ទាំងនេះជាហេតុផលម្ចាស់ទីតាំងកន្លែងកម្សាន្តមិនឡើងថ្លៃថ្ងៃបុណ្យ

  • 2019-12-25 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាចនិយាយបានថាឲ្យតែរាល់ថ្ងៃឈប់សម្រាក ពិសេសថ្ងៃបុណ្យជាតិធំៗ បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ ឆ្លងឆ្នាំ ចូលឆ្នាំចិន សឹងគ្រប់ទីកន្លែងកម្សាន្ត តែងតែតម្លើងថ្លៃការស្នាក់នៅ ម្ហូបអាហារ លើសថ្ងៃធម្មតាក្រោមហេតុផល មួយឆ្នាំមានម្តង អត់មានបុគ្គលិកធ្វើការដោយយកលេសឡើងថ្លៃមកទប់នឹងការធ្វើការថែមម៉ោងថ្ងៃបុណ្យ ត្រីសាច់បន្លៃឡើងថ្លៃគ្មានអ្នកលក់។ល។ នេះជាហេតុផលដែលម្ចាស់អាជីវកម្មមួយចំនួនតែងតែធ្វើក្នុងពេលបុណ្យ។

តំបន់អេកូទេសចរណ៍ក្តាតសាណាការបស់លោក អឿន រស់នៅអមរើន
ផ្ទះស្នាក់លោកស្រីបូ របស់អ្នកស្រី បូ សុភារី

<<ភាគរយនៃការឡើងថ្លៃនៅតែមានភាគច្រើនជាងការរក្សាតម្លៃថេរ តើម្ចាស់អាជីវកម្មកម្សាន្តដែលមិនឡើងថ្លៃក្នុងថ្ងៃបុណ្យគេគិត និងនិយាយបែបណាត្រង់ចំនុចនេះ>>

ម្ចាស់អាជីវកម្ម “ផ្ទះស្នាក់លោកស្រីបូ” ដែលមានទីតាំងនៅផ្លូវទៅទឹកធ្លាក់ជ្រាវ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ អ្នកស្រី បូ សុភារី បានបញ្ជាក់ប្រាប់ពីមូលហេតុដែលកន្លែងអ្នកស្រីមិនឡើងថ្លៃក្នុងរាល់ពេលបុណ្យថា ១.ចង់រក្សាទំនុកចិត្តយូរអង្វែងរវាងអ្នកប្រកបអាជីវកម្មនិងអតិថិជន (ភាពស្មោះត្រង់ បើរបស់របរញាំណាឡើងថ្លៃមិនយកមកលក់ទេ មានអីលក់ហ្នឹងប្រាប់ភ្ញៀវត្រង់) ២. រក្សាកេរឈ្មោះតំបន់ កុំអោយគេម៉ៃទាំងអស់ពេក ចាប់ផ្តើមធ្វើគំរូមួយ ក្រែងមានគេធ្វើបានកាន់តែច្រើនឡើងដែរ ភ្ញៀវហ្នឹងសប្បាយចិត្ត ៣. លក់ដោយស្មោះត្រង់ គឺមានភ្ញៀវរាល់ថ្ងៃ មិនចាំបាច់តែថ្ងៃបុណ្យទាន ៤.ឲ្យភ្ញៀវបានសម្រេចចិត្តច្បាស់លាស់មុនមកអោយហើយ មិនឡើងថ្លៃទេ តែមានអីញាំហ្នឹងជាមួយម្ចាស់ផ្ទះ ព្រោះជាផ្ទះស្នាក់ និង ៥. ចង់ឲ្យពួកគាត់ដើរលេងដោយសប្បាយចិត្តក្នុងស្រុក មិនបាច់ទៅក្រៅស្រុក។

