សិល្បករ លាង ស៊ីកន បញ្ចេញបទចម្រៀង ៣៦បទ និងបង្ហាញស្នាដៃថ្មីបង្កប់ខ្លឹមសារអប់រំស៊ីជម្រៅ

  • 2020-01-31 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករសហសម័យផ្នែកគំនូរ ចម្លាក់ និងដំឡើង ល្បីឈ្មោះលំដាប់អន្តរជាតិ លោក លាង ស៊ីកន បានសម្ពោធដាក់ឲ្យទស្សនាដោយសេរីនូវស្នាដៃសិល្បៈគំនូរ ចម្លាក់ និងដំឡើងថ្មីចំនួន៩ និងបទចម្រៀងនិពន្ធ និងចម្រៀងខ្លួនឯងចំនួន៣៦បទ នៅវិចិត្រសាល Meta House រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៩ មករា ២០២០កន្លងទៅ។

លោក លាង ស៊ីកន សិល្បករសហសម័យ

លោក លាង ស៊ីកន បានលើកឡើងបញ្ជាក់ពីអត្ថន័យ ខ្លឹមសារ ស្នាដៃសិល្បៈគំនូរ ចម្លាក់ និងដំឡើង​ថ្មី​ចំនួន​៩ និងបទចម្រៀងនិពន្ធច្រៀង​ខ្លួនឯង៣៦បទ​របស់លោក​​ថ្ងៃសម្ពោធថា ផ្ទាំងគំនូរ វត្ថុ​ បទចម្រៀង​ទាំងអស់បានបង្កប់នូវខ្លឹមសារស៊ីជម្រៅ​ពី​ពិភពលោក​ទាំងមូល វា​បង្កប់​នៅ​អត្ថន័យទាក់ទងនឹងការរស់នៅរបស់មនុស្សនៅលើពិភពលោកចេះប្រស្រ័យទាក់ទងគ្នា ស្រលាញ់គ្នា ប្រកបដោយសន្តិភាព, ការការពារបរិស្ថាន, ការវិវឌ្ឍន៍នៃបច្ចេកវិទ្យា, វប្បធម៌នៃមនុស្សទាំងអស់នៅលើពិភពលោក, ការផ្លាស់ប្តូរនៃពិភពលោក, និរន្តភាពពិភពលោក, ប្រវត្តិសាស្ត្រ​, ពាណិជ្ជកម្ម និងទស្សៈវិទ្យាបែបស៊ីជម្រៅ។

ភ្ញៀវជាតិ អន្តរជាតិ ចូលរួមថ្ងៃបើកសម្ពោធស្នាដៃសិល្បៈរបស់លោក លាង ស៊ីកន

លោក​បន្តថា <<បទចម្រៀងទាំង៣៦ក៏បានបង្កប់នៅទស្សនៈវិជ្ជាបែបស៊ីជម្រៅ ការលួងលោមបំពេ​អារម្មណ៍ឲ្យអ្នកស្តាប់ប្រសើរឡើង និងមានទាក់ទងនឹងស្នាដៃគំនូរ ចម្លាក់ និងដំឡើងផងដែរ។ មានន័យថា គំនូរមួយផ្ទាំង​ចម្រៀងមួយបទ ចម្លាក់មួយចម្រៀងមួយ និយាយរួម​ធ្វើយ៉ាងណាឲ្យគំនូរ ចម្លាក់ និងចម្រៀង របស់ទាំង៣នេះរួមគ្នាតែមួយ>>។

លោក លាង ស៊ីកន សម្តែងនៅថ្ងៃបើកសម្ពោធពិព័រណ៌កាលពីម្សិលមិញ

មូលហេតុដែលសិល្បករល្បីលំដាប់អន្តរជាតិរូបនេះងាកមកនិពន្ធចម្រៀងថ្មីវិញ​ លោក ស៊ីកនបញ្ជាក់ថា <<តាមពិតទៅខ្ញុំក៏មានចំណង់ចំណូលចិត្តផ្នែកចម្រៀងនេះតាំងពីខ្ញុំធ្វើការនៅវិទ្យុនៅខេត្តមកម្លេះ តន្ត្រីសំខាន់ណាស់សម្រាប់ខ្ញុំ វាបានរុញ និងកែប្រែជីវិតខ្ញុំប្រសើរឡើង អីចឹងបានខ្ញុំបានភ្ជាប់តន្ត្រី ទៅនឹងការងារសិល្បៈឲ្យកាន់តែលេចធ្លោឡើង ធ្វើ់យ៉ាងណាឲ្យខ្មែរស្គាល់នូវអត្តសញ្ញាញ ទាំងស្នាដៃសិល្បៈ និងបទចម្រៀងរបស់ខ្ញុំគឺមានរសជាតិ អារម្មណ៍ ឈាមជ័រ ពណ៌សម្បុរជាខ្មែរ>>។

អ្នកចូលរួមកំពុងទស្សនាផ្ទាំងគំនូរដែលជាស្នាដៃរបស់ លោក លាង ស៊ីកន

ការតែងនិពន្ធបារ៉ូល និងទំនុកច្រៀង ចម្រៀងថ្មីទាំង៣៦បទនេះលោក លាង ស៊ីកន ប្រើពេញរហូត​ដល់១ឆ្នាំ ៤ខែ រយៈពេលយូរបែបនេះគឺដោយសារតែលោកយកពេលទំនេរពីការងារ​មកធ្វើតែប៉ុណ្ណោះ។ គិតត្រឹមថ្ងៃបើសម្ពោធលោកបានផលិតចេញបានចំនួន១០បទហើយ បទដែលនៅ​សល់លោក​នឹង​ផលិត​បន្តទៅថ្ងៃមុខទៀត។ បទចម្រៀងថ្មី១០បទនេះមានលោក ធុច សាវ៉ាង លោកគ្រូ បា និងលោក យង់ ពៅ ជាអ្នកសម្រួលតន្ត្រី និងបទភ្លេង។

បន្ទាប់ពីការដាក់តាំងបង្ហាញ និងសម្តែង នៅភ្នំពេញចប់ស្នាដៃសិល្បៈថ្មីទាំង៩ និងបទចម្រៀងរបស់​សិល្បករសហសម័យខ្មែររូបនេះនឹងត្រូវយកទៅតាំង និងសម្តែងបន្តរយៈពេលមួយខែពេញនៅ វិចិត្រសាល ROSSI & ROSSI នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ផងដែរ៕

រូបភាពសកម្មភាពសម្តែង និងច្រៀងរបស់លោក លាង ស៊ីកន ថ្ងៃបើកសម្ពោធពិព័រណ៌

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម
អត្ថបទថ្មី