អ៉ីស្រាអែល ហាមពលរដ្ឋថៃ អត់ឲ្យចូលប្រទេសខ្លួន

  • 2020-02-20 00:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃបានអំពាវនាវឲ្យអ៉ីស្រាអែលពិនិត្យឡើងវិញ នូវការសម្រេចចិត្តរបស់ខ្លួន ក្នុងការហាមឃាត់ជនជាតិថៃមិនឲ្យចូលប្រទេសខ្លួន ក្នុងគោលបំណងដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19)។

ជាលទ្ធផលនៃការហាមឃាត់នេះ ក្រសួងការងារថៃ នឹងត្រូវពន្យាពេលបញ្ជូនពលករថៃទៅប្រទេសអ៉ីស្រាអែល ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

យោងតាមស្ថានទូតថៃប្រចាំនៅទីក្រុង Tel Aviv អាជ្ញាធរប្រជាជន និងអន្តោប្រវេសន៍របស់អ៉ីស្រាអែល បានរារាំងចំពោះអ្នកទាំងឡាយណា ដែលបានទៅប្រទេសថៃ ម៉ាកាវ សិង្ហបុរី និងហុងកុង ក្នុងអំឡុងពេល ១៤ថ្ងៃកន្លងមកនេះ។

យ៉ាងណាមិញ ប្រទេសថៃសង្ឃឹមថាអ៉ីស្រាអែលនឹងពិនិត្យមើលឡើងវិញនូវបម្រាមនេះ បន្ទាប់ពីបានដឹងអំពីវិធានការដែលប្រទេសថៃកំពុងចាត់ការ ក្នុងការទប់ទល់នឹងវីរុសកូរ៉ូណា ដើម្បីផ្តល់នូវទំនាក់ទំនងកាន់តែល្អប្រសើររវាងប្រទេសទាំងពីរ។

លោក Meir Shlomo ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំនៅថៃ បានប្រាប់កាសែត Bangkok Post កាលពីថ្ងៃពុធថា ការសម្រេចរបស់ក្រសួងសុខាភិបាលអ៉ីស្រាអែល គឺមានគោលបំណងរារាំងការរីករាលដាលនៃវីរុសកូរ៉ូណាទៅកាន់ប្រទេសអ៉ីស្រាអែលប៉ុណ្ណោះ៕

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង