អាណិត​ណាស់! Dembele ទើប​តែ​មក​ហាត់ ឥឡូវ​របួស​ទៀត

  • 2020-02-05 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ousmane Dembele ទើប​តែ​មក​ហ្វឹកហាត់​​ជា​លើក​ដំបូង​ជាមួយ​ក្រុម កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ បន្ទាប់​ជា​ពី​របួស​សរសៃ​ពួរ ប៉ុន្តែ​​ពេល​អំឡុង​ហ្វឹកហាត់ ស្រាប់​តែ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ មាន​បញ្ហា​សាច់​ដុំ​ជើង​ស្ដាំ​ជា​ថ្មី។ ​

ខ្សែ​ប្រយុទ្ធ Dembele លេង​បាន​តែ ៥​ប្រកួត​ប៉ុណ្ណោះ​ឱ្យ Barca ក្នុង​រដូវ​កាល ២០១៩-២០២០ នេះ និង​រក​បាន​១គ្រាប់។ បញ្ហា​របួស​បាន​ធ្វើ​ឱ្យ​រូប​គេ​អវត្តមាន​យ៉ាង​យូរ​ពី​ទីលាន​វាលស្មៅ ហើយ​បាន​បង្កើត​ឱ្យ​មាន​សំណួរ​ជាច្រើន សួរ​​​អំពី​អនាគត​របស់​តារា​ឆ្នើម​រូប​នេះ​ជាមួយ​នឹង​ក្លឹប​។

ជុំវិញ​បញ្ហា​នេះ​អ្នក​ចាត់​ការ​ថ្មី​របស់ Barca លោក Quique Setien បាន​ឱ្យ​ដឹង​កាល​ពី​សប្ដាហ៍​មុន​ថា Dembele នឹង​វិល​ត្រឡប់​មក​វិញ ហើយ​​ដូចជា​ការ​ចុះ​កុងត្រា​ថ្មី ​ឱ្យ​​ក្លឹប​អ្នកមាន​បុណ្យ​អ៊ីចឹង​។ មិន​តែ​ប៉ុណ្ណោះ​ លោក​ថែម​ទាំង​សរសើរ​ចំពោះ ការ​លះបង់ និង​ភាព​ខ្លាំង ដែល Dembele បាន​បង្ហាញ​ឱ្យ​លោក​ឃើញ​ពេល​ហ្វឹកហាត់។ ​​

ក្រៅ​ពី Dembele ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Luis Suarez ក៏​របួស​ដូច​គ្នា ពោល​គឺ​ត្រូវ​សម្រាក​ព្យាបាល​រយៈ​ពេល​បួន​ខែ។

កីឡាករវ័យ ២២ឆ្នាំ បាន​អវត្តមាន​ក្នុងជំនួប Barca ឈ្នះ Levante ២-១ កាល​ពី​ថ្ងៃ​អាទិត្យ ខណៈកីឡាករ​វ័យទើបរៈ ១៧​ឆ្នាំ Ansu Fati បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ ដោយ​រក​បាន​២គ្រាប់​ម្នាក់​ឯង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