YG ព្រមទទួលស្គាល់​ថា​បទ​ក្នុងអាល់ប៊ុមថ្មី ជា​ស្នាដៃរួមផលិតរបស់ B.I

  • 2020-01-29 02:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ ២៩ ខែមករា​នេះ​ ផលិតកម្ម​ YG បាន​បញ្ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ទាក់ទង​នឹង​ ការវិល​ត្រឡប់​មក​វិញ​របស់​ iKON តាម​រយៈ​អាល់ប៊ុម​ "I Decide”។

ផលិតកម្ម​បាន​សរសេរ​ថា​៖ «សួស្ដី​ នេះ​គឺ​ផលិតកម្ម YG... យើង​ចង់​បក​ស្រាយ​បញ្ជាក់​បន្ថែមនូវ​ព័ត៌មាន​មួយ​ចំនួន​នៃ​អាល់ប៊ុម​តូច​ថ្មី​ឆ្នាំ ២០២០ របស់​ iKON មាន​ចំណងជើង​ថា "I Decide”។ អាល់ប៊ុម​ថ្មី​នេះ​ គ្រោង​នឹង​ចេញ​ថ្ងៃ​ទី ០៦ ខែកុម្ភៈ និង​មាន​បទ​សរុប​ចំនួន​ ៥​បទ​សុទ្ធ​តែ​បទ​ថ្មី។ សម្រាប់​បទ​ថ្មី​ទាំង​អស់​ក្នុង​អាល់ប៊ុម​នេះ​ ធ្វើ​រួច​តាំង​តែ​ពី​ដើម​ឆ្នាំ ២០១៩ ហើយ​តាម​ពិត​អាល់ប៊ុម​នេះ​គ្រោង​ចេញ​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៩​ម្ល៉េះ។ ប៉ុន្តែ​ដោយ​សារ​ឆ្នាំ​មុន​ B.I ដែល​ជា​មេក្រុម​របស់ iKON និង​ជា​ផលិតករ​ដែរ​នោះ​ ត្រូវ​ចេញ​ពីក្រុម​ ទើប​ការ​ Comeback របស់​ក្រុម​ត្រូវពន្យារ​ពេល​ចេញ។ ចំណែក​ក្រុមហ៊ុន​ក៏​បាន​គិតគូរ​យ៉ាង​ហ្មត់ចត់​ពី​ស្នាដៃ​ដែល​បាន​ធ្វើ​រួច​កាល​ពី​ដើម​ឆ្នាំ ២០១៩នោះ។»

B.I

ជាក់​ស្ដែង​ ផលិតកម្ម​នេះ​ក៏​បាន​លើក​ឡើង​ដែរ​ថា​ B.I ក៏​ជា​អ្នក​ដែល​រួម​ចំណែកក្នុង​ការ​ធ្វើ​បទ​ទាំង​នេះ​ដែរ ប៉ុន្តែ​ដោយសារ​ការ​ចាកចេញ​របស់​លោក ដូចនេះ​ក្រុម​ក៏​ត្រូវ​ថត​បទ​ទាំង​នោះ​ជា​ថ្មី​ឡើង​វិញ​ ជាពិសេស​ជួស​កន្លែង​ដែល​មាន​ B.I រ៉េប ហើយ​ទំនុក​ច្រៀង​ខ្លះ​ក៏​ត្រូវ​កែសម្រួល​វិញដែរ។

ដូចនេះ​សរុប​មក​វិញ​ ផលិតកម្ម YG បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដងទៀត​ ក្រៅ​ពី​ B.I ក៏​នៅ​មាន​ផលិតករ​ដទៃទៀត​ប្រចាំ​ YG ដែល​រួម​បង្កើយ​អាល់ប៊ុម​ថ្មី​នេះ ជាមួយ​នឹង​សមាជិក​ក្រុម។ ជាមួយ​គ្នា​នោះ​ YG ក៏​មិន​ភ្លេច​សម្ដែង​នូវ​ការ​សោកស្ដាយ​សម្រាប់​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ ប៉ុន្តែ​ពី​ពេល​នេះ​តទៅពួកគេ​នឹង​ប្រឹង​អស់​ពីសមត្ថភាព​ ដើម្បី​ថែ​រក្សា​សមាជីក​នៅ​សល់​ទាំង​ ៦​ឲ្យ​មាន​សុវត្ថិភាព​បំផុត៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី