ឡានកម្លាំងខ្លាំងជាងគេក្នុងលោក នឹងចូលរោងចក្រផលិតឆាប់ៗ

  • 2020-02-26 08:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​អង់គ្លេស Lotus នឹង​ចាប់​ផ្ដើម​ផលិត​រថយន្ត​ Evijas សម្រាប់​អតិថិជន​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​ពេល​នេះ​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ដំណាក់​កាល​ចុង​ក្រោយ​មួយ​ទៀត។

ដើម្បី​​ឆ្លង​កាត់​បាន​ Lotus បាន​រៀប​ចំ​រោងចក្រ​​ផលិត​រថយន្ត​ថ្មី​របស់​ខ្លួន ដើម្បី​ផលិត​រថយន្ត​សាក​ល្បង​ចុង​ក្រោយ។ រូបភាព និង​វីដេអូ​ថ្មី​​មួយ​ចំនួន​អាច​ឲ្យ​ឃើញ​​ថា​រោងចក្រ​ផលិត​រថយន្ត​ Lotus មាន​សភាព​​បែប​ណា​ខ្លះ។

Evija គឺ​ជា​រថយន្ត​មហា​កម្លាំង​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​ ដែល​ Lotus សង្ឃឹម​ថា​នឹង​ជា​រថយន្ត​ផលិត​លក់​លើ​ទីផ្សារ​មួយ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​លោក។ រថយន្ត​នេះ​ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​សម្រាប់​កង់​នីមួយៗ​ ដែល​មាន​អាគុយ​ទំហំ ៧០ គីឡូវ៉ាត់​ម៉ោង។ Lotus អះអាង​ថា​វា​អាច​បង្កើត​កម្លាំង​បាន​ ១៩៧៣ សេះ និង​អាច​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​មិន​ដល់ ៣ វិនាទី និង​អាច​ស្ទុះ​ពី ០ ដល់ ៣០០ គ​.ម/ម៉ ក្នុង​ពេល​មិន​ដល់​ ៩ វិនាទី ជា​មួយ​ល្បឿន​អតិបរមា​ ៣២១ គីឡូម៉ែត្រ​/ម៉។

រឹត​តែ​អស្ចារ្យ​នោះ​គឺ​​ល្បឿន​នៃ​សាក​ភ្លើង​អាគុយ​រថយន្ត​ ដោយ​​ក្នុង​ពេល​មិន​ដល់​ ១០ នាទី វា​អាច​សាក​ភ្លើង​ពេញ និង​បើកបរ​បាន​ចម្ងាយ​ ៤០០ គីឡូម៉ែត្រ។ Lotus នឹង​​ផលិត​រថយន្ត​នេះ​ត្រឹម ១៣០ គ្រឿង​ប៉ុណ្ណោះ ដោយ​វា​អាច​មាន​តម្លៃ​​ចន្លោះ​ពី ១,៨ លាន​ដុល្លារ ទៅ ២,៥ លាន​ដុល្លារ៕​

ប្រភព៖ autoblog   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម