត្ត​ទុក​ដាក់ខ្ពស់ពីសំណាក់អភិបាលខេត្តផងដែរ គឺមិន​ត្រូវ​បណ្តែត​បណ្តោយ​បង្កើត​ហើយ​មិន​មើល​នោះ​ទេ។

រូបភាព៖ ហ្វេសបុក សម្ដេច ហ៊ុន សែន

សម្តេច សង្ឃឹមថា នៅពេលកម្ពុជាមានផ្សារសហគមន៍គំរូកាន់តែច្រើន គឺនឹង​ជួយ​បង្កើន​ទំនិញ​នាំ​ចេញ​ទៅ​ប្រទេសវៀតណាម​កាន់តែច្រើន ដែល​នឹង​កាន់​តែ​ធ្វើឲ្យ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាម​ព្រំដែន​​កាន់តែធូរធារ ហើយទន្ទឹមនឹងនោះ គឺ​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឲ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម