ចាន់ រតនា៖ "ខ្ញុំមិនភ្លេចខ្លួនទេទោះខានវ៉ៃយូរ តែងហ្វឹកហាត់ជាប្រចាំ១០០%"

  • 2020-01-29 06:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើគិតទៅអស់រយៈពេលប្រមាណជា ៥ ខែមកហើយ ដែល កំពូលអ្នកលេងក្បាច់គុនវាយដាក់ទ្រុងកម្ពុជា ចាន់ រតនា អវត្តមានពីសង្វៀនលំដាប់ពិភពលោក បន្ទាប់ពីឈ្នះកីឡាករជំនាញចំបាប់សញ្ជាតិគុយបា Gustavo Balart នៅក្នុងកម្មវិធី ONE:DREAMS OF GOLD កាលខែ សីហា ឆ្នាំ ២០១៩ ពេលរៀបចំនៅប្រទេសថៃ។

អ្នកតាមដាននៅកម្ពុជា ជាពិសេសអ្នកគាំទ្រតាមផេកផ្លូវការ ONE Championship កំពុងទន្ទឹងរង់ចាំទស្សនាការប្រកួតជាថ្មីរបស់ ចាន់ រតនា នៅឆ្នាំ ២០២០ បន្ទាប់ពីរូបគេបង្កើតប្រវត្តិសាស្ត្រជូនកម្ពុជាដោយឈ្នះរហូតដល់ ៣ លើកជាប់គ្នានៅសង្វៀនកម្រិតអន្តរជាតិនេះ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ រតនា ត្រូវបានអ្នកគាំទ្រជាច្រើនពាន់នាក់ចោទជាសំណួរ ថាពេលណាឡើងសង្វៀនវិញព្រោះខាន់វ៉ៃយូរហើយ។ អ្នកគាំទ្រ និង ស្រលាញ់ការវ៉ៃរបស់ រតនា បានចោទសួរផ្ទាល់ពេលកីឡាករគុនចម្រុះរូបនេះឡាយហ្វេសប៊ុក ពេលកំពុងហាត់ និង បានខមមិន ជាហូរហែផងដែរ។ ក្រៅពីនេះ តាមរយៈវិបសាយថ៍ ក្នុងស្រុកជាច្រើន រួមទាំងការបង្ហាញព័ត៌មានលើយូធូបនៅកម្ពុជា ក៏បានចោទសួរអំពីការចង់ដឹងឡើងសង្វៀនរបស់ ម្ចាស់ក្លិបសិល្បៈ រូបនេះដែរ។

បែបណាក្ដីឆ្លើយទៅនឹងចម្ងល់កន្លងមក ចាន់ រតនា ខ្លួនឯងបានបង្ហើបបែបនេះ៖«ខ្ញុំមិនភ្លេចខ្លួនទេទោះខានវ៉ៃយូរ។ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូបង្វឹកលើជំនាញផ្សេងៗ និងហ្វឹកហាត់ជាប្រចាំ១០០% មិនឲ្យភ្លេចខ្លួនឡើយ។ ខ្ញុំរង់ចាំជានិច្ចចំពោះការវិលត្រលប់មកសង្វៀន ONE វិញនាលពេលឆាប់ៗតាមរយៈការចាប់គូនៅឆ្នាំ ២០២០ នេះ»។

ក្នុងកំណត់ត្រាប្រកួត១០លើកកន្លងមក បុរសវ័យ ៣៣ ឆ្នាំប្រកួតតំណាងឲ្យកម្ពុជាត្រូវគេចាត់ទុកថាកីឡាករល្អបំផុតខាងគុនចម្រុះ ឬ MMA របស់កម្ពុជា។ ព្រោះរូបគេអាចទទួលជ័យជម្នះរហូតដល់ ៧ ដង និង ចាញ់ត្រឹម ៣ ដឹងប៉ុណ្ណោះ។ គេជាកីឡាករដែលឈ្នះច្រើនបំផុតនៅសង្វៀនលំដាប់ពិភពលោក ONE ជាងកីឡាករកម្ពុជាណាៗទាំងអស់។ រឿងរ៉ាវ ឬ កំណត់ត្រាដែលគេចង់ចាំមិនភ្លេចបានគឺ ជ័យជម្នះ៣លើកជាប់គ្នាចុងក្រោយនៅសង្វៀនលំដាប់ពិភពលោក ONE ។ ទាំង៣លើកនោះ គឺ ឈ្នះ Abrou Fernandes និង Rudy Agustian ដែលជាកីឡាករឥណ្ឌូណេស៊ី និងបន្តឈ្នះពិន្ទុលើ Gustavo Balart កាលពាក់កណ្ដាលខែ សីហា ឆ្នាំ ២០១៩ កន្លងទៅនៅប្រទេសថៃ។

ជាមួយគ្នាអំពីសំណួរចាក់ដោយរហូតមក គ្រូបង្វឹករបស់ ចាន់ រតនា សញ្ជាតិអ៊ីតាលី លោក Lorenzo បានបញ្ជាក់បែបនេះ៖«យើងបង្វឹក រតនា អំពីការគេគេចវេសពីការប៉ងផ្ដួលរបស់គូប្រកួត និង សំងំបង្វឹកផ្នែកកម្លាំងស៊ុហ្វឲ្យល្អដើម្បីឲ្យមានការប្រកួតទាក់ទាញរហូតដល់ចប់ទឹក។ មិនចង់ឲ្យ រតនា អស់ស៊ុហ្វមុនចប់ការប្រកួតទេ។ ព្រោះយើងដឹងថាគូប្រជែងរបស់យើងនឹងខ្លាំងជាងមុនៗ។ មិនយូរទេ រតនា កំពុងរងចាំការចាប់គូ និង ត្រៀមរួចរាល់ហើយ»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕ អត្ថបទ៖ ស៊ីធី

អត្ថបទ៖ ហេង សុធារិទ្ធិ