អយ្យការស្នើសុំដីកាចាប់ខ្លួន​ថ្មីមួយទៀតចំពោះ​ Seungri ក្រោយស្ងាត់ ៨ខែ

  • 2020-01-10 02:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន​នៅ​ប្រទេស​កូរ៉េ​ថ្ងៃ​នេះ​ បាន​ឲ្យដឹង​ថា​ តំណាងអយ្យការដែល​មក​ពី​ការិយាល័យ​ព្រះរាជអាជ្ញា Seoul Central District បាន​ដាក់​ដីកា​ចាប់​ខ្លួន​ថ្មី​មួយ​ទៀត​ចំពោះ​ Seungri អតីតសមាជិក​ក្រុម​ BIGBANG។

វិបសាយ​ព័ត៌មាន​ New1 និង​ Star News បាន​ផ្សាយ​នៅ​ថ្ងៃ​ទី ០៨​ ខែមករា​នេះថា​ ដីកា​នោះ​បាន​ដាក់​ស្នើ​ឡើង​នូវ​រឿង​ក្ដី​ ៧​ករណី។ បើ​រម្លឹក​ទៅ​កាល​ពី​ខែឧសភា ឆ្នាំ ២០១៩ ក្រុមប៉ូលីស​មាន​សមត្ថកិច្ច​បាន​ស្នើសុំ​ដីកា​ចាប់​ខ្លួន​ Seungri ពីបទ​ចោទ​ករណី​ពេស្យាចារ​ លួច​ផ្ដល់នូវ​សេវាផ្លូវភេទ​ ល្មើសច្បាប់​សុខភាពចំណីអាហារ បំពាន​ច្បាប់​ប្រតិបត្តិការ​អាជីវកម្ម​ និង​គេចពន្ធ​ជាដើម។ ប៉ុន្តែ​ក្រោយ​មក​ ដីកា​ចាប់​ខ្លួន​នេះ​ក៏​ត្រូវ​បាន​ច្រាន​ចោល​ ជាហេតុ​នាំ​ឲ្យ​រឿង​ក្ដី​របស់​ Seungri នេះ​ត្រូវ​បាន​បញ្ជូន​ត​ទៅ​អយ្យការ​ ដោយ​គ្មាន​ការ​ចាប់​ឃុំ​ខ្លួន​ឡើយ។

ដោយឡែក​ឈាន​មក​ដល់​ពេល​នេះ ក្រុម​ព្រះរាជអាជ្ញា​ក៏​នឹង​ស្វែង​រក​ការ​ចោទទោស​ចំពោះ​ Seungri នូវ​ក្ដី​មួយ​ចំនួន​ ដូចជា​ ការ​រំលោភបំពាន​ផ្លូវ​ភេទ តាមរយៈ​ការ​ចេញ​ផ្សាយ​រូប​ថតអាសអាភាស​របស់​ជនរងគ្រោះ​ជានារី ៣នាក់ ការ​ប្រព្រឹត្តិ​ល្បែងស៊ីសង​ខុសច្បាប់ ​ អំពើ​ដោះ​ដូរ​រូបិយវត្ថុបរទេស​ខុសច្បាប់ ការ​ល្បួង​បុគ្គល​ណា​ម្នាក់​ឲ្យ​ទៅ​រួម​ភេទ​ជាមួយ​ភ្ញៀវ​បរទេស (សេវាពេស្យាចារ) កិបកេងលុយ​មូលនិធិពី Burning Sun ដើម្បីបម្រើប្រយោជន៍ផ្ទាល់​ខ្លួន និង​ករណី​ផ្សេង​ទៀត សរុប​ទាំង​អស់​ Seungri ត្រូវ​រង​ដីកា​ចាប់​ខ្លួន​មាន​ទោស​ឧក្រិដ្ឋសរុប ៧។

ប្រភព​ដដែល​ក៏​បាន​បន្ថែម​ដែរ​ថា​ តុលាការ​នឹង​វាយតម្លៃ​ ពិនិត្យ​ចំពោះ​ដីកា​ចាប់​ខ្លួន​ Seungri ជាថ្មី​ម្ដង​ទៀត​បន្ទាប់​ពី ៨ខែមុន​ គឺនៅ​ថ្ងៃ​ទី ១៣ ខែមករា​ខាងមុខ៕

ប្រភព៖ Allkpop | Koreaboo   ប្រែ​សម្រួល៖ យី សុធារី