ព្រឹទ្ធបុរស អន សុភៈ៖ ទោះបីចាស់ទ្រុឌទ្រោម ឬជិះរទេះរុញក៏ខ្ញុំនៅជួយសិល្បៈ
- 2020-02-25 02:39:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹទ្ធបុរស អន សុភៈ៖ ទោះបីចាស់ទ្រុឌទ្រោម ឬជិះរទេះរុញក៏ខ្ញុំនៅជួយសិល្បៈ
ចន្លោះមិនឃើញ
ព្រឹទ្ធបុរសផ្នែកល្ខោននិយាយ និងជាសិល្បករជើងចាស់ លោក អន សុភៈ ចង់ប្រើពេលវេលាដែលនៅសល់ក្នុងជីវិតរបស់លោក ដើម្បីបង្កើតស្នាដៃតែងនិពន្ធបន្ថែម និងចងក្រងឯកសារស្ដីពីសិល្បៈនាដកម្ម ឬល្ខោននិយាយ សម្រាប់កូនចៅខ្មែរ។
លោក អន សុភ៖ "ខ្ញុំនៅតែមានឆន្ទៈបណ្ដុះបណ្ដាលឲ្យកូនខ្មែរយើងបានចេះដឹងពីសិល្បៈនាដកម្ម ឬល្ខោន។ មួយទៀតខ្ញុំក៏នឹងស្រាវជ្រាវចងក្រងជាសៀវភៅមួយដែលបង្ហាញពីក្បួនខ្នាតក្នុងការសម្ដែង និងតែងនិពន្ធសម្រាប់ក្មេងៗជំនាន់ក្រោយ"។
ក្រឡេកមកមើលពីប្រវត្ដិតស៊ូរបស់តារាជើងចាស់ម្នាក់នេះវិញក៏កំសត់ណាស់ដែរ។ ក្នុងសម័យខ្មែរក្រហម លោក អន សុភៈ ប្រឈមនឹងការបាត់បង់ជីវិតជាច្រើនដង ដោយសារបញ្ហាសុខភាព និងការស្រេកឃ្លាន។ ក្រោយរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ រូបលោក រស់នៅដោយគ្មានទីពឹង ព្រោះឪពុក-ម្ដាយ និងសមាជិកគ្រួសាររបស់លោកបានស្លាប់អស់ក្នុងខ្មែរក្រហម។
ដោយមើលឃើញថាលោក អន សុភៈ ធ្លាប់រៀនសិល្បៈនាដកម្ម ឬល្ខោននិយាយ ព្រមទាំងមានទេពកោសល្យផ្នែកនេះផង បានធ្វើឲ្យលោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលជាអតីតរដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់អារម្មរណ៍ ហើយយករូបលោកទៅចិញ្ចឹមបីបាច់ដូចជាកូនបង្កើត។
ចាប់តាំងពីពេលនោះហើយ ដែលរូបលោកអន សុភៈ ទទួលបានការព្យាបាលជំងឺប្រចាំកាយយ៉ាងយកចិត្ដទុកដាក់រហូតដល់ជាសៈស្បើយ ហើយលោកក៏មានឱកាសចូលបង្រៀនសិស្ស និងបញ្ចេញស្នាដៃជាបន្ដបន្ទាប់រហូតមកដល់សព្វថ្ងៃ។
លោក អន សុភៈ៖ "បើទោះបីជាខ្ញុំចាស់ទ្រុឌទ្រោមនៅលើរទេះរុញ ក៏ខ្ញុំនៅអាចបម្រើជាតិ និងជួយកូនខ្មែរបាន ព្រោះយើងចាស់តែរូបកាយតើ តែប្រាជ្ញាស្មារតីយើងនៅមាន ដូច្នេះពីពេលនេះទៅមុខខ្ញុំនៅតែប្រឹងប្រែងក្នុងវិស័យសិល្បៈនេះដដែល"។
ព្រឹទ្ធបុរស អន សុភៈ បានបញ្ចេញសមត្ថភាពតែងនិពន្ធ និងដឹកនាំរឿង ព្រមទាំងបានសម្ដែងក្នុងតួអង្គសំខាន់ចំនួនពីរ គឺទី១ រឿង"ថៅកែចិត្ដចោរ" និងទី២ រឿង"អន្ទាក់ស្នេហ៍"។ ស្នាដៃទាំងពីរបរស់លោកចុងក្រោយនេះ ទទួលបានការគាំទ្រផ្ទាល់ និងចាប់អារម្មរណ៍យ៉ាងខ្លាំងពីមហាជនដែលធ្លាប់បានទស្សនា ហើយរឿងអន្ទាក់ស្នេហ៍ក៏កំពុងបញ្ចាំងតាមរោងភាពយន្ដដែរ៕