អ្នកស្រី សុភារី បន្តថា “ ម្ចាស់ហាង អាជីវកម្ម ទាំងអស់គួរតែត្រៀមរៀបចំ និងគិតគូរយ៉ាងណាដើម្បីត្រៀមពេលថ្ងៃបុណ្យ ដោយមិនតម្លើងថ្លៃ ឬដាក់តម្លៃណាមួយដែលភ្ញៀវអាចទទួលយកបាន ដោយហេតុថា យើងមិនមែនរកស៊ីតែមួយថ្ងៃទេ យើងគួរតែយកចំណូលពីការលក់រាល់ថ្ងៃមកត្រៀមទុកសម្រាប់ថ្ងៃបុណ្យ(ប្រាក់ថែមម៉ោងរបស់បុគ្គលិក) នោះទើបមិនឲ្យភ្ញៀវដែលគេមកកន្លែងយើងរៀងចាលឈប់មកលេងម្តងទៀត”។ រាល់ថ្ងៃ ពិសេសថ្ងៃចុងសប្តាហ៍ “ផ្ទះស្នាក់លោកស្រីបូ” មានភ្ញៀវមកលេង និងស្នាក់នៅមិនដាច់នោះទេបើថ្ងៃបុណ្យវិញគឺសឹងគ្មានកន្លែងក៏មាន។ សម្រាប់តម្លៃស្នាក់នៅចាប់ពី ៦ដុល្លារ ដល់ ១៥ដុល្លារ។

ផ្ទះស្នាក់លោកស្រីបូ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ម្ចាស់តំបន់អេកូទេសចរណ៍ក្តាតសាណាកា នៅខេត្តកំពត លោក អឿន រស់នៅអមរើន បានលើកឡើងថា “ជាធម្មតាសម្រាប់ភ្ញៀវទេសចរណ៍បរទេស គឺមានខែ Hight ខែ Low ប៉ុន្តែសម្រាប់ទេសចរណ៍ក្នុងស្រុកគឺមានតែចុងសប្តាហ៍ ឬបុណ្យទាន ដូចនេះសម្រាប់ទេសចរណ៍ក្នុងស្រុក គឺមានជាប្រចាំ ។ សម្រាប់ការគិតរបស់ខ្ញុំគឺ ខ្ញុំចង់ឲ្យពលរដ្ឋខ្មែរបានដើរស្គាល់ទឹកដី និងកន្លែងធម្មតាស្អាតៗក្នុងស្រុកអោយបានច្រើន ជាជាងយកលុយទៅចាយនៅបរទេស។ ម្យ៉ាងទៀតខ្ញុំចង់លុបនូវ ទម្លាប់របស់អ្នករកស៊ីភាគច្រើនយកពេលហ្នឹងលក់ដូរកាប់ថ្លៃភ្ញៀវខ្ពស់ ហើយរហូតមានអ្នកខ្លះបោកប្រាស់ទំនិញទៀតដោយកុហកថា ជាទំនិញលេខ១។ល។ នេះជាទម្លាប់ មួយដែលពួកយើងគួរកែប្រែ សំខាន់ឲ្យតែយើងដាក់តម្លៃសមរម្យមួយ ហើយសេវាល្អ នោះមិនខ្វះទេអតិថិជននោះ។ អ្វីដែលសំខាន់ដែលយើង យកមកប្រកួតប្រជែងលើទីផ្សាសេរី មិនលក់ដូរកាប់អតិថិជននោះទេ គឺសេវាល្អ តម្លៃសមរម្យ និងផាសុខភាព”។

អេកូទេសចរណ៍ក្តាតសាណាកា

តម្លៃនៅទីនេះគឺថេ ផ្ទះស្នាក់មានតម្លៃ៤ជម្រើសមាន ១៥ដុល្លារ ២០ដុល្លារ ២៥ដុល្លារ និង៣០ដុល្លារ សម្រាប់តង់វិញគឺតង់១តម្លៃ ១២ដុល្លារ ហើយថ្ងៃឆ្លងឆ្នាំនេះចុះមកត្រឹមតែ១០ដុល្លារប៉ុណ្ណោះ។ ម្ចាស់ក្តាតសាណាកាបន្ថែម។

រូបថតផ្តល់សិទ្ធិដោយ៖ អ្នកស្រី បូ សុភារី និងលោក អឿន រស់នៅអមរើន

អត្ថបទ៖ លន ហ្សាឌីណា