គ្រូ​សីដក់​ក្រសួង​មហាផ្ទៃ​ប្រាប់​គន្លឹះ​សំខាន់​ផ្ដួល​ក្រសួង​ការពារ​ជាតិ​ យក​មេដាយ​មាស​ម្សិលមិញ​

  • 2019-12-26 03:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប​ក្រសួង​មហាផ្ទៃ​ ថា​គន្លឹះ​សំខាន់​ដែល​អាច​ឈ្នះ​ក្រសួង​ការពារ​ជាតិ​ម្សិលមិញ​នេះ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើងឯក​ថ្នាក់​ជាតិ​ ២០១៩​ នេះ​ដោយ​សារ​តែ​ក្រុម​របស់​លោក​ចាប់​ចំណុច​ខ្សោយ​ដៃគូ​បាន​ និង​លេង​តាម​អ្វី​ដែល​លោក​បាន​ប្រាប់។​

រូបភាព Cambodia Document Sport

លោក​ ជាតិ​ ខេមរា​ គ្រូ​បង្វឹក​ក្លឹប​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ ជ័យជម្នះ​លើ​ក្រសួង​ការពារ​ជាតិ​ម្សិលមិញ​នេះ​គឺ​សិត​ទី១​ លោក​ចាប់​ចំណុច​ខ្សោយ​កីឡាករ​៣នាក់​មុន​បាន​ ប៉ុន្តែ​សិត​ទី២​ គេ​ដូរ​កីឡាករ​ថ្មី​ ដូច្នេះ​បច្ចេកទេស​លេង​របស់​គេ​ថ្មី​ ហេតុ​នេះ​ហើយ​ទើប​សិត​នេះ​ចាញ់​គេ​សិន​ដើម្បី​ស្វែង​យល់​ពី​ចំណុច​ខ្សោយ​ ឬ​ចំណុច​ខ្វះ​ចន្លោះ​ជា​ថ្មី​ទៀត។​

រូបភាពអង្គភាពក្រសួងមហាផ្ទៃ

សិត​ទី៣​ ដែល​ជា​សិត​កាត់សេចក្ដី​ចាញ់​ឈ្នះ​ គ្រូ​បង្វឹក​ខាង​លើ​បាន​ដឹង​ពី​សមត្ថភាព​ និង​បច្ចេកទេស​ដៃគូ​រួច​ហើយ​ ក៏​ប្រាប់​វិធី​លេង​ដល់​សិស្ស​ឲ្យ​វ៉ៃ​សេវា​ទៅ​ធម្មតា​ៗ​ឲ្យ​ចូល​ ហើយ​ព្យាយាម​ចាំ​បាំង​ពេល​គេ​គប់​វិញ។​ មួយ​វិញ​ទៀត​លោក​ប្រាប់​ឲ្យ​កូន​សិស្ស​របស់​ខ្លួន​វ៉ៃ​សេវា​ឲ្យ​និង​ ដូច​ជា​វ៉ៃ​ទៅ​ជើង​ឆ្វេង​ដៃគូ​ និង​វ៉ៃ​សេវា​រក​ក្បាល​គេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដៃគូ​ប្រកួត​ពិបាក រួម​ផ្សំ​ការ​ស្រែក​ហ៊ោ​ជា​កម្លាំង​ចិត្ត​ផង​នោះ​ ទើប​អាច​ឈ្នះ​ក្រុម​ខ្លាំង​ក្រសួង​ការពារ​ជាតិ​បាន។​

ទិដ្ឋភាពលើកពាន

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​សីដក់​ និង​ឈិនឡូន​កម្ពុជា​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ២០១៩​ នេះ​រយៈពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៣​ ដល់​ ២៥​ ខែ​ធ្នូ​ ២០១៩​ នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្រុម​ចូលរួម​សរុប​១០​ក្រុម​ ដែល​ត្រូវ​ជា​១២៣នាក់។​ ចំពោះ​មេដាយ​មាស​ ៣-៣​នាក់​ ក១​ បាន​ទៅ​លើ​ក្រុម​មហាផ្ទៃ​ ក្រោយ​ឈ្នះ​ក្រុម​ការពារ​ជាតិ​ ២-១​សិត​ម្សិលមិញ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​